ការពិនិត្យការងាររបស់សមាជិកសហគមន៍កសិកម្មខ្ពបអាទាវ ផលិតកម្មបន្លែ និងការចែករំលែកចំណេះដឹង និងបច្ចេកទេសដាំដុះជូនដល់សមាជិកសហគមន៍កសិកម្ម នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានពិនិត្យការងាររបស់សមាជិកសហគមន៍កសិកម្មខ្ពបអាទាវ ផលិតកម្មបន្លែ និងការចែករំលែកចំណេះដឹង និងបច្ចេកទេសដាំដុះជូនដល់សមាជិកសហគមន៍កសិកម្ម នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក។
លទ្ធផលសម្រេចបាន៖
– ពិនិត្យ និងតាមដានដំណើរការរៀបចំដី ការថែទាំដំណាំ ការប្រមូលផល និងការទិញលក់របស់សមាជិកសហគមន៍កសិកម្ម ដែលកំពុងអនុវត្ត ជាប្រចាំថ្ងៃ
– ពិនិត្យការផលិតរបស់កសិករនាំមុខ នឹម ឯក តាមបច្ចេកទេស និងបទពិសោធន៍ដែលបានរៀន ពីសហគមន៍កសិកម្មតាសីសាមគ្គី នៅខេត្តបាត់ដំបង។ កសិករនាំមុខនេះ ក៏បានចែករំលែកចំណេះដឹង ជាប្រចាំខែ ដោយ ២លើក/ខែ ទៅដល់សមាជិកមួយចំនួន តាមក្រុមផលិត និងតាមដីចម្ការជាប់គ្នា តាមរយៈកិច្ចប្រជុំសហគមន៍កសិកម្ម និងការចុះជួបផ្ទាល់ ករណីមានការស្នើសុំឱ្យជួយ
– លោក នឹម ឯក មានផ្ទះសំណាញ់ ១ ខ្នង ទំហំ ១០ម៉ែត្រ x ២៤ម៉ែត្រ ដែលអាចប្រមូលផល ៨០០គីទ្បូក្រាម/វគ្គ និងនៅទីវាល លើផ្ទៃដីផលិតកម្មទំហំ ១ ០០០ម៉ែត្រការេ ដែលអាចផលិត និងលក់បន្លែស្លឹក (ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃឡៃស៊ីម ស្ពៃខៀវ ស្ពៃចង្កិះ) អាចនឹងប្រមូលផលបាន ចន្លោះពី ១៥០គីទ្បូក្រាម ទៅដល់ ៣០០គីទ្បូក្រាម/ថ្ងៃផងដែរ
– ពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងណែនាំអំពីទម្រង់ប្រមូលទិន្នន័យបញ្ជីឈ្មោះគ្រួសារកសិករ ដែលទទួលបានឱកាសការងារពីសហគ្រាស និងសហគមន៍កសិកម្ម ក្នុងឃុំខ្ពបអាទាវ ដើម្បីប្រមូលបញ្ចូលក្នុងប្រពន្ធ័ MIS
– ផ្សព្វផ្សាយ និងណែនាំបន្ថែម អំពីគោលការណ៍ឥណទាន ពីធនាគារ ARDB ជូនដល់គ្រួសារកសិករ ដែលជាសមាជិកសហគមន៍កសិកម្ម យកទៅពង្រីកផលិតកម្មបន្ថែម ជាពិសេសការផលិតបន្លែក្នុងផ្ទះសំណាញ់ ឈានទៅការធ្វើកិច្ចសន្យាប្រមូលទិញ ដែលមានតម្លៃល្អប្រសើរជាងបច្ចុប្បន្ន។











