Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានចូលរួមសហការដឹកនាំកិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការតម្រង់ទិស នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានចូលរួមសហការដឹកនាំកិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការតម្រង់ទិស នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

 

 

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឋានៈជាសហប្រធាននៃគណៈកម្មាធិការតម្រង់ទិសគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បានសហការជាមួយ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការនេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។
កិច្ចប្រជុំ ដែលត្រូវបានចូលរួមដោយសមាជិកគណៈកម្មាធិការតម្រង់ទិស ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង សរុបប្រមាណ ៧៥ នាក់នេះ មានគោលបំណងជាសំខាន់ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពរបស់គម្រោង និងកំណត់ទិសដៅដើម្បីអនុវត្តសកម្មភាពជាបន្ត ។
នៅក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការបានអបអរសាទរចំពោះការគ្រប់គ្រង និងអនុវត្តគម្រោង ដែលជាការអនុវត្តជាក់ស្តែងនូវគោលគំនិតនៃក្រសួងទាំង ២ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង និងស្ថាប័នផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មជាតិ ។
ឯកឧត្តមបានសម្តែងនូវក្តីរីករាយក្នុងការគាំទ្រការធ្វើឱ្យសម្រេចនូវគោលដៅ និងគោលបំណងរបស់គម្រោង គឺ ៖១) ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខទឹក និង ២) បង្កើនប្រាក់ចំណូលជូនកសិករ ។
ការធ្វើឱ្យប្រសើរនូវសន្តិសុខទឹក គឺ ៖
១) ធ្វើឱ្យទឹកស្អាត ពោលគឺមិនបង្កផលប៉ះពាល់ដល់មនុស្ស សត្វ និងដំណាំ ដោយត្រូវគ្រប់គ្រងផ្ទៃរងទឹកភ្លៀង ទីជម្រាល ឬ អាងស្ទឹងឱ្យបានល្អ គឺមិនធ្វើសកម្មភាពផ្សេងៗដែលបំពុលទឹក ដូចជាការប្រើប្រាស់ជី និងថ្នាំកសិកម្មមិនត្រឹមត្រូវ និងការបញ្ចេញកាកសំណល់មិនល្អផ្សេងៗ ដោយមិនបានធ្វើប្រព្រឹត្តម្ម ពោលគឺធ្វើឱ្យផ្ទៃរងទឹកភ្លៀងត្រង និងច្រោះទឹកបានល្អ
២) ធ្វើឱ្យសម្បូណ៌ទឹក ពោលគឺបង្កើនសមត្ថភាពរបស់អាងស្តុកទឹក និងផ្ទៃរងទឹកភ្លៀង និង
៣) ធ្វើឱ្យមិនខ្វះទឹក ឬ ប្រើទឹកបានយូរ ទោះបីមានបញ្ហាអាកាសធាតុ ដោយបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃទឹក ដូចជាការស្រោចស្រពជាដំណក់ ការដាំដុះនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់ប្រភេទ និងពូជដំណាំដែលមិនសូវត្រូវការទឹក ។ល។
ឯការបង្កើនប្រាក់ចំណូល ឬ ប្រាក់ចំណេញរបស់កសិករ គឺជាការយកចិត្តទុកដាក់ដ៏ខ្លាំងរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង និងស្ថាប៍នពាក់ព័ន្ធ ។ ក្នុងន័យនេះ ទន្ទឹមនឹងសហការជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងតម្រង់ទិស និងសហការជាមួយគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃកសិផល សំដៅធ្វើឱ្យខ្សែច្រវាក់តម្លៃមាននិរន្តរភាព ពោលគឺគ្រប់តួអង្គបានទទួលផលដោយសមធម៌ ។
ការបង្កើន ឬ កែលម្អប្រព័ន្ធធារាសាស្ត្រ និងផ្លូវភ្ជាប់កសិដ្ឋាន ព្រមទាំងការបញ្ចូលប្រើប្រាស់បច្ចេកវិទ្យាសមស្រប ដូចជាការប្រើប្រាស់ជី និងថ្នាំឱ្យកាន់តែមានប្រសិទ្ធភាព និងការបញ្ចូលប្រើប្រាស់គ្រឿងយន្តដើម្បីបង្កើនផលិតភាពការងារ និងគុណភាពកសិផល ជាដើម ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម ។
បន្ទាប់ពីអង្កប្រជុំបានស្តាប់បទបង្ហាញ និងពិភាក្សាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវរួចមក ឯកឧត្តមរដ្ឋលេខាធិការបានបូកសរុបលទ្ធផលដូចតទៅ ៖
ជារួម កិច្ចប្រជុំបានសម្រេចលទ្ធផលដែលបានគ្រោង ពោលគឺអ្នកចូលរួមទាំងអស់បានដឹងកាន់តែច្បាស់អំពីគោលនយោបាយជាតិដែលពាក់ព័ន្ធ ព្រមទាំងព័ត៌មាន វឌ្ឍនភាព និងបញ្ហាប្រឈមរបស់គម្រោង ហើយបានកំណត់ដំណោះស្រាយសមស្រប និងកិច្ចការដែលតួអង្គទាំងអស់ត្រូវចូលរួមអនុវត្តបន្ត ។
អង្គប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើឱ្យមានទឹកស្អាតកាន់តែច្រើន ដោយកែលម្អការគ្រប់គ្រងផ្ទៃរងទឹកភ្លៀង ឬ អាងស្ទឹង និងបង្កើនសមត្ថភាពរក្សាទឹករបស់អាង ។
អង្គប្រជុំបានទទួលស្គាល់វិភាគទានដ៏សំខាន់របស់គម្រោងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការធ្វើឱ្យវិស័យនេះកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយកសិករ និងសហគមន៍កសិកម្មទទួលបានប្រាក់ចំណេញសមស្រប ។

 

 

Leave a Reply

Your email address will not be published.