ការប្រគល់វិញ្ញាបនបត្រ សៀវភៅ និងស្លាកសញ្ញាសហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មរោងគោសាមគ្គីអភិវឌ្ឍ នៅខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រគល់វិញ្ញាបនបត្រ សៀវភៅ និងស្លាកសញ្ញាសហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មរោងគោសាមគ្គីអភិវឌ្ឍ នៅឃុំរោងគោ ស្រុកក្រឡាញ់ ដែលមានអ្នកចូលរួមសរុប ១៣ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់លោកមេឃុំ និងលោកអភិបាលរងស្រុក រួចមក លោក ប៉ែន ប៊ុនធឿន បានមានប្រសាសន៍ជម្រាបជូនអំពី ការគាំទ្រ របស់កម្មវិធី ASPIRE-AT គោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម ព្រមទាំងបានជម្រាបជូនអំពី គោលការណ៍ និងលក្ខន្តិកតម្រូវ ដើម្បីទទួលបានឥណទានពីធនាគារ ARDB ក្នុងក្របខណ្ឌកម្មវិធី។ ជាមួយគ្នានេះដែរ លោកប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត ក៏បានផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ឱ្យខិតខំយកចិត្ដទុកដាក់ អនុវត្តតួនាទីភារកិច្ច ឱ្យបានល្អ ជាពិសេសត្រូវហ៊ានលះបង់ពេលវេលា ដើម្បីបំពេញការងារជាផលប្រយោជន៍សហគមន៍កសិកម្មទាំងមូល។ បន្ទាប់មក លោកប្រធាន ក៏បានប្រគល់វិញ្ញាបនបត្រ សៀវភៅ និងស្លាកសញ្ញាសហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មជាផ្លូវការ ដើម្បីបញ្ជាក់អំពី ការទទួលស្គាល់ និងភាពស្របច្បាប់របស់សហគមន៍កសិកម្មរោងគោសាមគ្គីអភិវឌ្ឍ។



