ការដាំបន្លែចម្រុះអាចផ្តល់ប្រាក់ចំណេញជាង៣០លានរៀលជារៀងរាល់ឆ្នាំ | ASPIRE CAMBODIA

ខេត្តព្រះវិហារ៖ លោកស្រី ងួន សុខុម ជាកសិករឆ្នើមដាំបន្លែ អាយុ ៤៣ ឆ្នាំ និងស្វាមីឈ្មោះ សំ រ៉ាត់ អាយុ ៤១ រស់នោះភូមិ កំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។

គ្រួសាររបស់គាត់គឺបានប្រកបរបរដាំបន្លែចម្រុះតាំងពីឆ្នាំ១៩៩៧លើផ្ទៃដី២០ម៉ែត្រការ៉េតែតាំងពីបានចូលរួមជាមួយកម្មវិធីASPIREនៅឆ្នាំ២០១៦មក គ្រួសាររបស់គាត់បានពង្រីកផ្ទៃដីដាំដុះនៅឆ្នាំ២០១៧ចំនួន១០០ម៉ែត្រការ៉េនិងពេលបច្ចុប្បន្នបានពង្រីកបន្ថែមរហូតដល់ទៅ៥០០០ម៉ែត្រការ៉េ។

លោកស្រីបន្តទៀតថា ដោយមានការជួយជ្រោមជ្រែងទាំងបច្ចេកទេស និង សម្ភារមួយចំនួន ព្រមទាំងសម្របសម្រួលផ្នែកទីផ្សារពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាត(ASPIRE) បានធ្វើអោយលោកស្រីបានដឹងកាន់តែច្រើនអំពីតម្រូវការ និងតម្លៃបន្លែ ព្រមទាំងបង្កើតបណ្ដាញទីផ្សារក្នុងតំបន់ផងដែរ។

លោកស្រីបន្តទៀតថា ការចំណាយលើ កំលាំងពលកម្ម រៀបចំដី លើករងបន្លែ ពូជ សម្ភារផ្សេងៗ និងការប្រមូលផល គឺអស់ចំនួន ៨,០០០,០០០ រៀលក្នុងមួយឆ្នាំ (ចំពោះសម្ភារគាត់អាចប្រើប្រាស់បានចំនួន ៦ដង) និងទទួលបានប្រាក់ចំណូលពីការលក់បន្លែវិញបានចំនួន ៦,៩០០,០០០រៀល ក្នុងមួយវដ្ដនៃដំណាំ(១ដង)។

លោកស្រីបន្តទៀតថា យ៉ាងហោចក្នុងមួយឆ្នាំ គាត់ទទួលបានប្រាក់ចំណូលចំនួន ៤១,៤០០,០០០ រៀល ពីការលក់បន្លែជាប្រចាំ ហើយគាត់ទទួលបានប្រាក់ចំណេញសរុបប្រចាំឆ្នាំបានចំនួន ៣៣,៤០០,០០០រៀល ក្រៅពីនេះគាត់ក៏មានផ្ទៃដីធ្វើស្រែ ២ហិកតា និងចិញ្ចឹមសត្វ(សត្វជ្រូក និងសត្វមាន់)ជាលក្ខណៈគ្រួសារថែមទៀតផង៕

 

Copy link
Powered by Social Snap