ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួននៃសហគមន៍កសិកម្មរមទមសាមគ្គី និងសហគមន៍កសិកម្មរមណីយ៍សាមគ្គី
កម្មវិធី ASPIRE-AT ខេត្តព្រះវិហារ៖
——————————–
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានដឹកនាំដោយលោក ខែង សុវណ្ណរតនា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក កែម វិច្ឆិកា មន្រ្តីត្រួតពិនិត្យតាមដាន និងវាយតម្លៃ និងអ្នកសម្របសម្រួលកម្មវិធី ទៅជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកមួយចំនួននៃសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ដែលកំពុងអនុវត្តខ្សែច្រវាក់ផលិតកម្មសំខាន់ចំនួន៣ គឺស្រូវ ដំឡូងមី និងស្វាយចន្ទី មានទីតាំងនៅភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ដើម្បីធ្វើការវាយតម្លៃសហគមន៍កសិកម្មពេញលក្ខណៈ ដែលមានអ្នកចូលរួមសរុបចំនួន ៨នាក់ (ស្រី ២នាក់)។ យោងតាមការរាយការណ៍ក្នុងការជួបប្រជុំ សហគមន៍កសិកម្មនេះ មានសមាជិកសរុប ៣៣៦នាក់ (ស្រី ២១៣នាក់) ចំណែកសមាជិកកសិករដាំស្វាយចន្ទីសរុបមានចំនួន ១៨៩នាក់ មានផ្ទៃដីដាំស្វាយចន្ទីសរុប ៤៧៦ហិតា។ ក្នុងឆ្នាំកន្លងមកមានកុងត្រាទិញ ៣០០តោនជាមួយក្រុមហ៊ុនអឹមរូរ៉ៃ។
បន្ទាប់មក ក៏បានជួបប្រជុំជាមួយសហគមន៍កសិកម្មរមណីយ៍សាមគ្គី ដែលមានទីតាំងនៅភូមិពោធិ ឃុំរមណីយ៍ ស្រុករវៀង ដែលបានវាយតម្លៃពេញលក្ខណៈ ដោយមានអ្នកចូលរួមសរុប ១០នាក់ (ស្រី ១នាក់)។ សហគមន៍កសិកម្មនេះ មានសមាជិកសរុប ២១០នាក់ (ស្រី ១៣១នាក់) ចំណែកឯសមាជិកដាំស្វាយចន្ទីសរុបមាន ១៨០នាក់ ដែលមានផ្ទៃដីដាំស្វាយចន្ទីសរុប ៥៧០ហិតា។