Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិនិត្យ និងរៀបចំទីតាំងរបស់សហគមន៍កសិកម្ម និងកសិករជាសមាជិកសហគមន៍ ដើម្បីត្រៀម សម្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង របស់ IFAD

ការពិនិត្យ និងរៀបចំទីតាំងរបស់សហគមន៍កសិកម្ម និងកសិករជាសមាជិកសហគមន៍ ដើម្បីត្រៀម សម្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង របស់ IFAD

 

លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានទៅពិនិត្យ និងរៀបចំទីតាំងរបស់សហគមន៍កសិកម្ម និងកសិករជាសមាជិកសហគមន៍ ដើម្បីត្រៀម សម្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) គ្រោងនឹងទៅផលិតវីដេអូ និងផ្ដិតយករូបភាព ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

គោលបំណង នៃការផលិតវីដេអូ និងផ្ដិតយករូបភាព របស់ក្រុមការងារ IFAD គឺដើម្បីផ្សព្វផ្សាយអំពី លទ្ធផល នៃភាពជោគជ័យរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលបានអនុវត្តកន្លងមក ទាក់ទងនឹងការបង្កើនផលិតភាព និងប្រាក់ចំណូល របស់គ្រួសារកសិករដែលជាអ្នកទទួលផលពីកម្មវិធី។

  • សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផលិតកម្មម្រេចពណ៌ស ខ្មៅ និងពណ៌ក្រហម មានសមាជិកសរុបចំនួន ៦៥ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ០៧ គ្រួសារ។ សហគមន៍កសិកម្មទំនើបនេះមានសមត្ថភាពផលិតម្រេចបាន ២០៩ តោនក្នុងមួយឆ្នាំ និងមានកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនចំនួន ២ ហើយសហគមន៍ផ្ទាល់ក៏បានកែច្នៃ និងលក់ជ្រក់ម្រេចខ្ចី។ នាពេលអនាគត សហគមន៍មានគម្រោងកែច្នៃម្រេចម៉ត់។
  • សហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ ស្ថិតនៅភូមិគីទ្បូ ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផលិតកម្មស្វាយចន្ទី មានសមាជិកសរុបចំនួន ៣២៩ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ១១០ គ្រួសារ និងមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបាន ៧៦០ តោនក្នុងមួយឆ្នាំ។ មិនត្រឹមតែលក់គ្រាប់ស្វាយចន្ទីស្រស់ និងស្ងួត សហគមន៍កសិកម្មនេះ ក៏លក់គ្រាប់ស្វាយចន្ទីកែច្នៃ ផងដែរ។
  • សហគមន៍កសិកម្មឃុំក្រយាសាមគ្គី ស្ថិតនៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ផលិតកម្មស្វាយចន្ទី មានសមាជិកសរុបចំនួន ១៩០ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ១៣៧ គ្រួសារ។ សហគមន៍កសិកម្មនេះមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបាន ៤៤០ តោនក្នុងមួយឆ្នាំ ដោយមានកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនមួយ និងលក់គ្រាប់ស្វាយចន្ទីកែច្នៃដោយខ្លួនឯង ផងដែរ។
  • សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ស្ថិតនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប ផលិតកម្មបន្លែ មានសមាជិកសរុបចំនួន ៧០ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ៦០ គ្រួសារ។ សហគមន៍កសិកម្មនេះមានសមត្ថភាពផលិតបន្លែបាន ១២០ តោនក្នុងមួយឆ្នាំ ដោយលក់ទៅកាន់ទីផ្សារក្នុងតំបន់ និងតាមបណ្ដាខេត្តមួយចំនួន ព្រមទាំងផ្គត់ផ្គង់បន្លែទៅកាន់សាលារៀន ផងដែរ។
  • សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ផលិតកម្មបន្លែ មានសមាជិកសរុបចំនួន ៣៧៥ គ្រួសារ ក្នុងនោះមានស្ត្រីជាមេគ្រួសារ ១៧៥ គ្រួសារ។ សហគមន៍កសិកម្មនេះមានសមត្ថភាពផលិតបន្លែបាន ១ ៤៨៥ តោនក្នុងមួយឆ្នាំ ដោយមានកិច្ចសន្យាទិញលក់បន្លែជាមួយក្រុមហ៊ុន និងផ្សារទំនើបមួយចំនួន។
  • សហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ផលិតកម្មបន្លែ មានសមាជិកសរុបចំនួន ១ ០៨៥ គ្រួសារ ស្មើនឹង ១ ៧៥៦នាក់ ក្នុងនោះមានស្ត្រី ១ ១៩១នាក់។ សហគមន៍កសិកម្មនេះមានសមត្ថភាពផលិតបន្លែបាន ២ ១៦០ តោនក្នុងមួយឆ្នាំ ដោយមានកិច្ចសន្យាទិញលក់បន្លែជាមួយក្រុមហ៊ុន និងផ្សារទំនើបមួយចំនួន ព្រមទាំងផ្គត់ផ្គង់ធាតុចូលកសិកម្ម។

 

 

Leave a Reply

Your email address will not be published.