លើផ្ទៃដី​៣៦០ម៉ែត្រ​ការ៉េ កសិករ​ដាំ​បន្លែសុវត្ថិភាព​អាច​រក​ចំណូល​បាន​ជាង​៣លានរៀល​ក្នុង​រយៈពេល១ខែ​កន្លះ! | ASPIRE CAMBODIA

ខេត្ត​កំពង់ចាម៖ ដោយបានទទួលការគាំទ្រនូវបច្ចេកទេសថ្មី តាមរយៈការ​ប្រើប្រាស់​និង​ដាំដុះ​ក្នុង​ផ្ទះសំណាញ់ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កសិករ ឃាង ស៊ីផូ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក៏បានដាំដុះដំណាំបន្លែសុវត្ថិភាពក្នុង​វគ្គទី១​ លើផ្ទៃដីក្នុងផ្ទះសំណាញ់ ទំហំ ១០×៣៦ម (៣៦០ម៉ែត្រការ៉េ) ហើយ​បន្លែ​ទាំង​នោះ​មាន​ដូច​ជា​ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្ងោក ស្ពៃផ្កា ស្ពៃឆាយស៊ីម និងខាត់ណាដើមផងដែរ។

លើទំហំផ្ទៃដីប៉ុណ្ណេះ កសិករ ឃាង ស៊ីផូ គឺអាច​ទទួលបានបរិមាណផលសរុបក្នុង​ការ​ដាំ​ដុះ​វគ្គទី១​នេះ​មក​វិញ​បានចំនួន​ ៥៥០គក្រ និងលក់បានតម្លៃជាមធ្យម ៦ ០០០រៀល/គក្រ។ ហើយ​ក្នុង​វគ្គទី១ដែលមាន​រយៈពេល១ខែកន្លះ គាត់អាចទទួលបានប្រាក់ចំណូលពីការដាំដុះ សរុបបានចំនួន ៣លាន ៣០ម៉ឺនរៀល។

គួរ​បញ្ជាក់​ថា​បន្លែ​សវុត្ថិភាព​របស់​កសិករ​ ឃាង ស៊ីផូ ក៏ទទួល​បាន​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ការ​អនុវត្ត​កសិកម្ម​ល្អ​(GAP)ពី​មន្ទីរ​កសិកម្ម ​រក្ខាប្រមាញ់និង​នេសាទ​ខេត្ត​កំពង់ចាម​ហើយបច្ចុប្បន្ននេះ​​គាត់ក៏​បាននឹងកំពុងរៀបចំការដាំដុះវគ្គទី២បន្តទៀតផងដែរ៕

Copy link
Powered by Social Snap