មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិកាឡៃ ២ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដឹកនាំដោយលោក ញឹម គឹមជាង អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងកម្មវិធី រួមជាមួយលោក យែម អូន មន្រ្តីទទួលបន្ទុកសហគមន៍ លោក ឡុង លន អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្ត បានសហការជាមួយអជ្ញាធរស្រុក ឃុំ និងភូមិ រៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅភូមិកាឡៃ ២ ឃុំកាឡៃ ស្រុកអូរជុំ ក្នុងគោលបំណងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ ព្រមទាំងអនុម័តនូវ ឈ្មោះសហគមន៍កសិកម្ម មុខរបរ តម្លៃភាគហ៊ុន ប្រាក់ចូលជាសមាជិកភាព ការបែងចែកភាគលាភ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។
កម្មវិធីនេះក្រោមអធិបតីភាព លោកស្រី ខាំ ណាវ អភិបាលរងស្រុកអូរជុំ និងមានការចូលរួមពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជុំ លោកមេឃុំ មន្រ្តីកសិកម្មឃុំ លោកមេភូមិ-អនុភូមិ លោកមេប៉ុស្តិ៍ ប្រជាការពារ ព្រមទាំងប្រជាកសិករសរុបចំនួន ១០៨នាក់ ក្នុងនោះស្រ្តី ៤៣នាក់។
មហាសន្និបាតនេះបានឯកភាពលើកិច្ចការងារសំខាន់ៗដូចខាងក្រោម៖
* បានកំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មចម្រុះឃុំកាឡៃ”
* បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ០៩រូប (ស្រ្តី ៤ រូប)
* បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ០៥រូប (ស្រ្តី ៣រូប)
* កំណត់យកទីតាំងសហគមន៍នៅភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី
* ពង្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍កសិកម្ម
* មុខរបររបស់សហគមន៍មាន៖ ផលិតកម្មស្វាយចន្ទី កៅស៊ូ ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្ម ឥណទាន
* អនុម័តប្រាក់ភាគហ៊ុន ១០ ០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ២ ០០០៛/គ្រួសារ។




