កម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងអនុវត្តសកម្មភាពនៅក្នុងខេត្តគោលដៅចំនួន ២១ នៃប្រទេសកម្ពុជា
ដើម្បីរួមចំណែកធ្វើឱ្យសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រកសិកម្ម ” កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ” នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងអនុវត្តសកម្មភាពនៅក្នុងខេត្តគោលដៅចំនួន ២១ នៃប្រទេសកម្ពុជា។ ក្នុងនោះ កម្មវិធីបាន និងកំពុងគាំទ្រសហគមន៍កសិកម្មចំនួន ១៣២ ដែលផលិតស្វាយចន្ទី នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរី។ សហគមន៍ទាំងនោះមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបានរហូតដល់ ៦២ ៨២៧ តោន/ឆ្នាំ។
ការគាំទ្រនេះបាន និងកំពុងផ្តល់ផលប្រយោជន៍ជាច្រើនជូនកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន ជាពិសេសនៅក្នុងផ្នែកពង្រឹងសមត្ថភាពបច្ចេកទេសផលិត គ្រប់គ្រង កែច្នៃ និងធ្វើអាជីវកម្ម សម្របសម្រួលឱ្យទទួលបានទុនសម្រាប់វិនិយោគ ព្រមទាំងភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យទទួលបានទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។




