ការជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំក្រឡាញ់អភិវឌ្ឍ ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំក្រឡាញ់អភិវឌ្ឍ ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ និងលក្ខខណ្ទតម្រូវ នៃការផ្តល់ឥណទានរបស់ធនាគារ ARDB ដែលមានអ្នកចូលរួមចំនួន ២១នាក់ (ស្រី ១៥នាក់)។
ជាលទ្ធផល៖
+ធនាគារ ARDB បានជម្រាបជូនអំពី៖
-រយៈពេលកម្ចីរហូត ៧ឆ្នាំ
-ទំហំឥណទានចំនួនពី ៥០០ដុល្លាអាមេរិក ដល់ ២០ ០០០ដុល្លាអាមេរិក
-អត្រាការប្រាក់ក្នុង ១ឆ្នាំ ៨% (០.៦៦% ក្នុង ១ខែ)
-ទ្រព្យបញ្ចាំបន្ថែមលើប្រាក់ធានារបស់គម្រោង (អាចជាប្លឹងរឹង ប្លង់ទន់ បង្កាន់ដៃ ឬមានអ្នកធានាជំនួស ដើម្បីបន្ថែមជំនឿ និងទំនុកចិត្តពីធនាគារ)
-គោលការណ៍ក្រោយទទួលបានឥណទានក្នុងរយៈពេល ៤៥ថ្ងៃ ខាងធនាគារនឹងទៅតាមដានការប្រើឥណទាន ក្នុងករណីមិនបានអនុវត្តតាមគោលបំណងពិតប្រាកដនៃការប្រើឥណទាន នឹងទទួលពិន័យ ០.៥% និងដកហូតឥណទានត្រឡប់មកវិញ
-ចំពោះការទូទាត់សំណងប្រចាំខែ អាស្រ័យលើការជជែករវាងអតិថិជនជាមួយធនាគារ (មានលក្ខណៈបទបែន អាចសងតែការ ៣ខែដំបូង ពេលដែលផលិតកម្មមិនបានលក់នៅទីផ្សារ និងក្រោយ ៣ខែ សងដើមតាមក្រោយ)
-ក្នុងករណីប្រធានសក្ត័ ដែលដំណើរផលិតកម្មមិនអាចទៅបាន ខាងធនាគារនឹងពិនិត្យតាមការជាក់ស្តែង ហើយពិភាក្សាអំពីលទ្ធភាពស្តារអាជីវកម្មឡើងវិញ
-ក្នុងករណីអតិថិជនត្រូវការបច្ចេកទេសថែទាំ ដាំដំណាំ និងចិញ្ចឹមសត្វ ខាងធនាគារអាចមានអ្នកបច្ចេកទេសមកជួយណែនាំបាន
-កម្ចីត្រូវតែយកទៅប្រើប្រាស់ចំគោលដៅ ទើបទទួលបានជំនួយឥតសំណង ប៉ុន្តែប្រសិនប្រើខុសគោលដៅចាត់ទុកជាឥណទានទូទៅ មិនទទួលបានជំនួយឥតសំណងទេ
-គ្រប់ករណីទាំងអស់ ទោះបីមានទ្រព្យបញ្ចាំ ឬមានប្រាក់ធានាពីកម្មវិធី ASPIRE-AT ក្តី បុគ្គលិកធនាគារនឹងទៅវាយតម្លៃជាក់ស្តែងតាមគ្រួសារនីមួយៗ។
+ដោយឡែក ចំពោះក្របខណ្ឌកម្មវិធី ASPIRE-AT ទីប្រឹក្សាសម្របសម្រួលកម្មវិធី បានជម្រាបជូនអំពី៖
-សមាជិកសហគមន៍កសិកម្មដែលជាកសិករខ្នាតតូច អាចខ្ចីឥណទានជាមធ្យមចំនួន ៣ ៧០០ដុល្លាអាមេរិក និងទទួលបានជំនួយឥតសំណង ២០%
-សមាជិកសហកមន៍ជាស្រ្តីដែលជាមេគ្រួសារ មានបណ្ណ័ក្រីក្រ ជនពិការ ជនជាតិដើមភាគតិច និងទទួលបានជំនួយឥតសំណង ២៧%
-សហគមន៍អាចទទួលបានជំនួយឥតសំណង ៣០%
-ជំនួយឥតសំណង អាចទទួលបានលុះត្រាតែសមាជិក និងសហគមន៍សងត្រឡប់ទាំងដើម ទាំងការទៅធនាគារគ្រប់ចំនួនជាមុនសិន ទាំងរូបវន្តបុគ្គល/គ្រួសារកសិករខ្នាតតូច និងសហគមន៍ ត្រូវតែមានលក្ខណៈសម្បត្តិសមស្របតាមលក្ខណៈវិនិច្ឆ័យអប្បរមារបស់ធនាគារ ARDB (លក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌតម្រូវ ដែលកំណត់ដោយធនាគារ ARDB )។
បន្ទាប់ពីបានផ្សព្វផ្សាយរួចមក កសិករទាំងអស់មានការយល់ដឹងច្បាស់អំពីគោលការណ៍និងលក្ខខណ្ឌតម្រូវ នៃការផ្តល់ឥណទាន និងបានពិចារណាថានឹងស្នើសុំឥណទាន ហើយប្តេជ្ញាគោរពតាមគោលការណ៍ និងលក្ខខណ្ឌរបស់ធនាគារ ARDB ។




