ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីរួមខេត្តបាត់ដំបង
ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីរួមខេត្តបាត់ដំបង ។
នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី “ គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ ការគ្រប់គ្រងហិរញ្ញវត្ថុ ” ដែលកម្មវិធី និងសភាពាណិជ្ជកម្មកម្ពុជាបានសហការគ្នាធ្វើ ដើម្បីបង្កើនសមត្ថភាពអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ឬ ក្រុមហ៊ុនកសិកម្ម ។ អ្នកចូលរួមក្នុងពិធីនោះ មានថ្នាក់ដឹកនាំ និងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៣៣ នាក់ ក្នុងនោះមានស្រ្តី ១៤ នាក់ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដូចជាមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) ជាដើម ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យកសិកម្ម ។ ក្នុងនោះ គឺមានការរៀបចំឱ្យមានកម្មវិធីគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រល្អៗ និងជាក់ស្តែងជាច្រើន ដែលរួមមានការបញ្ចេញថវិកាជាតិសម្រាប់ជួយប្រមូលទិញកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នៅទូទាំងប្រទេស និងការគាំទ្រការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប ។ ជាមួយនោះ ក៏មានការប្រឹងប្រែងរៀបចំឱ្យមានប្រាក់កម្ចី ដែលមានអត្រាការប្រាក់សមរម្យ និងដែលមិនតម្រូវឱ្យមាន ឬ ដាក់ទ្រព្យធានា សម្រាប់សហគមន៍កសិកម្ម ក្រុមហ៊ុនកសិកម្ម និងកសិករ ខ្ចីយកទៅប្រើប្រាស់ ដើម្បីកែលម្អ ឬ បង្កើនផលិតកម្ម និងការកែច្នៃ សំដៅធ្វើឱ្យផលិតផលកសិកម្មកម្ពុជា មានគុណភាពសមស្រប និងអាចលក់បានតម្លៃល្អ និងកាន់តែច្រើន នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងដែរថា ដើម្បីចៀសវាងការខូចកម្ចី ពោលគឺអ្នកខ្ចីមិនមានលទ្ធភាពសង កម្មវិធី ASPIRE-AT និងគម្រោងជាច្រើនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពអ្នកខ្ចី ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងការកសាង និងអនុវត្តផែនការអាជីវកម្ម ។ បន្ថែមលើនោះ ដើម្បីជំរុញលើកទឹកចិត្តអ្នកខ្ចី ឱ្យសងប្រាក់គ្រប់ និងទាន់ពេល ដូចបានសន្យា កម្មវិធី ASPIRE-AT ក៏បានលៃឱ្យមានប្រាក់មួយចំនួន សម្រាប់ផ្តល់ជារង្វាន់ ។
ជាក់ស្តែង ដោយមានទំនុកចិត្ត និងការជឿជាក់ថា សភាពាណិជ្ជកម្មកម្ពុជាដឹងច្បាស់ថាសហគ្រាសធុនតូច និងមធ្យម ឬ ក្រុមហ៊ុនកសិកម្ម ខ្វះសមត្ថភាព ឬ ចំណេះដឹងអ្វីខ្លះ ដែលត្រូវផ្តល់ជូន កម្មវិធី ASPIRE-AT បានផ្តល់ថវិកាមួយចំនួនជូនសភាពាណិជ្ជកម្មកម្ពុជា រៀបចំ និងដំណើរការវគ្គបណ្តុះបណ្តាលនេះ ដោយរំពឹងថាអ្នកពាក់ព័ន្ធទាំងអស់នឹងទទួលបានផលប្រយោជន៍ ឬ សម្រេចកិច្ចការរបស់ខ្លួន ។ ក្នុងនោះ កម្មវិធី ASPIRE-AT និងសភាពាណិជ្ជកម្មកម្ពុជា បានសម្រេចកិច្ចការដ៏ល្អមួយ ជាផ្នែកនៃការទទួលខុសត្រូវរបស់ខ្លួន ហើយសហគ្រាសធុនតូច និងមធ្យមនឹងមានសមត្ថភាព និងលទ្ធភាពកាន់តែច្រើនក្នុងការប្រមូលទិញ កែច្នៃ និងលក់ផលិតផលកសិកម្ម ពោលគឺរួមចំណែកជួយកម្មវិធី ASPIRE-AT ដែលជាយន្តការមួយរបស់ជាតិ ក្នុងការសម្រាលការលំបាករបស់កសិករ និងក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំអ្នកចូលរួមទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងឱ្យបានល្អ សំដៅធ្វើឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ពីការចំណាយពេលវេលា និងថវិកា ហើយអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានសម្រេចលទ្ធផល ដូចបានគ្រោងទុក ។

















