សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រតនគិរី តាកែវ កំពង់ឆ្នាំង ព្រះវិហារ បន្ទាយមានជ័យ ស្វាយរៀង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ។
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន រតនគិរី តាកែវ កំពង់ឆ្នាំង ព្រះវិហារ បន្ទាយមានជ័យ ស្វាយរៀង ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ។
១).ខេត្តប៉ៃលិនបានរៀបចំកម្មវិធី រួមមាន៖ (១).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោតក្រហម ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរស្មីសាមគ្គីឃុំអូរអណ្តូង នៅភូមិស្រះពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៩ នាក់។
ក្រុមការងារបានរំលឹកឡើងវិញអំពី យុទ្ធសាស្រ្ត គោលការណ៍ និងលក្ខខណ្ឌនានានៃការគាំទ្ររបស់កម្មវិធី ASPIRE-AT ជូនដល់សហគមន៍កសិកម្មគោលដៅ ក្នុងនោះក៏មានបញ្ជាក់អំពីការគាំទ្រទុនកម្ចីវិនិយោគសម្រាប់សហគមន៍កសិកម្ម និងសមាជិក សម្រាប់ពង្រីកអាជីវកម្មតាមរយៈធនាគារ ARDB និងកញ្ចប់ប្រាក់ជំនួយ (Block Grant) របស់កម្មវិធី ក្រោយការសងត្រឡប់ជាមួយធនាគារបានចប់សព្វគ្រប់ និងជោគជ័យ។
វគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់អំពី៖ បច្ចេកទេសក្រោយពេលប្រមូលផលពោតក្រហម ខ្សែច្រវាក់តម្លៃនិងអ្នកពាក់ព័ន្ធ ខ្សែច្រវាក់នៃការផលិតដំណាំពោតក្រហម ការវិភាគសេដ្ឋកិច្ចលើដំណាំពោតក្រហម បញ្ហាប្រឈមសំខាន់ៗក្នុងផលិតកម្មនិងបញ្ហាប្រឈមផ្នែកទីផ្សារ និងតម្លៃ និងគោលគំនិតសំខាន់ៗសម្រាប់ការកែលម្អផលិតកម្ម សម្រាប់បំពេញតំរូវការទីផ្សារនិងការវិនិយោគព្រមទាំងបច្ចេកទេសក្រោយការប្រមូលផលបន្លែសុវត្ថិភាព ការវេចខ្ចប់ការដឹកជញ្ជូននិងការរក្សាទុក ដើម្បីលើកកម្ពស់គុណភាពផលិតផលនិងបង្កើនឱកាសទីផ្សារ។
អ្នកចូលរួមក៏បានចែករំលែកបទពិសោធអំពីការដាំ និងលក់ពោតរបស់ពួកគេ ព្រមទាំងទទួលបានចំណេះដឹង បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលិតផល ខ្សែចង្វាក់ផលិតកម្មពោតក្រហម ការសម្ងួត និងការរក្សាទុកពោតក្រហមបានយូរមានគុណភាពល្អនិងទីផ្សារសម្រាប់លក់ពោតក្រហម។ (២).កម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ អំពីការថែរក្សាការពារមាន់នៅរដូវក្តៅ និងរដូវភ្លៀង និងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីជំរុញប្រព័ន្ធភាពស៊ាំការពារជំងឺមាន់ នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុប ៣២ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។
*ដំណើការ និងលទ្ធផល៖
– ក្រុមការងារបានបង្ហាញសង្ខេប អំពីគោលបំណងនៃកម្មវិធី គោលបំណង និងការគាំទ្ររបស់កម្មវិធី ASPIRE-AT ជូនដល់សហគមន៍កសិកម្មគោលដៅ ដែលកំពុងអនុវត្តដោយមន្ទីរកសិកម្មខេត្តប៉ៃលិន
– បទបង្ហាញ អំពីបទពិសោធក្នុងការចិញ្ចឹមថែរក្សាការពារមាន់ក្នុងរដូវក្តៅ និងរដូវភ្លៀងរបស់កសិករ លោក យ៉ាង យ៉ន កសិករគ្រូ និងជាអនុប្រធានសហគមន៍កសិកម្ម និងជាកសិករមានបទពិសោធក្នុងការចិញ្ចឹមមាន់បានល្អ។ ដោយមានការគាំទ្រពីមន្រ្តីបច្ចេកទេសនៃមន្ទីរកសិកម្មខេត្ត លោក យ៉ាង យ៉ន បានចែរំលែកចំណេះដឹង អំពីវិធីធ្វើកុំឱ្យមាន់កើតជំងឺស្ត្រេស និងជៀសផុតពីបញ្ហាជំងឺផ្សេងៗ ក្នុងរដូវក្តៅ និងរដូវភ្លៀង ដោយបានបង្ហាញនូវវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖ ផ្ដល់ទឹកស្អាត ត្រជាក់ និងត្រូវផ្លាស់ប្ដូរទឹកឱ្យបានញឹកញ៉ាប់ ផ្តល់ចំណីមានគុណភាពល្អ និងមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ផ្ដល់ជំរកត្រជាក់ដល់មាន់ ផ្ដល់បន្ថែមនូវពពួកវីតាមីន ថែទាំ និងធ្វើអនាម័យជាប្រចាំ ព្រមទាំងបានបង្ហាញអំពីបទពិសោធនៃការប្រើប្រាស់ខ្ទឹមសរ រមៀត ស្លឹកស្ដៅ ស្លឹកល្ហុង ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំដោយធម្មជាតិការពារជំងឺមាន់។









២).ខេត្តរតនគិរីបានទៅតាមដាន និងគាំទ្រដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មស្វាយចន្ទីគងធំ នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ដែលមានថ្នាក់ដឹកនាំសហគមន៍កសិកម្មចូលរួមសរុប ៦ នាក់ ក្នុងនោះមានស្រ្តី ២នាក់ ។
គោលបំណង ដើម្បីពង្រឹងសមត្ថភាពការគ្រប់គ្រង ដែលមានរបៀបវារ:ដូចខាងក្រោម៖
-ពង្រឹងតួនាទី និងភារកិច្ច របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម
-ពិភាក្សាអំពីផែនការ និងប្រភេទមុខរបរអាទិភាពរបស់សហគមន៍កសិកម្ម (ទិញ-លក់ធាតុចូលនិងសម្ភាររួមគ្នា ការលក់ផលិតផលរួមគ្នា សេវាកម្មផ្សេងៗ)
-ជម្រុញថ្នាក់ដឹកនាំសហគមន៍ជួយផ្សព្វផ្សាយ និងជ្រើសរើសសមាជិកបន្ថែម
-រំលឹកអំពីគោលការណ៍ឥណទានរបស់កម្មវិធីASPIRE-ATតាមរយៈធនាគារARDB
-បច្ចុប្បន្នភាពផលិតកម្មស្វាយចន្ទី និងបរិមាណផលប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម
-ជម្រុញថ្នាក់ដឹកនាំសហគមន៍កសិកម្មឱ្យមានការប្រជុំប្រចាំខែអោយបានទៀងទាត់
-ពិភាក្សាអំពីបញ្ហានានាដែលសហគមន៍បានជួបប្រទះ
-សំណូមពរពីថ្នាក់ដឹកនាំសហគមន៍កសិកម្មមានដូចជា៖ ត្រូវការឈ្មួញ ឬក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទី និងសូមឱ្យធនាគារ ARDB ផ្តល់ជាប្រាក់កម្ចីដើម្បីជួយផ្តល់ជាថវិកាក្នុងការប្រមូលទិញផង។


៣).ខេត្តតាកែវបានអនុវត្តសកម្មភាព រួមមាន៖
i.បើកវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពន្លឺព្រៃស្បាត នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១០ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពសមាជិកសហគមន៍កសិកម្ម ក្នុងការបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបនឹងតម្រូវការទីផ្សារ។
ii.បើកវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីបន្លែលីញ៉ា នៅភូមិលីញ៉ា ឃុំតាភេម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យសហគមន៍កសិកម្ម និងសមាជិកមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ កិច្ចការសុវត្ថិភាពបរិស្ថាន និងសង្គម តម្លាភាព និងយន្តការដោះស្រាយបណ្តឹង និងសមភាពយេនឌ័រ។





៤).ខេត្តកំពង់ឆ្នាំងបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពពេលសាមគ្គីមានពន្លឺ នៅឃុំពពេល ស្រុកបរិបូណ៌ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ក្នុងនោះមានស្រ្តី ២១ នាក់។
*សកម្មភាព៖
+វគ្គនេះមានប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
-បច្ចេកទេសផលិតកូនដំណាំ
-បច្ចេកទេសដាំដុះ
-វិធីសាស្រ្តការការពារដំណាំអំពីសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗ
-វិធីសាស្រ្តក្នុងការប្រមូលផលដំណាំបន្លែស្លឹក និងបន្លែយកផ្លែ
-បច្ចេកវិទ្យាក្រោយការប្រមូលផលបន្លែ ការលាងសម្អាត ការចែកប្រភេទ/ចំណាត់ថ្នាក់ ប្រព្រឹត្តកម្ម ការវេចខ្ចប់ ការកែច្នៃ ការរក្សាទុក ការដឹកជញ្ជូន និងការដាក់តាំងលក់ជាដើម។
+បានណែនាំអំពីសិទ្ធិ និងកាតព្វកិច្ច របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ
+ការគ្រប់គ្រងការងារទូទៅរបស់សហគមន៍កសិកម្ម និងការណែនាំផ្សេងៗទៀត។
*លទ្ធផល ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបានយល់កាន់តែច្បាស់ស្តីពី៖
-បច្ចេកទេសដាំដុះបន្លែ និងវិធីសាស្ត្រនានា ក្នុងដំណើរការក្រោយប្រមូលផលបន្លែមានដូចជា៖ ការប្រតិបត្តិនៅចម្ការ ការទទួលផលិតផលនៅកន្លែងវេចខ្ចប់ ការលាងសម្អាត ការចែកចំណាត់ថ្នាក់ ការធ្វើប្រព្រឹត្តកម្មបន្លែ ការវេចខ្ចប់ ស្តុកទុក ការដឹកជញ្ជូន និងការកែច្នៃជាដើម
-សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងការគ្រប់គ្រងនានាក្នុងសហគមន៍កសិកម្ម។



៥).ខេត្តព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលស្វាយចន្ទី ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ២ រួមមាន៖ (១).សហគមន៍កសិកម្មកំពង់ប្រណាកមានជ័យ នៅចំការរបស់កសិករ ភូមិព្រៃកែង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និង (២).សហគមន៍កសិកម្មកែលំអរជីវភាពរស់នៅ នៅស្នាក់ការសហគមន៍កសិកម្ម ភូមិឈានមុខ ឃុំឈានមុខ ដែលមានអ្នកចូលរូមសរុប ៤១ នាក់ ក្នុងនោះមានស្រ្តី ៣៩ នាក់។ វគ្គនេះ មានប្រធានបទ ដែលបានធ្វើបទបង្ហាញជូនសិក្ខាកាម ដូចខាងក្រោម៖
–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការសំអាត
–ការប្រមូលផលគ្រាប់ស្វាយចន្ទី និងការហាលគ្រាប់ រួចទើបលក់បានតម្លៃល្អ
–វិធីសាស្រ្តប្រឡេះគ្រាប់ស្វាយចន្ទី
–ការលាងសំអាតគ្រាប់ស្វាយចន្ទី និងជ្រើសរើសគ្រាប់ស្វាយចន្ទីល្អ
–ការហាលសម្ងួតគ្រាប់ស្វាយចន្ទី ដោយប្រើកំដៅព្រះអាទិត្យ
–ការកំណត់លក្ខណៈ និងការត្រួតពិនិត្យគ្រាប់ចន្ទីស្ងួត
–ការស្តុកទុកគ្រាប់ចន្ទី (កន្លែងស្តុកទុកស្ងួត និងមានសំណើម ចន្លោះពី ៧-១០%)
–របៀបធ្វើជីកំប៉ុស និងជីទឹក។






៦).ខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចំរើនឃុំទ្រាស និងសហគមន៍កសិកម្មសាមគ្គីឃុំអូរសំព័រ នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ដែលមានអ្នកចូលរួមសរុប ២៦ នាក់ ក្នុងនោះមានស្រ្តី ២០ នាក់។ លោកស្រី ជូ ចរិយា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្ត្រីបង្គោលទទួលបន្ទុកសុវត្តិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ (Safe Guard) បានបើក និងដំណើរការវគ្គបណ្តុះបណ្តាលនេះ។
*មានខ្លឹមសារមេរៀនបច្ចេកទេស មានដូចខាងក្រោម៖
-ភាពធន់នឹងអាកាសធាតុ
-កិច្ចការពាសុវត្ថិភាពបរិស្ថាន និងសង្គម
-យន្តការដោះស្រាយបណ្តឹងសារទុក្ខ
-សមភាព សមធម៌ និងតួនាទីយេនឌ័រ។



៧).ខេត្តស្វាយរៀងបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសម្បត្តិមានជ័យ នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ដែលមានអ្នកចូលរួមសរុប ២១ នាក់ ក្នុងនោះមានស្រ្តី ៥ នាក់។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ៖
-សហគមន៍កសិកម្មមានការស្វែងយល់អំពីការប្រែប្រួលអាកាសធាតុ ដើម្បីអោយការចិញ្ចឹមមាន់ទទួលបានទិន្នផលខ្ពស់ ចំណាយតិច និងទទួលបានចំណូលសមរម្យ
-រាល់សកម្មភាពកសិកម្ម នឹងមិនប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍កសិកម្ម
-ក្នុងករណីមានផលប៉ះពាល់ដល់ការរស់នៅដោយសារសកម្មភាពផ្សេងៗពីកសិកម្ម ចេះតវ៉ាតាមផ្លូវច្បាប់ ទៅអាជ្ញាធរ ដោយប្រើប្រាស់សិទ្ធិរស់នៅជាមូលដ្ឋាន
-រាល់សកម្មភាពសង្គម ត្រូវយល់ដឹងអំពីសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍ និងគ្រួសារ។
ជារួមវគ្គបណ្តុះបណ្តាលនេះ បានធ្វើអោយសមាជិកដែលបានចូលរួម មានការយល់ដឹងកាន់តែច្បាស់ អំពីការរស់នៅជាមួយធម្មជាតិ ដែលកំពុងតែមានការប្រែប្រូល និងសិទ្ធិជាមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ទាំងមូល។



៨).ខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់ស្រែពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្មបុស្បូវ នៅភូមិភ្លង់ថ្មី សង្កាត់បុស្បុវ ក្រុងសំរោង បណ្តុះបណ្តាលដោយកសិករនាំមុខ ហេង គឹមនឿម ដែលមានអ្នកចូលរួម សរុប ២០ នាក់ ក្នុងនោះមានស្រ្តី ១៥ នាក់។
+ប្រធានបទ មានដូចខាងក្រោម៖
-ណែនាំ និងពង្រឹងសមត្ថភាពដល់កសិករ (លក្ខណៈសម្បត្តិសំខាន់ៗរបស់កសិករចិញ្ចឹមមាន់ដែលជោគជ័យ)
-ការសាងសង់ទ្រុង៖
.ការជ្រើសរើសទីតាំងសាងសង់ទ្រុង
.ការសាង់សង់ទ្រុងកូនមាន់ ទ្រុងមាន់សាច់ និងទ្រុងមេបាពូជ
-ការជ្រើសរើសមេបាពូជ
-របៀបធ្វើវ៉ាក់សាំងការពារ៖
.ញ៉ូកាស់លើកទី ១ កូនមាន់អាយុ ៣-៧ថ្ងៃ
.ជួសអុតកូនមាន់អាយុ ១៤ថ្ងៃ
.រំលឹកញ៉ូកាស់កូនមាន់អាយុ ២១ថ្ងៃ
.អាសន្នរោគអាយុមាន់ ៤៥-៥០ថ្ងៃ
.របៀបប្រើថ្នាំបន្ទាប់ពីធ្វើវ៉ាក់សាំងរួច
-ការថែទាំង និងអនាម័យ
-ការថែទាំកូនមាន់ ដោយការផ្តល់កម្ដៅតាមអាយុកាល
-ការរៀបចំអនាម័យទ្រុងមុនពេលដាក់មាន់ថ្មី
-អនុវត្តជាក់ស្តែងពីការប្រើប្រាស់វ៉ាក់សាំង និងរបៀបផ្សំចំណី។







៩).ខេត្តកំពង់ស្ពឺបានរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលមាន់ស្រែ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មរីកចំរើនទួលអំពិល នៅភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលមានអ្នកចូលរួមសរុប ២៩ នាក់ ក្នុងនោះមានស្រ្តី ១៨ នាក់។
លទ្ធផលនៃវគ្គបណ្តុះបណ្តាល ក្រុមការងារជំនាញបានពន្យល់ និងបង្ហាញនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖
-ការជ្រើសរើសពូជមាន់ (មេ បា) មានប្រវត្តិល្អ សុខភាពល្អ រោមជិតល្អ មានធ្វើវ៉ាក់សាំងត្រឹមត្រូវ
-បច្ចេកទេសនៃការធ្វើទ្រុងមាន់ (ទីទួលសុវត្ថិភាព មិនលិចទឹក ងាយស្រួលក្នុងការគ្រប់គ្រង…) ទ្រុងមេ-បា ទ្រុងមាន់សាច់-ជំទង់ ទ្រុងកូន
-ការថែទាំ (ការធ្វើអនាម័យ ការសំអាតស្នូកទឹក ស្នូកចំណី ការបាញ់ថ្នាំសំលាប់មេរោគ)
-ការធ្វើវ៉ាក់សាំង (ញ៉ូកាស អាសន្នរោគ អ៊ុត)
-ការផ្តល់ចំណី៖ ទៅតាមអាយុមាន់ និងប្រភេទចំណី (ចំណីសម្រេច និងចំណីលាយបែបធម្មជាតិ)។
ក្រុមការងារបានពិភាក្សា អំពីបញ្ហាប្រឈមដែលសហគមន៍កសិកម្ម និងសមាជិកបានជួបប្រទះក្នុងការចិញ្ចឹមមាន់ និងបានផ្តល់នូវដំណោះស្រាយនានា ចំពោះបញ្ហាប្រឈមទាំងនោះ។
ជាមួយគ្នានោះដែរ ក្រុមការងារបានបង្ហាញ អំពីគោលការកម្ចីថវិកាពីធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មរបស់សហគមន៍កសិកម្ម ឬសមាជិក ក្នុងក្របខណ្ឌកម្មវីធី ASPIRE-AT ផងដែរ។


