Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន កណ្ដាល និងខេត្តត្បូងឃ្មុំ

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន កណ្ដាល និងខេត្តត្បូងឃ្មុំ

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន កណ្ដាល និងខេត្តត្បូងឃ្មុំ។

១).ខេត្តប៉ៃលិន៖ បានជួបប្រជុំជាមួយអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ស្តីពី ផែនការដោះស្រាយបញ្ហាប្រព័ន្ធស្រោចស្រពមៀនប៉ៃលិន និងតម្រូវការឥណទានពីកម្មវិធី ASPIRE-AT តាមរយៈ ARDB សម្រាប់សមាជិកយកទៅពង្រឹង និងពង្រីកផលិតកម្មមៀនប៉ៃលិន។
ការជួបប្រជុំនេះបានរៀបចំដោយសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន នៅស្នាក់ការបណ្តោះអាសន្នរបស់សហគមន៍ ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ៣៧ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។
លោក កន ស៊ីឡុង ប្រធានសហគមន៍ បានជម្រាបអំពីគោលបំណងនៃការជួបប្រជុំ និងលោកប្រធានការិយាល័យសហគមន៍ បានជម្រាបជូនអ្នកចូលរួមសង្ខេបអំពីគោលបំណង និងការគាំទ្ររបស់កម្មវិធី ASPIRE-AT ។ បន្ទាប់មកលោកទីប្រឹក្សាសម្របសម្រួលកម្មវិធី បានជម្រាបជូនអ្នកចូលរួមអំពីលក្ខខណ្ឌឥណទានរបស់កម្មវិធី តាមរយៈធនាគារ ARDB ដោយមានប្រាក់ជំនួយជួយដល់កសិករ (Block Grant) ក្រោយសងរួច ព្រមទាំងពន្យល់បន្ថែមអំពីការគណនាប្រាក់ធានា។ រួចហើយ លោក សាន ស៊ីដែន ប្រធានការិយាល័យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាខាខេត្តប៉ៃលិន បានជម្រាបជូនអំពីគោលការណ៍របស់ធនាគារ លក្ខខណ្ឌ និងទំហំប្រាក់កម្ចី ដែលធានាគារអាចផ្តល់កសិករ និងសហគមន៍។ ដោយមានការចូលរួមយោបល់ក្នុងកម្មវិធី លោក សាយ សុផាត ប្រធានមន្ទីរ បានសំណេះសំណាល និងបានផ្តោតការពិភាក្សាអំពីកិច្ចការទិញ-លក់ (ទីផ្សារ) មៀនប៉ៃលិនរបស់សមាជិកសហគមន៍ឱ្យបានទូលំទូរលាយ ព្រមទាំងបានជម្រាបជូនកសិករឱ្យខិតខំរៀនសូត្រផ្លាស់ប្តូរបទពិសោធក្នុងការអនុវត្តបច្ចេកទេសដាំ និងថែទាំមៀនប៉ៃលិន ឱ្យបានដិតដល់ ដើម្បីទទួលបានបរិមាណច្រើន និងមានគុណភាពលក់បានតម្លៃល្អ ផងដែរ។
ជាលទ្ធផល មានសមាជិកសហគមន៍ចំនួន ៤៦ នាក់ បានចុះឈ្មោះជាមួយសហគមន៍ ដោយបានបញ្ជាក់ថាពួកគាត់ត្រូវការប្រព័ន្ធស្រោចស្រពដំណាំរបស់ពួកគាត់។ អ្នកដែលមានតម្រូវការឥណទានសម្រាប់ប្រើប្រាស់ ក្នុងគោលបំណងខាងលើនេះ និងរៀបចំសំណើរ ដោយមានការជួយពីសហគមន៍ និងមន្រ្តីការិយាល័យសហគមន៍កសិម្ម ដាក់ជូនលោកប្រធានមន្ទីរ ពិនិត្យ និងរៀបចំបញ្ជីផ្ញើជូនធនាគារ ARDB ទៅសិក្សា និងវាយតម្លៃក្នុងការផ្តល់កម្ចី។

 

 

២).ខេត្តកណ្ដាល៖ បានសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន នព្វន្ត រីស៊ើច អេន ខនសាល់ធីង (Nuppun Research and Consulting Co., Ltd) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មទី ១ ក្នុងតំបន់ ៣ នៃកម្មវិធី ASPIRE-AT ទៅជួបអ្នកដឹកនាំសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី ប្រមូលទិន្នន័យកសិផលរបស់សមាជិកក្នុងសហគមន៍ នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដែលការប្រមូលទិន្នន័យនេះផ្តោតលើ៖
– ប្រភេទកសិផលរបស់សហគមន៍កសិកម្ម ដែលបានផលិត (ជីគ្រប់មុខ បន្លែផ្លែ បន្លែមើម បន្លែស្លឹក…)
– ផ្ទៃដីផលិតកម្មតាមគ្រួសារនីមួយៗ
– ថ្លៃដើមផលិត ការលក់ចេញ ឈ្មួញប្រមូលទិញ
– បញ្ហាប្រឈម នានា….។ល។
ដំណើរការនេះធ្វើឡើងក្នុងគោលបំណងជាជំហានសាកល្បងក្នុងការជំរុញអាជីវកម្មរបស់សហគមន៍ឱ្យមានភាពរីកចម្រើន ឈានពីការគាំទ្រ ទៅ ការចូលទៅកាន់ទីផ្សារ (Support Ready to Market Ready) ។

 

 

៣).ខេត្តត្បូងឃ្មុំ៖ បានធ្វើសកម្មភាពចំនួន ២ រួមមាន៖


(១). បានសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មទី ១ ធ្វើការសម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយអ្នកដឹកនាំសហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រៀកមេមត់ ក្នុងគោលបំណងរៀបចំផែនការអាជីវកម្មម្រេចរបស់សហគមន៍កសិកម្ម។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្នាក់ការសហគមន៍ នៅភូមិដង្គៅ ឃុំទ្រៀក ស្រុកមេមត់ ដោយមានការអញ្ជើញចូលរួមពី៖ (១)-លោក លោកស្រីអ្នកដឹកនាំសហគមន៍កសិកម្ម (២)-លោក លោកស្រី មន្រ្តីការិយាល័អភិវឌ្ឍន៍សហគមន៍កសិកម្ម (៣)-ក្រុមការងារនៃក្រុមហ៊ុនផ្ដល់សេវាកម្មទី ១ ដែលពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងមន្ត្រីកសិកម្មឃុំ សរុប ១៦ នាក់ ក្នុងនោះមានស្រ្តី ៦ នាក់។
ជាលទ្ធផល អ្នកដឹកនាំសហគមន៍បានយល់ដឹងអំពី៖
– គោលបំណង និងអត្ថប្រយោជន៍ នៃការធ្វើអាជីវកម្មរបស់សហគមន៍
– ការទាក់ទងគ្នារវាងសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម
– ក្រសួង មន្ទីរ ស្ថាប័ន កម្មវិធី គម្រោង និងអង្គការដៃគូរនានា ដែលបានគាំទ្រសហគមន៍
– អតិថិជនគោលដៅ (ក្រុមហ៊ុន សហគ្រាស និងដៃគូនានា)
– បង្ហាញសមត្ថភាព និងព៌ត័មានអាជីវកម្មរបស់សហគមន៍
– គុណភាពស្តង់ដារ
– អត្ថប្រយោជន៍នៃការចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយដៃគូ
– កំណត់ការចំណាយក្នុងការវិនិយោគ
– ចំណាយថ្លៃដើមផលិត
– វិធីសាស្ត្រផ្សព្វផ្សាយ និងចែកចាយ។

 

 


(២).បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការដាំដុះស្វាយចន្ទីពីកសិករនាំមុខ នេត សុឃាន់ ទៅសមាជិកសហគមន៍កសិកម្មស្វាយចន្ទីរំចេក នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់។
កម្មវិធីនេះ មានគោលបំណង៖ (១)-ចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធជោគជ័យក្នុងការដាំដុះស្វាយចន្ទី (២)-បន្តផ្សព្វផ្សាយអំពីគោលការណ៍ និងនីតិវិធីឥណទានរបស់កម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB ។
លោក នេត សុឃាន់ ជាកសិករនាំមុខ ដែលបានចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធ ព្រមទាំងដឹកនាំការអនុវត្តជាក់ស្តែង ដោយផ្តោតលើ៖ (១)-វិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី (២)-វិធីសាស្ត្រនៃការប្រើប្រាស់ជីធម្មជាតិ និងគីមី (៣)-វិធីសាស្ត្រថែទាំត្រួយ ផ្កា និងក្តិប (៤)-ការគ្រប់គ្រងសត្វល្អិត និង (៥)-ដឹកនាំអនុវត្តជាក់ស្តែង។
ជាលទ្ធផល អ្នកចូលរួមបាន៖
I. ទទួលនូវចំណេះដឹង និងបទពិសោធពីកសិករនាំមុខ ក្នុងផលិតកម្មស្វាយចន្ទី សម្រាប់យកទៅអនុវត្តបន្ត នៅតាមចម្ការរបស់ខ្លួន រួមមាន៖ (១)-អត្ថប្រយោជន៍ និងវិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី (២)- ការប្រើប្រាស់ជីធម្មជាតិ និងជីគីមី (ការជីករណ្តៅដាក់ជី ប្រភេទជី បរិមាណជី និងពេលវេលានៃការដាក់ជី) (៣)-ការថែទាំត្រួយ ផ្កា និងក្តិប និង (៤)-ការគ្រប់គ្រងសត្វល្អិត។
II. យល់ដឹងអំពីគោលការណ៍ និងលក្ខខណ្ឌតម្រូវនៃការផ្តល់ឥណទានពីកម្មវិធី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមមាន៖ (១)-អតិថិជនគោលដៅ (២)-លក្ខណៈវិនិច្ឆ័យសម្រាប់សហគមន៍កសិកម្មនិងសមាជិកសហគមន៍ (៣)-ទំហំកម្ចី និងការសង (៤)-ឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំកម្ចីឥណទាន និង (៥)-ដំណើរការ និងនីតិវិធី។

 

 

Leave a Reply

Your email address will not be published.