ការពិនិត្យការដាំបន្លែរបស់កសិករក្នុងសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ និងប្រមូលបញ្ចូលទិន្នន័យកសិករ ដើម្បីបញ្ចូលក្នុងប្រព័ន្ធ MIS នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ខេត្តប៉ៃលិន៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានទៅពិនិត្យការដាំបន្លែរបស់កសិករក្នុងសហគមន៍កសិកម្មបន្លែបៃតងសន្តិភាពឃុំស្ទឹងត្រង់ និងប្រមូលបញ្ចូលទិន្នន័យកសិករ ដើម្បីបញ្ចូលក្នុងប្រព័ន្ធ MIS នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
កសិករជាសមាជិកសហគមន៍កសិកម្មចំនួន ២នាក់ ម្នាក់ឈ្មោះ រឿន ប៊ុនធិន កំពុងដាំត្រឡាចទ្រើងលើផ្ទៃដី ១ រ៉ៃ ក្នុងអំទ្បុងពេលដែលគាត់កំពុងប្រមូលផលត្រសក់ចុងក្រោយរបស់គាត់។ គាត់បានដាំត្រសក់លើផ្ទៃដី ១រ៉ៃ និងបានប្រមូលផលពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានចំនួន ៤ ៦៣៦ គីឡូក្រាម និងលក់បានប្រាក់សរុបចំនួន ៩ ២០៥ ០០០រៀល។ កសិករម្នាក់ទៀតឈ្មោះ មឿន មួន ដាំបន្លែលក់វិលជុំ ដែលកំពុងដាំបន្លែស្ពៃក្តោប និងស្ពៃជ្រក់ លើផ្ទៃដី ២ហិកតា ដោយដាំស្ពៃជ្រក់លើផ្ទៃដី ២,៥ រ៉ៃ ស្មើនឹងប្រមាណ ៤ ១៦៦ ម៉ែត្រការ៉េ ដែលបាននិងកំពុងប្រមូលផលបណ្តើរៗហើយពេលនេះ ហើយដីនៅសល់គាត់ដាំស្ពៃក្តោប។ កសិករថាបរិមាណផលស្ពៃជ្រក់អាចប្រមូលបាន ២,៥ តោន និងស្ពៃក្តោបគាត់រំពឹងថាបានផល ៧៩តោន ដែលគ្រោងនឹងប្រមូលផលនៅចុងខែកក្កដានេះ ព្រមទាំងមានតម្លៃសមរម្យ។ គាត់លក់បោះដុំអោយអ្នកទិញមកពីខេត្តសៀមរាប។ គាត់ថាទីផ្សារបន្លែរបស់គាត់គឺល្អ ពោលគឺអោយតែផលិតបាន។





