ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងក្រុមការងារ បានជួបប្រជុំ និងសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្មខេត្តតាកែវ និងខេត្តកំពត
ដើម្បីជំរុញការអនុវត្តកម្មវិធី ASPIRE-AT ឱ្យកាន់តែមានប្រសិទ្ធភាព ឈានឆ្ពោះទៅសម្រេចយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ថ្ងៃទី ២៨ និង ២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT និងក្រុមការងារ បានជួបប្រជុំ និងសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងខេត្តកំពត ទីប្រឹក្សា មន្ត្រីកសិកម្មឃុំ និងប្រជាកសិករ ដែលជាអ្នកដឹកនាំ និងសមាជិកសហគមន៍កសិកម្មបន្លែ និងទុរេន។
ឯកឧត្តមរដ្ឋលេខាធិការបានណែនាំមន្ត្រី និងទីប្រឹក្សាឱ្យប្រឹងប្រែងអនុវត្តភារកិច្ច ប្រកបដោយវិជ្ជាជីវៈ និងមានភាពឈ្លាសវៃ ហើយបានជម្រាបប្រជាកសិករអំពីបច្ចុប្បន្នភាពនៃវិស័យកសិកម្ម កម្មវិធីគោលនយោបាយជាតិ យុទ្ធសាស្ត្ររបស់ក្រសួង ជាពិសេសគោលគំនិតនៃការបង្កើត និងដំណើរការសហគមន៍កសិកម្មទំនើប។ ឯកឧត្តមបានណែនាំកសិករ និងសហគមន៍ឱ្យព្យាយាមផលិតឱ្យត្រូវនឹងតម្រូវការទីផ្សារ ទាំងបរិមាណ និងគុណភាព ជាពិសេសគឺធ្វើឱ្យផលិតផលមានសុវត្ថិភាពសម្រាប់ការហូបចុក ដែលក៏ជួយធ្វើឱ្យទទួលបានអ្នកទិញ ឬ ទីផ្សារច្រើន និងយូរអង្វែង ។ ជាចុងក្រោយ ឯកឧត្តមបានឆ្លើយ និងពន្យល់រាល់គ្រប់សំណួរ ដែលបានលើកឡើង និងបានសន្យាថាក្រសួង និងមន្ទីរនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីផ្តល់ការគាំទ្របន្ថែម ទាំងផ្នែកបច្ចេកទេស ដើមទុន និងមធ្យោបាយផលិតកម្ម និងការធ្វើអាជីវកម្ម។
ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំថ្នាក់ដឹកនាំមន្ទីរ និងទីប្រឹក្សាឱ្យបន្តធ្វើតេស្តពិនិត្យមើលកាកសំណល់ជាតិពុល នៅក្នុងបន្លែ និងផ្លែឈើ ដែលកំពុងត្រូវបានលក់ដូរនៅតាមទីផ្សារ និងដែលផលិតដោយកសិករ និងសហគមន៍កសិកម្ម ដែលគាំទ្រដោយគម្រោងនានា និងមន្ទីរកសិកម្មខេត្ត។





