កិច្ចប្រជុំជាមួយអាជ្ញាធរឃុំពេជ្រមុនី និងថ្នាក់ដឹកនាំសហគមន៍កសិកម្មគាំទ្រផលិតផលកសិកម្មឃុំពេជ្រមុនី (ផលិតកម្មមាន់ស្រែ) នៅខេត្តកំពង់ស្ពឺ
កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានប្រជុំជាមួយអាជ្ញាធរឃុំពេជ្រមុនី និងថ្នាក់ដឹកនាំសហគមន៍កសិកម្មគាំទ្រផលិតផលកសិកម្មឃុំពេជ្រមុនី (ផលិតកម្មមាន់ស្រែ) នៅសាលាឃុំពេជ្រមុនី ស្រុកគងពិសី ដែលមានការអញ្ជើញចូលរួមពី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ២ នាក់។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី៖ (១) សម្របសម្រួល និងជម្រុញការកៀគរសមាជិកសហគមន៍កសិកម្មបន្ថែម និង (២) គាំទ្រ និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម។
លទ្ធផល នៃកិច្ចប្រជុំនេះ គឺ៖
១. បានពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកសហគមន៍
២. បានពិភាក្សា និងសំណូមពរដល់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិគ្រប់ភូមិ ជួយគាំទ្រដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្នុងការផ្សព្វផ្សាយ និងជម្រញការកៀរគរសមាជិកបន្ថែមឱ្យបាន ១៥០ គ្រួសារ។ ឆ្លើយតបនឹងសំណូមពរនេះ លោកមេឃុំបានផ្តល់អនុសាសន៍ថា រាល់ការប្រជុំទាំងអស់របស់ឃុំ សូមឱ្យលើកឡើងអំពីបញ្ហាទាំងអស់នេះ។ សូមថ្នាក់ដឹកនាំសហគមន៍កសិកម្ម រកពេលវេលាសមស្របណាមួយប្រជុំជាមួយ លោកមេភូមិគ្រប់ភូមិ ដើម្បីពិភាក្សា និងកំណត់ពេលវេលាទៅធ្វើកិច្ចការនេះ។
៣. បានស្នើសុំឱ្យថ្នាក់ដឹកនាំសហគមន៍កសិកម្មស្រង់ទិន្នន័យ ដូចជា៖ (ក) សមាជិកសហគមន៍ដែលចិញ្ចឹមមាន់ជាប្រចាំ (ចិញ្ចឹមដើម្បីលក់) (ខ) សមាជិកសហគមន៍ដែលមាន និងគ្មានទ្រុងចិញ្ចឹមមាន់ (គ) ចំនួនមាន់កំពុងចិញ្ចឹមរបស់សមាជិក (មេ បា និងជំទង់) (ឃ) ទីផ្សារ និងតម្លៃមាន់នៅក្នុងឃុំ/សហគមន៍។






