ចេះបច្ចេកទេសពិតនាំ​ទៅ​រកភាពជោគជ័យពិត | ASPIRE CAMBODIA

ដោយឃើញ​ភាព​ជោគ​ជ័យ​នៃ​កសិករ​ក្បែរ​ខាង​របស់​ខ្លួន​ស្ថិត​នៅ​ភូមិគូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ លោក​ ដេ គឹម​ហុន​ក៏​បាន​សុំ​​រៀន​នូវ​បច្ចេកទេស​ដាំ​ដុះ​ពី​អ្នក​ជិត​ខាង​នោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​របរកសិកម្ម​របស់​គាត់​មានការ​រីកចំរើនជាងមុន។​

ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ​និង​រស់​នៅ​ក្នុងគ្រួសារ​ដែល​មាន​សមាជិក​៤​នាក់​ ការ​ធ្វើ​កសិកម្ម​របស់​គ្រួសារ​លោក​គឹមហុន​គឺ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ​ព្រោះ​ថា​រាល់​ការ​ដាំ​ដុះ​ទាំង​អម្បាល​មាណ​គឺ​ធ្វើ​ឡើងមិន​មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ដោយធ្វើ​តាមតែ​​ទំលាប់​ដែល​ចេះ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​។​

លោក​ដេ គឹម​ហុន​បាន​បញ្ជាក់​ថា​កសិករ​ជិត​ខាង​របស់​គាត់​នោះគឺ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​កម្ម​វិធី​ផ្សព្វផ្សាយ​បច្ចេកទេសកសិកម្ម​​ថ្មី​ដែល​ធន់ទៅ​នឹ​ង​ការ​ប្រែប្រួលអាកាសធាតុ​ហៅថា​ASPIRE ហើយ​គាត់​មើល​ឃើញ​នូវ​ភាពជោគជ័យ​របស់​គេ​មាន​ភាពខុសគ្នា​ខ្លាំងណាស់ពីអ្វី​ដែល​គាត់​ក៏​កំពុងតែ​ធ្វើ​នូវរបរ​ដាំ​ដុះ​ដូច​គ្នា​នោះ។​

ដោយ​សារតែ​ភាព​ចង់ចេះ​ចង់​ដឹ​ង​និង​សេចក្តី​ឧស្សាហ៍ព្យាយាម​ លោក​ដេ  គឹមហុន​ នៅ​តែ បន្ត​ស្វែង​រក​ឱកាស​ដើម្បី​បង្កើន​ចំណេះ​ដឹង​របស់គាត់​លើ​របរ​កសិកម្ម​ដាំ​ដុះ​នេះបន្ថែម​ទៀត​ហើយ​ជាជាឱកាសល្អ​នៅ​ឆ្នាំ​២០១៨​គាត់​ក៏​បាន​ចូលរួម​ជាមួយ​​មន្ទី​រកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះវិហារ​ដែល​ទទួល​បាន​ការគាំទ្រ​ពី​កម្ម​វិធី​ASPIRE។​

ក្លាយជា​សមាជិក​បណ្តុំ​អាជីវកម្ម​នៃ​កម្ម​វិធី​ASPIREរូបគាត់​ក៏ទទួល​បាន​ការអញ្ជើញឲ្យ​ចូលរួមវគ្គបណ្តុះបណ្តាលនិង​ធ្វើ​    ទស្សនកិច្ចសិក្សា ទៅមើលភាពជោគជ័យរបស់កសិករទទួលផលដទៃទៀត។​ លោកគឹមហុន​បាន​បញ្ជាក់​នូវ​អារម្មណ៍​ដោយ​ទឹកមុខញញឹម​ថា​គាត់ពិតជាមានក្តីសប្បាយរីករាយ សង្ឃឹមមុតមាំ និង មានទំនុកចិត្តនូវអ្វី ដែលគាត់បានឃើញ និងទទួលបានចំណេះដឹងថ្មីៗលើការដាំដុះបន្លែហើយគាត់​ច្បាស់​ក្នុងចិត្ត​ថា​គឺ​ពិតជាអាចយកចំណេះដឹងនេះទៅអនុវត្តបាន។

មន្ត្រីបច្ចេកទេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលរំលឹកបច្ចេកទេសថ្មី ស្តីពីកសិកម្មវ័យឆ្លាត ហើយ​លោកគឹមហុន​ក៏​បានរៀនពីរបៀបដាំម្រះ ការ​ប្រើប្រាស់កៅស៊ូគ្របរង និងការដំឡើងប្រព័ន្ធដំណក់ទឹក​ជាដើម។​

តាមរយៈចំណេះដឹង​នេះ​ លោក​គឹមហុន​ក៏​បាន​យក​ទៅ​អនុវត្ត​នៅក្នុងដីឡូរបស់គាត់ហើយគាត់ឃើញ ថាផ្ទៃដី ៥០០        ម៉ែត្រការេ ដែលបានប្រើប្រាស់ បច្ចេកទេស​ត្រឹមត្រូវ​នោះគឺ​ទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ បើធៀបទៅនឹងផ្ទៃដីដដែល​ដែលធ្លាប់​ដាំដុះតាមទម្លាប់ហើយការលូតលាស់នាពេលនោះ​មិនសូវល្អទេហើយក៏មានសត្វល្អិតច្រើនពេលដាំដុះនារដូវប្រាំងផងដែរ។

បន្ទាប់ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​និងយកមកអនុវត្ត​មក​លោក​គឹម​ហុន​ក៏កាន់តែ​មាន​ភាពជឿជាក់ហើយគាត់បានសម្រេចចិត្តពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមរហូត​ដល់​ទៅ​៤៥០០​ម៉ែត្រ​ការ៉េ​និង​ថែមទាំង​បាន​ប្រើប្រាស់​បច្ចេកទេសថ្មីដែលអាច​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ផងដែរ។​

បន្លែដែលគាត់​ដាំ​មាន​ទាំង​បន្លែស្លឹក​និងបន្លែដាំយកផ្លែ​ដូចជា ត្រសក់ ត្រឡាច ម្រះ ននោង សណ្តែកគូរ ជាដើម​ហើយ​ក្នុង​រយៈពេល៧ខែ​​នៃ​ការ​ដាំ​បន្លែ​ចម្រុះ​នេះ​គឺ គាត់​អាច​រក​បាន​ចំណូល​សរុប​ចំនួន​១៣​លានរៀល​ហើយ​កាត់​លើ​ចំណាយ​ផ្សេងៗ​ត្រឹម​តែប្រមាណ​៥លាន​​រៀល​តែ​ប៉ុណ្ណោះ​។​

គាត់មិនត្រឹមតែមានសមត្ថភាពក្នុងការផលិតបន្លែមាន គុណភាពល្អប៉ុណ្ណោះទេ តែតាមរយៈការ​ណែ​នាំ​ពី កម្មវិធី​ASPIRE ស្តីពីការ​ស្វែងរក​ទីផ្សារ​គាត់ក៏​អាចចចារជាមួយអ្នកប្រមូលទិញបន្លែ និង​ឈាន​ទៅដល់​​ធ្វើកិច្ច​សន្យា​ដោយមានតំលៃព្រមព្រៀងគ្នាជាមុនផងដែរ។ គាត់លក់បន្លែរបស់គាត់ទៅដល់អ្នកប្រមូលទិញបន្លែក្នុងផ្សារ គូលែនចំនួន ០៣ នាក់ ដោយមានផែនការផលិតច្បាស់លាស់។ គាត់មានក្តីរំពឹងទុកថា ការកើនឡើង តម្រូវការបន្លែក្នុងស្រុកគូលែន ធ្វើឲ្យគាត់ទទួលបានប្រយោជន៍ពីការផលិតបន្លែ និងទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ជួយដល់គ្រួសាររបស់គាត់។ ហើយ​ដោយភាព​ជោគជ័យ​នេះ​គាត់​ក៏​បាន​ចែករំលែកចំណេះដឹងដល់កសិករដែលរស់នៅជិតខាងគាត់ឲ្យមានបច្ចេកទេសអាចដាំដុះបន្លែបាន ប្រមាណជា១៥នាក់​ ទៅតាមតាមបច្ចេកទេសដែលគាត់បានធ្វើកន្លងមកផងដែរ។

Copy link
Powered by Social Snap