កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ណៃ ម៉េត នៅសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ ណៃ ម៉េត នៅសហគមន៍កសិកម្មបន្លែចម្រុះភូមិកោះថ្មី នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ដែលមានអ្នកចូលរួមសរុប ២៨នាក់ (ស្រី ៦នាក់)។ កសិករនាំមុខឈ្មោះ ណៃ ម៉េត បានចូលរួមកន្លងមកក្នុងកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មបន្លែ ពីសហគមន៍កសិកម្មតាសីសាមគ្គី នៅខេត្តបាត់ដំបង ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។
ជាលទ្ធផលសម្រេចបាន មានដូចខាងក្រោម៖
– ធ្វើបទបង្ហាញអំពីប្រវត្តិនៃដំណើរការរបស់សហគមន៍កសិកម្មតាសីសាមគ្គី ចាប់តាំងពីកកើតរហូតដល់ពេលបច្ចុប្បន្ន ដែលដឹកនាំដោយលោក ណុប នុន រហូតបានជោគជ័យដល់សព្វថ្ងៃនេះ
– លក្ខខណ្ឌបច្ចេកទេសក្នុងការដាំដុះស្របតាមតម្រូវការទីផ្សារ
– ការចាប់យកឱកាស និងការពង្រឹងសមត្ថភាពរបស់សហគមន៍ និងសមាជិកសហគមន៍ ដែលមានការគាំទ្រពីកម្មវិធី ASPIRE-AT និងគម្រោងនានា
– ការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពលើបច្ចេកទេសដាំដុះដំណាំ ដោយផ្តោតលើគោលការណ៍សុវត្ថិភាព ឬគោលការណ៍អនុវត្តកសិកម្មល្អ (GAP) តាមរយៈការផលិតជីទឹក ជីកំប៉ុស្ដិ៍គោក វិធានការចម្រុះលើការគ្រប់គ្រងកត្តាសត្វចង្រៃ (IPM) ការប្រើប្រាស់ថ្នាំកសិកម្មតាមបច្ចេកទេស និងតាមតម្រូវការជាក់ស្តែង…។ល។
– បានអនុវត្តជាក់ស្ដែងលើការផលិតជីកំប៉ុស្ដិ៍គោក ជីទឹក និងវិធីសាស្ត្រសាបកូនសម្រាប់ដាំក្នុងផ្ទះសំណាញ់ ដែលអនុវត្តផ្ទាល់ដោយសមាជិកម្នាក់ម្តងៗ និងមានការបង្ហាត់បង្ហាញដោយកសិករនាំមុខ។
លោក ស៊ុំ សុវណ្ណ អនុប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមឆ្លើយ លើសំណួរ-ចម្លើយ បច្ចេកទេសសម្រាប់ការដាំដុះដំណាំ និងការប្រើប្រាស់ជី-ថ្នាំ ប្រកបដោយសុវត្ថិភាព នាពេលនោះផងដែរ៕







