លោកពូ ម៉ៅ សារ៉ាត់ មានអាយុ ៦១ ឆ្នាំ ជានិវត្តន៍ជន និងភរិយាឈ្មោះថុច ស៊ីថា អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ ភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សព្វថ្ងៃលោកពូមានសមាជិកក្នុងគ្រួសារចំនួន ៥ នាក់ ហើយគ្រួសាររបស់លោកពូគឺប្រកបរបរចិញ្ចឹមជីវិតលើការដាំដុះបន្លែ ដែលជាប្រភពចំណូលស្ទើរតែទាំងស្រុងក្រៅពីនេះនៅក្នុងគ្រួសាររបស់គាត់ក៏មានការចិញ្ចឹមមាន់តិចតួចបន្ថែមផងដែរ។
កន្លងមក និងមុនពេលចូលរួមជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) គាត់បានដាំបន្លែចំរុះជាច្រើនមុខ រួមមាន ស្ពៃក្តោប ស្ពៃគ្រប់មុខ ត្រសក់ទ្រើង ត្រឡាច ននោង ត្រប់វែង សណ្តែកកួរ និងជីគ្រប់មុខ សម្រាប់លក់ នៅផ្ទះ និងនៅក្នុងផ្សារស្រអែម។
ពូសារ៉ាត់ មានបទពិសោធន៍ខ្លះៗពីបច្ចេកទេសដាំបន្លែ ប៉ុន្តែគាត់មិនបានអនុវត្តន៍តាមបច្ចេកទេសថ្មីៗ ទាំងស្រុងឡើយ ហើយពេលខ្លះគាត់ជួបបញ្ហាដូចជា សត្វល្អិត (ទាកគូរ ដង្កូវចោះផ្លែ) និងជំងឺរលួយកូនបន្លែ ជាបន្តរបន្ទាប់។ ពូ សារ៉ាត់ បានបន្តទៀតថា “ដំណាំបន្លែងាយនឹងខូចណាស់ ទាមទារឲ្យយើងមើលថែទាំជាប្រចាំ ពិសេសពិនិត្យមើលពីវត្តមានកត្តាចង្រៃផ្សេងៗ ទាំងពេលព្រឹក និងល្ងាច។
នៅចុងឆ្នាំ២០១៦ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) បានចាប់ផ្តើមអនុវត្ត ដោយបានជ្រើសរើសយកភូមិធម្មជាតិតេជោ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ជាភូមិគោលដៅមួយក្នុងចំណោមភូមិ ឃុំដទៃទៀតក្នុងខេត្តព្រះវិហារ។ ហើយលោកពូ ម៉ៅ សារ៉ាត់ ក៏បានស្ម័គ្រចិត្តចូលរួមជាមួយនឹងកម្មវិធីដើម្បីបានទទួលយកចំណេះដឹងបន្ថែមទៀតពីការដាំដុះបន្លែដោយប្រើប្រាស់នូវបច្ចេកទេសថ្មីៗពិសេសគឺចំណេះដឹងទាក់ទងការដោះស្រាយរាល់ការប្រឈមនៅពេលមានបញ្ហានៃការប្រែប្រួលអាកាសធាតិជាដើម។
ដោយមានការប្តេជ្ញាចិត្តខ្ពស់និងអនុវត្តន៍តាមបច្ចេកទេស ដែលបានរៀនកន្លងមក នៅឆ្នាំ ២០១៧ លោកពូសារ៉ាត់ ត្រូវបានជ្រើសរើសជាកសិករធ្វើបង្ហាញក្នុងក្រុមផលិតនិងក្លាយជាគំរូដល់បណ្តា២៤សមាជិកដទៃទៀតក្នុងក្រុម។
រហូតមកដល់សព្វថ្ងៃនេះ គាត់មានផ្ទៃដី សម្រាប់ដាំដុះបន្លែចំនួន ២ ហិកតា ហើយគាត់ដាំដំណាំបន្លែចំរុះវិលជុំ ពេញមួយឆ្នាំ។ ក្នុងមួយខែគាត់អាចទទួលបានប្រាក់ចំណូលជាមធ្យម១ លាន ៥សែនរៀល ទៅ ២លានរៀលហើយការចំណាយវិញក្នុង ១ ឆ្នាំ ប្រមាណជា ២ លានរៀល លើថ្លៃទិញធាតុចូល។
បន្ទាប់ពីសន្សំលុយដែលគាត់បានពីការលក់បន្លែគាត់បានយកទៅទិញដីពង្រីកការដាំបន្លែបន្ថែមអស់ប្រមាណ ៣០០០ ដុល្លា។ ហើយក្រៅពីនេះលុយចំណូលពីការលក់បន្លែនេះគាត់ក៏បានប្រើប្រាស់សំរាប់ចំណាយផ្សេងៗក្នុងគ្រួសាររួមថ្លៃម្ហូបអាហារ របស់របរចាំបាច់ផ្សេងៗ និងថ្លៃសាលាកូនៗ និងចៅៗទៅសាលារៀនផងដែរ។
គាត់បានបន្ថែមទៀតថា “ការដាំបន្លែ និងចិញ្ចឹមមាន់ ជួយឲ្យគាត់កាត់បន្ថយការចំណាយប្រចាំថ្ងៃ ជួយឲ្យគ្រួសារមានសុខភាពល្អតាមរយៈការប្រើកំលាំងតិចតួចប្រចាំថ្ងៃនិងពិសេសគឺអាចទទូលទានបន្លែដែលដាំដោយខ្លួនឯងដោយទំនុកចិត្តមិនបារម្ភរឿងថ្នាំគីមី។» គាត់បានបញ្ជាក់ទៀតថា«គាត់អាចលក់ឲ្យអ្នកផ្សេងទៀតហើយអាចឲ្យពួកគេទទួលបានសុខភាពល្អដូចគ្រួសារគាត់ដែរ” ។
លោកពូសារ៉ាត់ បានលើកឡើងថា ការដែលយើងអនុវត្តន៍តាមបច្ចេកទេសថ្មី ដូចជារៀបប្រព័ន្ធដំណក់ទឹក ការលើកគ្របរង និងការប្រើប្រាស់ជីធម្មជាតិដែលអាចរកនៅជុំវិញផ្ទះគឺធ្វើឲ្យយើងចំណេញកម្លាំងពលកម្ម សន្សំសំចៃទឹក និងទទួលបានទិន្នផលល្អ ហើយអាចជួយបង្កើន ជីវភាពនៅក្នុងគ្រួសារកាន់តែធូធារបន្ថែមទៀត។
ហើយគាត់បានរៀបរាប់ដែរថាចំពោះទីផ្សារបន្លែរបស់គាត់វិញគឺសំបូរអ្នកទិញណាស់ទាំងនៅផ្សារស្រអែមនិងនៅផ្សារជាំក្សាន្តហើយព្រោះអ្នកទិញយកទៅលក់បន្តទាំងនោះដឹងច្បាស់ពីប្រភពនៃបន្លែនិងយល់ថា បន្លែតារ៉ាត់គឺ មានសុវត្ថិភាពខ្ពស់ហើយពួកគេគឺមានទំនុកចិត្តលើបន្លែដែលគាត់ផលិតតែម្តង។