ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)
ភ្នំពេញ – នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តកម្មវិធី ASPIRE-AT ដោយមានការចូលរួមរបស់មន្ត្រីកម្មវិធី និងមន្ត្រីសភាពាណិជ្ជកម្មកម្ពុជា ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា ដែលនៅក្នុងនោះ កម្មវិធី ASPIRE-AT នឹងជួយពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការកែច្នៃ និងធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។
នៅក្នុងពិធីនោះ ឯកឧត្តមអគ្គនាយក និងឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីតួនាទី និងភារកិច្ចសំខាន់ៗ ព្រមទាំងសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នទាំង ២ សំដៅផ្តល់ផលប្រយោជន៍ជូនគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម ដែលរួមមានកសិករ និងវិស័យឯកជន ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកអំពីការយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ ពោលគឺដើម្បីអភិវឌ្ឍវិស័យកសិកម្ម សំដៅរក្សាសន្តិសុខស្បៀងនៅក្នុងប្រទេស ព្រមទាំងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ដោយការបញ្ចូលបច្ចេកវិទ្យាទំនើប និងគ្រឿងយន្ត ។ ដើម្បីសម្រេចបានជោគជ័យ កិច្ចសហការជាមួយវិស័យឯកជន ជាកត្តាដ៏សំខាន់ ជាពិសេសនៅក្នុងស្ថានភាពដែលផលិតកម្មកសិកម្មមួយភាគធំត្រូវបានធ្វើ ដើម្បីលក់យកប្រាក់ ឬ ធ្វើពាណិជ្ជកម្ម ។








