កម្មវិធី ASPIRE-AT បានរៀបចំកិច្ចប្រជុំរបស់បណ្ដាញកសិករនាំមុខនៃខ្សែច្រវាក់តម្លៃបន្លែ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលរៀបចំកិច្ចប្រជុំរបស់បណ្ដាញកសិករនាំមុខនៃខ្សែច្រវាក់តម្លៃបន្លែ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅកសិដ្ឋានរបស់កសិករឆ្នើមម្នាក់ គឺលោក ឈាវ ហុង ដែលស្ថិតនៅភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អ្នកដែលបានចូលរួម មាន ៖ ក្រុមការងារនៃលេខាធិការដ្ឋានកម្មវិធី ASPIRE-AT មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងកសិករឆ្នើម ឬ កសិករនាំមុខ សរុបចំនួន ៦០ នាក់ (នៅក្នុងនោះ មានស្រ្តី ១០ នាក់)។
កិច្ចប្រជុំនោះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសជូនកសិករនាំមុខ បានជួបជុំគ្នាពិភាក្សាដោះស្រាយបញ្ហាប្រឈមថ្មីៗរបស់សហគមន៍កសិកម្ម និងកសិករដែលដាំដុះបន្លែ ព្រមទាំងបង្កើនការយល់ដឹងអំពីការបញ្រ្ជាបយេនឌ័រ។
ជាលទ្ធផល បញ្ហាសំខាន់ៗ ដែលឧស្សាហ៍កើតមាននៅក្នុងផលិតកម្មបន្លែ ដូចជា ជំងឺណេម៉ាតូត ជំងឺរលួយគាវស្លឹកស្ពៃក្តោប និងការបំផ្លាញរបស់សត្វទាក ព្រមទាំងវិធីដាំបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានជាប់លាប់ គឺពីដើមដល់ចុងឆ្នាំ ត្រូវបានពិភាក្សា និងកំណត់។ ជាមួយគ្នានោះ ការបញ្រ្ជាបយេនឌ័រ និងការធ្វើឱ្យទទួលបានឥណទានដើម្បីពង្រីកផលិតកម្ម ក៏ត្រូវបានពិភាក្សា និងដោះស្រាយផងដែរ។









