ការជួបប្រជុំជាមួយសហគមន៍កសិកម្មដានរុនសាមគ្គី ឃុំដានរុន ស្រុកសូទ្រនិគម និងសហគមន៍កសិកម្មពពេលរុងរឿង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មដានរុនសាមគ្គី ឃុំដានរុន ស្រុកសូទ្រនិគម និងសហគមន៍កសិកម្មពពេលរុងរឿង ឃុំពពេល ស្រុកសូទ្រនិគម ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ និងលក្ខខណ្ទតម្រូវនៃការផ្តល់ឥណទានរបស់ធនាគារ ARDB ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងនៅទីស្នាក់ការសហគមន៍កសិកម្មដានរុនសាមគ្គី ដែលមានអ្នកចូលរួមសរុប ១៩នាក់ (ស្រី ១៥នាក់) និងនៅសហគមន៍កសិកម្មពពេលរុងរឿង ដែលមានអ្នកចូលរួមសរុប ២៦នាក់ (ស្រី ២២នាក់)។
ជាលទ្ធផល លោក ហូរ សំរេច ប្រធានការិយាល័យ និងលោក លឹម ដុល្លា មន្រ្តីធនាគារ ARDB បានជម្រាបជូនអំពីចំណុចសំខាន់ៗ ដូចខាងក្រោម៖
-រយៈពេលកម្ចីបានរហូត ៧ឆ្នាំ
-ទំហំឥណទានចំនួនពី ៥០០ដុល្លារអាមេរិក ដល់ ២០ ០០០ដុល្លារអាមេរិក
-អត្រាការប្រាក់ក្នុង ១ឆ្នាំ ៨% (០.៦៦% ក្នុង១ខែ)
-ទ្រព្យបញ្ចាំបន្ថែមលើប្រាក់ធានារបស់គម្រោង អាចជាប្លឹងរឹង ប្លង់ទន់ បង្កាន់ដៃ ឬមានអ្នកធានាជំនួស ដើម្បីបន្ថែមជំនឿ និងទំនុកចិត្តពីធនាគារ
-ក្រោយទទួលបានឥណទាន ក្នុងរយៈពេល ៤៥ថ្ងៃ ខាងធនាគារនឹងចុះតាមដានការប្រើឥណទាន ក្នុងករណីមិនបានអនុវត្តតាមគោលបំណងពិតប្រាកដ នៃការប្រើឥណទាន នឹងទទួលពិន័យ ០.៥% និងដកហូតឥណទានត្រឡប់មកវិញ
-ចំពោះការទូទាត់សំណងប្រចាំខែអាស្រ័យលើការជជែករវាងអតិថិជនជាមួយធនាគារ (មានលក្ខណៈបទបែន អាចសងតែការ
៣ខែដំបូង ពេលដែលផលិតកម្មមិនបានលក់នៅទីផ្សារ និងក្រោយ៣ខែ សងដើម តាមក្រោយ)
-ក្នុងករណីប្រធានសក្ត័ ដែលដំណើរផលិតកម្មមិនអាចទៅបាន ខាងធនាគារនឹងពិនិត្យតាមការជាក់ស្តែង ហើយពិភាក្សាអំពីលទ្ធភាពស្តារអាជីវកម្មឡើងវិញ
-ក្នុងករណីអតិថិជនត្រូវការបច្ចេកទេសថែទាំ ដាំដំណាំ និងចិញ្ចឹមសត្វ ខាងធនាគារអាចមានអ្នកបច្ចេកទេសមកជួយណែនាំបាន
-កម្ចីត្រូវតែយកទៅប្រើប្រាស់ចំគោលដៅ ទើបទទួលបានជំនួយឥតសំណង ប៉ុន្តែបើប្រើខុសគោលដៅចាត់ទុកជាឥណទានទូទៅ មិនទទួលបានជំនួយឥតសំណងទេ
-គ្រប់ករណីទាំងអស់ ទោះបីមានទ្រព្យបញ្ចាំ ឬមានប្រាក់ធានាពីកម្មវិធី ASPIRE-AT ក្តី បុគ្គលិកធនាគារនឹងចុះទៅវាយតម្លៃជាក់ស្តែងតាមគ្រួសារនីមួយៗ។
+ចំពោះក្នុងក្របខណ្ឌកម្មវិធី ASPIRE-AT ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត បានជម្រាបជូនកសិករនូវចំនុចសំខាន់ៗដូចខាងក្រោម៖
-សមាជិកសហគមន៍កសិកម្មដែលជាកសិករខ្នាតតូច អាចខ្ចីឥណទានជាមធ្យមចំនួន ៣ ៧០០ដុល្លាអាមេរិកគ្រប់ចំនួន និងទទួលបានជំនួយឥតសំណង ២០%
-សមាជិកសហគមន៍កសិកម្មស្រ្តីជាមេគ្រួសារ មានបណ្ណ័ក្រីក្រ ជនពិការ ជនជាតិដើមភាគតិច និងទទួលបានជំនួយឥតសំណង ២៧%
-សហគមន៍ អាចទទួលបានជំនួយឥតសំណង ៣០%
-ជំនួយឥតសំណង អាចទទួលបានលុះត្រាតែសមាជិក និងសហគមន៍សងត្រឡប់ទាំងដើម ទាំងការទៅធនាគារគ្រប់ចំនួនជាមុនសិន
-ទាំងរូបវន្តបុគ្គល/គ្រួសារកសិករខ្នាតតូច និងសហគមន៍ ត្រូវមានលក្ខណៈសម្បត្តិសមស្របលក្ខណៈវិនិច្ឆ័យអប្បរមារបស់ធនាគារ ARDB។
ក្រុមការងារ ARDB បានចុះទៅពិនិត្យវាយតម្លៃជាបឋមចំពោះសមាជិកសហគមន៍ដែលត្រូវការកម្ចីបន្ទាន់ហើយមានទ្រព្យបញ្ចាំ ក្នុងនោះចំនួន ៣នាក់ នៅសហគមន៍កសិកម្មដានរុនសាមគ្គី និង ១នាក់ នៅសហគមន៍កសិកម្មពពេលរុងរឿង។







