ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រស្ដីពី ការប្រើប្រាស់ សម្ភារពិសោធន៍ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE
កម្មវិធី ASPIRE ខេត្តកណ្ដាល៖
ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ស្ដីពី ការប្រើប្រាស់ សម្ភារពិសោធន៍ និងការវិភាគគុណភាព បន្លែ ផ្លែឈើ
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
និងជានាយកកម្មវិធីASPIRE
នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយ បន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មានរៀបចំពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញនៃកម្មវិធីASPIRE មកពីខេត្តចំនួន ៨ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី បានទទួលជោគជ័យពីការបណ្ដុះបណ្ដាល ពីការប្រើប្រាស់ សម្ភារពិសោធន៍ និងការវិភាគគុណភាព បន្លែ ផ្លែឈើ រយៈពេល៣ថ្ងៃពេញ ពីថ្ងៃទី៣ ឧសភា ២០២២ ដល់ ថ្ងៃទី៥ ឧសភា ២០២២ ។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល របស់ លោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយ បន្លែសុវត្ថិភាព បានបង្ហាញថាការបណ្តុះបណ្ដាលដែលមានការចូលរួមពី គ្រូឧទ្ទេសមកពីមន្ទីរពិសោធន៍ជាតិ, តំណាងក្រុមហ៊ុន Medicom និងគ្រូឧទ្ទេសរបស់មជ្ឈមណ្ឌលផ្ទាល់ ការបណ្ដុះបណ្ដាលធ្វើឡើងជា ២របៀបគឺ ធ្វើបទបង្ហាញជាទ្រឹស្ដី និងដឹកនាំការអនុវត្តផ្ទាល់ ដោយបែងចែកជាក្រុមតូចៗ ដើម្បីងាយស្រួលក្នុងការអនុវត្តជាក់ស្ដែង លើសំណាក បន្លែតាមក្រុមៗ ។
ជាមួយគ្នានេះលទ្ធផលវាយតម្លៃការសិក្សាបានបង្ហាញថា សិក្ខាកាមដែលបានយល់ច្បាស់ទាំងទ្រឹស្តី និងការអនុវត្តមានប្រមាណ ៧០%-៧៥% នៃសិក្ខាកាមចំនួន២៥ នាក់មកពីខេត្តទាំង៨ ។ ក្រោយពីបានស្តាប់នូវរបាយការណ៍ រួចមក ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធីASPIRE បានមានមតិកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តកណ្ដាល ដែលបានផ្តល់ទីកន្លែង គ្រូឧទ្ទេស សម្រាប់ការបណ្ដុះបណ្ដាលនាពេលនេះ រីឯគ្រូឧទ្ទេសសុទ្ធតែមានបទពិសោធន៍ៗល្អ ក្នុងការចែករំលែកចំណេះដឹង សិក្ខាកាមក៏បានយកចិត្តទុកដាក់ស្ដាប់ និងការពន្យល់លើទ្រឹស្ដី និងការអនុវត្តទើបទទួលបានលទ្ធផលល្អដូចពេលនេះ ឯកឧត្តមក៏បានមានមតិផ្ដាំផ្ញើដល់សិក្ខាកាម ពេលត្រឡប់ទៅខេត្តសាមីវិញ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់លើវិធានការណ៍សុវត្ថិភាពបន្ទប់ពិសោធន៍ និងការសង្គ្រោះបឋម ចៀសវាងនូវបញ្ហាកើតឡើងជា យថាហេតុ និងត្រូវអនុវត្តឲ្យបានញឹកញាប់ដើម្បីទទួលបានបទពិសោធន៍បន្ថែម និងត្រូវធ្វើទំនាក់ទំនងល្អជាមួយគ្រូឧទ្ទេសសម្រាប់សាកសួរព័ត៌មានបន្ថែមពេលដែលអនុវត្ត ទៅជួបបញ្ហា ម៉្យាងវិញទៀត សិក្ខាកាមដែលបានមក រៀននាពេលនេះត្រូវធ្វើការចែករំលែកចំណេះដឹង ដល់មន្ត្រីតាមខេត្តសាមី ដែលមិនបានចូលរួមដើម្បីពួកគេអាចមានសមត្ថភាពសម្រាប់បន្តនិរន្តភាពការងារទៅមុខទៀត បានជោគជ័យ ។ ពិធីទាំងមូលបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការប្រគល់វិញ្ញាបនបត្រ ពីឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធីASPIRE ជូនដល់សិក្ខាកាមទាំង ២៥ រូប ស្រី៥ រូប ៕