ក្រុមការងារទទួលបន្ទុកកម្មវិធីបានត្រួតពិនិត្យពីវឌ្ឍនភាព របស់សមាជិកបណ្តុំអាជីវកម្មបន្លែ ការប្រមូលកសិផល និងការចិញ្ចឹមគោបំប៉នយកសាច់ | ខេត្តស្វាយរៀង
កម្មវិធី ASPIRE ខេត្តស្វាយរៀង៖
====================
ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
-ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត និងលោក ជិន វណ្ណា អនុប្រធានការិយាល័យគ្រឿងយន្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានត្រួតពិនិត្យមើលការដំណើរការបណ្តុំអាជីវកម្ម ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បានតាមដានវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្មបំប៉នគោលក់ នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ និងបានជួបបងស្រីម្ចាស់ផ្ទះ ដែលជាសមាជិកបណ្តុំអាជីវកម្មបំប៉នគោលក់។ សព្វថ្ងៃនេះគាត់មានចិញ្ចឹមគោទាំងតូចទាំងធំ ចំនួន១៨ក្បាល ចាប់តាំងពី ខែឧសភា ឆ្នាំ២០២២។
កន្លែងចិញ្ចឹមគោមានទ្រុងពីរ កន្លែងរក្សាទុកចំបើង និងដាំស្មៅសម្រាប់ទុកជាចំណីគោផងដែរ។ គាត់នឹងលក់គោ ៤-៥ក្បាល នៅរដូវប្រាំងខាងមុខនេះ ដោយក្នុងគោ១ក្បាល អាចមានតម្លៃ ២-៤ លានរៀល តាមប្រភេទ និងទំងន់គោ។ គាត់ថាគោស្រួលមើលថែចិញ្ចឹមធន់នឹងជំងឺ មិនសូវចំណាយដើមទុនលើចំណីច្រើន។
-ក្រុមការងារបានបន្តពិនិត្យការដាំដុះរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅក្នុងភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ និងបានជួបកសិករ នៅ ចំណាន ដែលបានកំពុងដាំ និងប្រមូលផលត្រសក់ជាបន្តបន្ទាប់លើផ្ទៃដី ៥,៧០០ម៉ែត្រការ៉េ។ គាត់ប្រមូលផលត្រសក់ក្នុង១ថ្ងៃ ១០០គីឡូក្រាម បានក្នុងរយៈពេល២០ថ្ងៃមកហើយ។ ប្រពន្ធរបស់គាត់ជាអ្នកយកទៅលក់រាយ និងបោះដុំឱ្យអ្នកលើកយកទៅលក់បន្តនៅផ្សាយស្វាយរៀង ដោយក្នុង១គីឡូក្រាមលក់បានថ្លៃ ៣,០០០រៀល។