ការដាំ​បន្លែ​បាន​ប្រែ​ជីវភាពពីជិះកង់​មក​ម៉ូតូ​ ពង្រីកដីដាំដុះ​ និង​សង់​ផ្ទះថ្មី​បន្ថែម | ASPIRE CAMBODIA

កញ្ញាឡាង​ សុខា​មាន​អាយុ២៤​ឆ្នាំ​ជា​សមាជិក​នៃក្រុម​កសិករ​សិក្សាខ្នាត​តូច​នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេសកសិកម្ម​ថ្មីដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រែ​អាកាសធាតុហៅកាត់​ថា​ASPIRE ស្ថិត​​នៅ​ក្នុង​ភូមិជ្រែង​ ឃុំ​ស្វាយ​លួង​ ស្រុកកណ្តៀង​ខេត្ត​ពោធិ៍​សាត់​។​

កញ្ញា​​ឡាង​ សុខា​សព្វថ្ងៃ​គឺ​រស់​នៅ​ជា​មួយ​នឹង​សមាជិក​គ្រួសារ​៥​នាក់​ផ្សេងទៀត​ ដែល​ផ្ទះរបស់គាត់គឺស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចាក់គ្រួស​ក្រហម​មួយ​ខ្សែរ​និង​មាន​ចំងាយ​ប្រមាណជា​២០គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។​បើ​តាម​សំដី​របស់​សុខា​បាន​ឲ្យ​ដឹង​ថា​គ្រួសារទាំង​មូល​របស់​ខ្លួនគឺ​បាន​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ធ្វើ​ស្រែ​​និង​​ដាំ​បន្លែ​​តាំង​ពី​កញ្ញា​សុខា​នៅ​តូច​មក​ម្លេះ។​

កញ្ញា សុខា​បាន​រៀប​រាប់​ថា​“ខ្ញុំ​ដាំ​បន្លែហ្នឹង​តាំង​ពី​ខ្ញុំ​ដឹង​ក្តី​មក​ ឪពុកម្តាយខ្ញុំ​ដាំ​ហើយ​ក៏​ដាំ​​តៗ​មកហើយ​ក៏​ក្លាយជា​មុខរបរចំបង​តែ​ម្ត​ង​។​»

ជាដំបូង​ឡើយ​ការដាំ​បន្លែ​របស់​គ្រួសារ​សុខាគឺ​មិន​បាន​ទទូល​ផល​ច្រើន​នោះ​ទេ​ហើយ​បើ​គិត​ពី​ការ​ធ្វើ​ស្រែ​វិញ​គឺ​កាន់​តែបានចំណូល​តិចតួចទៅទៀត​ពី​ព្រោះ​ថា​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំពេញ​គឺ​គ្រួសារ​របស់​សុខា​អាច​ធ្វើ​ស្រែ​បាន​តែម្តង​គត់។​

នៅ​ខែ​មីថុនា​ ឆ្នាំ​២០១៨​ កញ្ញា​សុខា​ ក៏​ត្រូវបាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រម៉ាញ់​និង​នេសាទ​ខេត្ត​ពោធិ៍​សាត់​ធ្វើ​ការ​ជ្រើសរើស​អោយ​ចូល​រួម​ការ​បណ្តុះ​បណ្តាល​ជា​មួយនឹង​ក្រុម​កសិករ​សិក្សា​ខ្នាតតូច​របស់​កម្មវិធី​ASPIRE ហើយ​ចាប់​តាំងពីពេលនោះ​មក​ការ​ដាំ​ដុះ​ការ​ប្រមូល​ផល​ ការ​លក់​ទៅ​កាន់​ទីផ្សារ​ដែល​ធ្លាប់​តែធ្វើតាមទំលាប់​និង​បាន​តំលៃ​ថោក​នោះ​បាន​ផ្លាស់​ប្តូ​រទៅជា​ភាព​ប្រសើរទាំង​ស្រុង​តែម្តង។​​

សុខា​បាន​បញ្ជាក់​អោយ​ដឹង​យ៉ាង​ដូច​នេះថា​«កាលពីមុនចូល​កម្មវិធី​គឺ​បន្លែ​យើង​លក់​អត់សូវ​បាន​ថ្លៃ​ទេព្រោះគេថា​បន្លែ​យើង​អត់សូវមាន​សុវត្តិភាព​។​ដល់​ពេល​យើង​បាន​ចូលគម្រោង​យើង​បាន​រៀនពី​បច្ចេកទេស​ខាង​ដាំ​ដំណាំហ្នឹង​គឺ​បន្លែ​យើង​លក់​បាន​ថ្លៃ​និងស្រួលលក់។»​

កញ្ញាសុខា​ក៏​បាន​រៀប​រាប់​ត្រួសៗ​ពីបច្ចេកទេស​មួយ​ចំនួន​ដែល​កញ្ញាបាន​ទទួល​ការ​    បណ្តុះ​បណ្តាល​ពី​កម្មវិធី​ASPIRE យ៉ាង​ដូ​ច​នេះ​ថា​​«បច្ចេកទេស​ដូចជាធ្វើថ្នាំ​ពុលធ្វើជីកំប៉ុសទឹក កំប៉ុសគោកហើយ​បង្រៀនពីបច្ចេកទេស​ធើ្វ​រង​ និយាយទៅ​គឺ​បច្ចេកទេស​ខាង​ដាំដំណាំតែម្តង។»​

លោក​ហៃ​ ធូរ៉ា​អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ពោធិ៍​សាត់​ក៏​បាន​បញ្ជាក់​បន្ថែម​ពី​ការ​បណ្តុះ​បណ្តាល​របស់​កម្ម​វិធី​ASPIREនៅ​ក្នុង​ខេត្ត​យ៉ា​ងដូចនេះ​ថា«កម្មវិធីASPIREគឺ​បាន​ជួយ​ច្រើន​ទាក់ទង​នឹង​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ថ្មីៗលើ​ការ​ដាំ​ដុះ​បន្លែការ​ដាំ​ដុះ​ស្រូវ​ ការ​ចិញ្ចឹម​មាន់​ដែល​មាន​លក្ខណៈធន់​នឹង​ការ​ប្រែប្រួលអាកាសធាតុ​។»​

លើ​ផ្ទៃដី​១៥​អា​ គ្រួសារ​របស់​សុខា​គឺ​ដាំ​បន្លែ​ចំរុះ​ច្រើន​ប្រភេទ​ទៅ​តាម​រដូវ​កាល​និង​តម្រូវ​ការ​ទីផ្សារ​ដែល​បន្លែទាំង​នោះ​មាន​ដូច​ជា​ខាត់ណាផ្កាសាឡាត់​ ម្រះ​និង​ត្រឡាច​ជាដើម​។​ហើយ​បើ​គិត​ពី​បន្លែ​ខាត់ណា​វិញ​ក្នុ​ង​មួយ​វគ្គ​ដែល​មាន​រយៈពេល​ប្រមាណ​បី​ខែ​គ្រួសារ​សុខា​អាច​ប្រមូល​ផល​បាន​ចំនួន​មួយ​តោ​ន​លើ​ផ្ទៃដី​៨​អា​និងអាច​លក់​បាន​កំរៃ​ចំនួន​ប្រមាណជា​បី​លាន​រៀល​ដោយ​ផាត់​ចេញ​នូវ​ការ​ចំណាយ​ទាំង​ស្រុង​តែ​៥០ម៉ឺនរៀល​តែប៉ុណ្ណោះ។​

បន្លែ​ដែល​គ្រួសារ​សុខា​ដាំ​បាន​គឺ​មាន​ទាំង​យក​ទៅ​បោះ​អោយ​ម៉ូយជា​ប្រចាំ​នៅ​ឯទី​ផ្សារ​ក្នុ​ង​តំបន់​ហើយ​មានទាំង​លក់​រាយ​ផ​ងដែរ​ហើយ​ពិសេស​បំផុតនោះតាម​រយៈការ​បញ្ជាក់​ពី​សុខា​គឺបន្លែ​លក់​មិន​ដែល​នៅ​សល់​នោះទេ។​

ការ​ដាំ​ដុះ​ដែល​ធ្លាប់​តែធ្វើ​ឡើង​តាម​ទំលាប់​និង​ទទួល​បាន​ផល​តិច​ហើយ​ប្រែ​មក​ជា​ការ​ដាំ​ដុះ​ធ្វើ​ទៅ​តាម​បច្ចេកទេស​ដែល​បណ្តុះ​បណ្តាល​ដោយ​កម្ម​វិធី​ASPIRE គឺ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​គ្រួសារ​សុខា​មានការ​ផ្លាស់​ប្តូរ​ទៅ​រកភាពធូរធារជាងមុន។​​

បើ​តាម​សំដី​ផ្ទាល់​របស់​សុខា​បាន​ឲ្យ​ដឹង​ថា​«មុន​ចូល​កម្ម​វិធី​ជីវភាព​គឺ​អាច​ថា​ខ្វះខាតជាង​នេះ​ព្រោះថា​ពីមុន​មានត្រឹម​កង់ជិះ​ទេ​តែ​ឥឡូវ​មាន​ម៉ូតូថ្មីជិះបានពង្រីកដី​បន្ថែម​និ​ង​បាន​ធ្វើ​ផ្ទះ​ថ្មី​បន្ថែមទៀត។​»​

ក្រៅពីទទូល​ការ​បណ្តុះ​បណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ​ផ្សេង​ៗ​ កញ្ញា​សុខា​ក៏​ទទូល​បាន​ចំណេះ​ដឹង​ដើម្បី​ដោះស្រាយ​នៅ​ពេល​ដែល​ការ​ដាំ​បន្លែ​របស់​សុខា​ត្រូវ​ប្រឈម​ទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុណាមួយនោះ​។​​

«ពេលជួបបញ្ហា​ប្រែប្រួលអាកាសធាតុ​ដូចជា​ខែ​ក្តៅ​អញ្ចេះ​គឺ​យើង​អាចបាំង​កៅស៊ូ​ស្បៃពីលើ​ហើយ​បើថា​ខែ​វស្សាគឺយើង​លើក​រងអោយខ្ពស់អាច​គ្របកៅស៊ូទៀត​ដែល​វា​អត់​អាច​ដក់​ទឹក​បាន​ទោះ​ភ្លៀងខ្លាំងក៏​មិន​អីដែរ។»​

ខេត្ត​ពោធិ៍សាត់ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​និង​មាន​ចំងាយ​១៩៨គីឡូម៉ែត្រ​ពី​ទីក្រុ​ង​ភ្នំ​ពេញ​គឺ​មាន​ប្រជាជន​ប្រមាណជា​៤៩​ម៉ឺននាក់​ហើយ​៨៥%ប្រកបរបរកសិកម្ម​។

កម្មវិធី​ASPIRE ធ្វើ​ការ​លើ​ស្រុក​ចំនួន៥​និង​ក្រុង​ចំនួន​១ក្នុង​ខេត្ត​ពោធិ៍សាត់​ហើយគិត​ពីឆ្នាំ​២០១៥​រហូត​មក​ដល់​ឆ្នាំ២០១៩​នេះ​កម្មវិធីគឺ​បាន​​​ជ្រើសរើស​កសិករ​អោយចូល​រួម​ជា​មួយ​​បានចំនួន​១០៦២៣​នាក់ហើយ​​ពួកគាត់ក៏ជាសមាជិកសហគមន៏កសិកម្មផងដែរ៕

Copy link
Powered by Social Snap