ដោយដើរលើផ្លូវត្រូវ​ កម្មវិធី​ASPIREនឹង​ពង្រីកនៅទូទាំង​ប្រទេស​នា​ឆ្នាំ​២០២០ | ASPIRE CAMBODIA

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសំដែងការ​កោតសរសើរ​ចំពោះដំណើរ​ការ​វិវត្ត​ទៅមុខដ៏​ជោគជ័យ​នៃ​ការ​អនុវត្ត​កម្ម​វិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ​ហៅ​កាត់​ថា​​ASPIREហើយ​ឯកឧត្ត​ម​ក៏​បាន​សំដែង​ការ​សាទរសម្រាប់​ការ​ទទួល​បាន​លទ្ធផលល្អជាទីគាប់ចិត្ត​ចេញពីការ​វាយ​តំលៃ​របស់​ក្រុម​ការ​ងារ​បេសកកម្ម​នៃ​មូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍកសិកម្ម​(IFAD)​បន្ទាប់ពី​ក្រុម​ការ​ងារ​នេះ​បាន​ចុះ​មក​ដើម្បីមើលថែនិង​តម្រង់ទិស​ការ​អនុវត្ត​កម្មវិធីASPIREមាន​រយៈពេល​ជិត​មួយ​ខែ​និង​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពីចុងខែ​តុលា​ថ្មីៗ​នេះ​មក​នោះ​។​​

ការ​ថ្លែង​​របស់​ឯកឧត្តមរដ្ឋមន្ត្រី​គឺ​ធ្វើ​ឡើងក្នុងពិធីប្រគល់-ទទួលសម្ភារការិយាល័យ  និង​ទោចក្រ​យានយន្ត ជូនភ្នាក់ងារផ្សព្វផ្សាយនៃកម្មវិធី ASPIREនាថ្ងៃព្រហស្បតិ៍ ទី២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។​

ពិធីនៃការចែកជូនសម្ភារការិយាល័យនិងទោចក្រយានយន្តគឺបានប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអគារផ្ការំដួល សាលសែនពិដោរ ដោយមាន វត្តមានអ្នកចូលរួមចំនួនប្រមាណ១៨៥នាក់(ស្រី៥៣នាក់) ក្នុងនោះមានទាំងតំណាង​មកពី​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយ​ នាយកដ្ឋានផែនការនិងស្ថិតិ នាយក​ដ្ឋាន​គណនេយ្យ ហិរញ្ញវត្ថុ សាកលវិទ្យាភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្ម ព្រែកលៀប ជាដើម។

ឯកឧត្តម​ មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និ​ង​នេសាទ​ និងជា​នាយក​នៃ​កម្ម​វិធី​ASPIRE បានសំដែងនូវ​សេចក្តី​សោមនស្ស​រីក​រាយ​ជាអនេក ចំពោះវត្តមាន​ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រម​ទាំង​ការចូលរួមរបស់ឯកឧត្តម លោក​ជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញាទាំងអស់ នៅក្នុងកាលៈទេសៈដែលក្រសួងក៏​កំពុងតែ​មាន​មមាញឹក​ខ្លាំងជាមួយនឹងកិច្ចការដ៏សំខាន់ និងដ៏​ច្រើនផ្សេងទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំង​អំពីការយក​ចិត្ត​ទុកដាក់យ៉ាងខ្ពស់ ក្នុងការ​លើកទឹកចិត្ត ណែនាំ និងតម្រង់ទិស ដល់​ក្រុម​ការងារ​ទាំងអស់គ្នា ដែលជា​ក្រុមអ្នក​គ្រប់គ្រង និងអនុវត្តកម្មវិធី ASPIRE ចាប់ពីថ្នាក់ជាតិ រហូតដល់ខេត្ត ស្រុក និងឃុំ ។

ឯកឧត្ត​ម​នាយក​ក៏​បាន​ថ្លែងជំរាប​ទៅកាន់​អង្គពិធី​ដែរថាកម្មវិធី ASPIRE ដែល​ទទួល​បាន​ការគាំ​ទ្រថវិកាពី​រាជ​រដ្ឋាភិបាលកម្ពុជា និងពីមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍កសិកម្ម (IFAD) អង្គការយន្តការពិភពលោក (GEF) និងសាធារណរដ្ឋកូរ៉េ បានចាត់​ចែងឲ្យមាន​ពិធីប្រគល់ និងទទួលទោចក្រយានយន្ត ម៉ាក Suzuki Smash ឆ្នាំ ២០១៩ ចំនួន ៤៩៦ គ្រឿង កុំព្យូទ័របន្ទះ (Tablet) ម៉ាក Lenovo M-10 ចំនួន ៣៨២ គ្រឿង និងសម្ភារការិយាល័យ​មួយ​ចំនួនធំជូន​ភ្នាក់​ងារផ្សព្វផ្សាយឃុំ និងអង្គភាពអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

ការ​ចែកជូននូវ​សម្ភារទាំង​នេះទៅ​ក្រុម​ការ​ងារ​អនុវត្ត​កម្មវិធី​ASPIREគឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ការ​អនុវត្ត​កម្ម​វិធី​កាន់​តែ​មាន​ប្រសិទ្ធិភាព​និង​ដំណើរ​ការ​កាន់​តែប្រសើរ​ឡើងតាមរយៈការជួយ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរទៅសម្របសម្រួលការរៀនសូត្រ និងចែករំលែកចំណេះដឹង ពី​កសិករ ទៅកសិករ​ហើយ​ក៏​មានទាំង​ការ​ជំរុញឲ្យ​មានការ​ទំនាក់ទំនង​ល្អ​ ការ​កត់ត្រា​ទៀង​ទាត់ ​និង​​ការ​រាយការណ៍ពីលទ្ធផលជា​ដើម។​

កម្មវិធី ASPIRE គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលត្រូវបានគ្រោងអនុវត្ត ៧ ឆ្នាំ គឺពីឆ្នាំ ២០១៥ ដល់ ២០២២ ដោយចាប់ផ្តើម​ដំបូងនៅខេត្តគោលដៅចំនួន ៥ បន្ទាប់មក ១១ សព្វថ្ងៃនេះក្នុងឆ្នាំ​២០១៩នេះ នៅខេត្តគោលដៅចំនួន ២០ខេត្ត​ ហើយ​ដោយ​បាន​ពិនិត្យ​ឃើញថាកម្មវិធី ASPIRE កំពុងធ្វើ​ដំណើរ​ក្នុងផ្លូវត្រូវ បន្ទាប់ពីបានកែលម្អគុណផល ​យ៉ាង​ច្រើន​ គួរឲ្យកត់សម្គាល់ក្នុង​ពេល​ដ៏ខ្លី​កន្លងមកនេះ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្នុងនាម​រាជរដ្ឋា​ភិបាលកម្ពុជា និង មូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍកសិកម្ម IFAD ក៏បាន​សម្រេច​ពង្រីក​កម្មវិធី​នេះ ឲ្យគ្របដណ្តប់ទូទាំងប្រទេស(លើកលែងរាជធានីភ្នំពេញ)តែម្តងត្រឹម​ឆ្នាំ​២០២០​ខាង​មុខនេះ៕

 

 

Copy link
Powered by Social Snap
Aspire Cambodia

FREE
VIEW