Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ IFAD ដើម្បីមើលថែការអនុវត្ត និងច្នៃបង្កើតការបន្ថែមហិរញ្ញប្បទាន ជូនកម្មវិធី ASPIRE-AT

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ IFAD ដើម្បីមើលថែការអនុវត្ត និងច្នៃបង្កើតការបន្ថែមហិរញ្ញប្បទាន ជូនកម្មវិធី ASPIRE-AT

 

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ IFAD ដើម្បីមើលថែការអនុវត្ត និងច្នៃបង្កើតការបន្ថែមហិរញ្ញប្បទាន ជូនកម្មវិធី ASPIRE-AT ។
—————

កិច្ចប្រជុំនេះត្រូវបានចូលរួមដោយ ក្រុមបេសកកម្ម ដឹកនាំដោយលោក Frew Behabtu នាយក IFAD ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) មន្ត្រីធនាគារវិនិយោគអឺរ៉ុប (EIB) មន្ត្រីអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីធនាគារ SME និង ARDB គម្រោងភាពជាដៃគូរវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តភាព (EU-German CAPSAFE) ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) មន្ត្រីគម្រោង CREA មន្ត្រីអង្គការ People in Need Cambodia មន្ត្រីក្រុមហ៊ុន IIRR ថ្នាក់ដឹកនាំ មន្ត្រី និងទីប្រឹក្សា នៃមន្ទីរកសិកម្មខេត្តគោលដៅទាំង២១ រួមទាំងមន្រ្តី នៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT សរុបចំនួន ១០២ នាក់ (ក្នុងនោះ មានស្ត្រី ២៥ នាក់)។

 

ក្នុងកិច្ចប្រជុំនេះ ក្រុមបេសកកម្ម IFAD បានបង្ហាញពីការ ពិនិត្យ និងកែសម្រួលសកម្មភាព មួយចំនួន ដើម្បីឱ្យស្របតាមតម្រូវការ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តោតលើការគាំទ្រសហគមន៍កសិកម្មទំនើប និង ការពង្រាយមន្ត្រីកសិកម្មថ្នាក់ឃុំ ប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនោះ កម្មវិធី ASPIRE-AT អាចបន្ថែមខ្សែច្រវាក់តម្លៃស្រូវ ដោយប្រើប្រាស់ថវិការបស់ IFAD ដោយផ្ទាល់ ដែលជាឱកាសដ៏ល្អក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម។ ឯកសារជំនួយស្មារតីដែលបានបង្ហាញ និងពិភាក្សាក៏នឹងត្រូវយកទៅអនុវត្ត ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងតាមផែនការ។
រយៈពេល ៣ ឆ្នាំកន្លងទៅ វឌ្ឍនភាពរបស់កម្មវិធី ASPIRE-AT គឺគួរឱ្យកត់សម្គាល់ ដោយបានសម្រេចកិច្ចការជាច្រើន ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសន្ទុះការងារ ដើម្បីឈានទៅរកការសម្រេចបានគោលដៅរបស់កម្មវិធី។

 

ទិសដៅសម្រាប់ឆ្នាំ ២០២៦ រួមមាន៖
កម្មវិធី ASPIRE-AT នឹង ផ្អាកការបង្កើតសហគមន៍កសិកម្មថ្មី ដោយផ្តោតសំខាន់ទៅនឹង ការពង្រឹងសមត្ថភាព ដល់សហគមន៍កសិកម្មដែលមានស្រាប់ ក្នុងនោះមាន៖ ការអភិបាលកិច្ច, ការកសាងផែនការអាជីវកម្ម, ការភ្ជាប់ទំនាក់ទំនងទីផ្សារ និងការរៀបចំដើមទុនសម្រាប់ពាណិជ្ជកម្ម។
ការរៀបចំផែនការសកម្មភាព នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយអ្នកពាក់ព័ន្ធត្រូវពិចារណាលើការងារសម្រាប់ឆ្នាំ ២០២៦ ដោយយោងតាមឯកសារកម្មវិធី/គម្រោង, ឯកសារជំនួយស្មារតី និងស្ថានភាពជាក់ស្តែងក្នុងតំបន់។ កម្មវិធីនឹង បន្តពង្រឹងការអនុម័តសំណើសុំសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍កសិកម្ម។

 

ជាងនេះទៅទៀត កម្មវិធីត្រូវបន្តសហការជាមួយគម្រោង SAAMBAT និង AIMS ដើម្បីបង្កើតព្រឹត្តិការណ៍ជួបជុំ សម្រាប់ ចែករំលែកចំណេះដឹង និងការអនុវត្តល្អៗ ឱ្យគ្នាទៅវិញទៅមក។
ការសម្រេចចិត្ត និងទិសដៅទាំងនេះ ត្រូវបានរំពឹងថានឹងនាំមកនូវការរីកចម្រើន និងប្រសិទ្ធភាពកាន់តែខ្ពស់ដល់វិស័យកសិកម្មនៅកម្ពុជា។

 

 









 

 

Leave a Reply

Your email address will not be published.