ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ១០ នាក់ ក្នុងនោះមានស្រ្តី ៣ នាក់។
ជំនួបនេះ គឺដើម្បីចូលរួមប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងពិភាក្សាអំពីការគាំទ្រសហគមន៍កសិកម្ម នៅឆ្នាំ ២០២៦ នេះ ដោយមានរបៀបវារៈ ដូចខាងក្រោម៖
– ការរបាយការណ៍អំពី វឌ្ឍនភាពការងាររបស់សហគមន៍កសិកម្ម និងបញ្ហាជួបប្រទៈ
– ពិភាក្សាអំពីការរៀបចំផែនការសម្រាប់គាំទ្រសហគមន៍កសិកម្ម នៅឆ្នាំ ២០២៦
– ពិភាក្សាអំពីការប្រមូលទិន្នន័យគ្រួសារកសិករ ដែលទទួលបានឱកាសការងារពីសហគមន៍កសិកម្ម
– ផ្សេងៗ និងបិទកិច្ចប្រជុំ។
ជាលទ្ធផលសម្រេចបាន រួមមាន៖
– បានស្ដាប់របាយការណ៍របស់លោកស្រីប្រធានសហគមន៍កសិកម្ម ក្នុងការប្រមូលទិន្នន័យផលិកម្ម ការជំរុញការផលិតក្នុងសហគមន៍កសិកម្មរបស់សមាជិក ការទទួលបានប្រាក់ចំណេញពីការទិញលក់ធាតុចូលកសិកម្មជាដើម រីឯបញ្ហាកើតឡើងនោះ គឺសហគមន៍កសិកម្មខ្វះថវិកាសម្រាប់គាំទ្រសហគមន៍កសិកម្ម ដោយមានទុនដំណើរការអាជីវកម្មតិចតួចនៅឡើយ និងមិនមានកន្លែងធ្វើការបានត្រឹមត្រូវ ព្រោះត្រូវចល័តចុះឡើង
– សម្រាប់ឆ្នាំ ២០២៦ នេះ គឺថ្នាក់ដឹកនាំសហគមន៍កសិកម្មបានកំណត់យកទីតាំងផ្ទះលោក អ៊ីន សុងហេង ជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ ជាទីស្នាក់ការបណ្ដោះអាសន្នសម្រាប់បម្រើការងារប្រចាំថ្ងៃ និងកិច្ចប្រជុំនានា របស់សហគមន៍កសិកម្ម
– ផែនការសម្រាប់គាំទ្រសហគមន៍កសិកម្ម នៅឆ្នាំ ២០២៦ នោះ គឺស្នើសុំឱ្យកម្មវិធី ASPIRE-AT នៅខេត្តកណ្ដាល ជួយដឹកនាំ និងសម្របសម្រួលការរៀបចំផែនការអាជីវកម្មសម្រាប់សហគមន៍កសិកម្ម ត្រៀមរៀបចំធ្វើមហាសន្និបាតសហគមន៍កសិកម្មប្រចាំឆ្នាំ ដើម្បីកៀរគររកប្រភពទុនបន្ថែម ថ្នាក់ដឹកនាំសហគមន៍កសិកម្មជួយគ្នាក្នុងការស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម ដែលមានតម្លៃធូរជាងបច្ចុប្បន្ន និងរកក្រុមហ៊ុនប្រមូលទិញកសិផលតាមកិច្ចសន្យាផងដែរ។ ជ្រើសរើស កញ្ញា នួន គន្ធា ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ជាអ្នកទទួលខុសត្រូវក្នុងការលក់ធាតុចូលកសិកម្ម និងជំរុញឱ្យកសិករនាំមុខ ទៅជួយណែនាំកសិករតាមចម្ការ និងតាមរយៈកិច្ចប្រជុំនានា ក្នុងភូមិ ដើម្បីជួយពង្រឹងលើការងារដាំដុះបន្លែឱ្យស្របតាមបច្ចេកទេស និងតម្រូវការទីផ្សារ
– ទីប្រឹក្សាសម្រមសម្រួលកម្មវិធី ASPIRE-AT បានណែនាំអំពីការប្រមូលទិន្នន័យគ្រួសារកសិករ ដែលទទួលបានឱកាសការងារពីសហគមន៍កសិកម្ម ដើម្បីប្រមូលជាក់ស្ដែងតាមចម្ការ របស់សមាជិកក្នុងសហគមន៍កសិកម្ម និងណែនាំអំពីគោលការណ៍ ដែលអាចទទួលបានប្រាក់កម្ចីពីធនាគារ ARDB សម្រាប់ការវិនិយោគដើម្បីពង្រីកអាជីវកម្ម និងផលិតកម្មរបស់សហគមន៍កសិកម្មផងដែរ។












