ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតី និងដឹកនាំសម្របសម្រួលវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃមៀនប៉ៃលិន និងស្វាយចន្ទី ដែលផ្តោតជាសំខាន់លើ “ លទ្ធភាពផ្គត់ផ្គង់ និងប្រមូលទិញ ” នៅទីរួមខេត្តបន្ទាយមានជ័យ
ក្នុងឋានៈជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតកម្មកសិកម្ម (ASPIRE-AT) ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតី និងដឹកនាំសម្របសម្រួលវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃមៀនប៉ៃលិន និងស្វាយចន្ទី ដែលផ្តោតជាសំខាន់លើ “ លទ្ធភាពផ្គត់ផ្គង់ និងប្រមូលទិញ ” នៅទីរួមខេត្តបន្ទាយមានជ័យ ។
វេទិកានេះត្រូវបានប្រព្រឹត្តទៅ ក្នុងរយៈពេល ២ ថ្ងៃ ដោយមានការចូលរួមរបស់ប្រធាន និងមន្ត្រីនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ មន្ត្រីមន្ទីរកសិកម្មខេត្តគោលដៅ មន្ត្រីអគ្គនាយដ្ឋានកសិកម្ន មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មន្រ្តីលេខាធិការដ្ឋានកម្មវិធី ASPIRE-AT តំណាងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃមៀនប៉ៃលិន និងស្វាយចន្ទី ព្រមទាំងតំណាងសហគមន៍កសិកម្ម សរុបចំនួន ៦៤ នាក់ (ក្នុងនោះ មានស្ត្រី ១១នាក់) ។
វេទិកានេះបានផ្តល់ឱកាសជូនតួអង្គ សំខាន់ៗនៃខ្សែច្រវាក់តម្លៃ ៖ ១) បានជ្រាបកាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យកសិកម្មជាតិ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ជាពិសេស ការគាំទ្ររបស់កម្មវិធី ASPIRE-AT និង ២) បានជួប ពិភាក្សា និងយល់ដឹងពីគ្នា អំពីលទ្ធភាព បញ្ហា និងតម្រូវការក្នុងផលិតកម្ម ការគ្រប់គ្រងផល ការប្រមូលទិញ ការកែច្នៃ និងការនាំចេញ ហើយរួមគ្នាកំណត់ដំណោះស្រាយសមស្រប ដែលតួអង្គពាក់ព័ន្ធនីមួយៗ (រួមទាំងអង្គភាព និងស្ថាប័នរដ្ឋ ជាពិសេសគម្រោង និងកម្មវិធីនានា) គួរទទួលខុសត្រូវអនុវត្ត ឱ្យបានឆាប់ និងកាន់តែមានប្រសិទ្ធភាព ។
អង្គវេទិកាក៏បានសម្របសម្រួល និងធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ទិញមៀនប៉ៃលិន និងស្វាយចន្ទី រវាងសហគមន៍កសិកម្មចំនួន ២២ និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃចំនួន ២ ផងដែរ ។




















