ចំណាក​ស្រុក​រក​ចំណូល​មិន​គ្រប់គ្រាន់​ក៏​ងាក​មក​ចិញ្ចឹម​មាន់​បាន​ចំណូល​ជិត​ពាន់​ដុល្លា!​ | ASPIRE CAMBODIA

ដោយសារតែ​ជីវភាព​ខ្វះ​ខាត​ ជីវិត​ប្តី​ប្រពន្ធ​គ្រួសារ​ថ្មី​ថ្មោង​ដែល​មាន​កូន​តូច​នៅ​ឡើយ​នោះ​បាន​បង្ខំចិត្ត​អោយ​ប្តី​ធ្វើ​ចំណាក​ស្រុក​ស្វែង​រក​ការ​ងារធ្វើ​នៅ​ឯប្រទេស​ថៃ​ដោយ​សង្ឃឹម​ថា​អាច​នឹង​រក​ចំណូល​បាន​គ្រប់គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​។​ ផ្ទុយទៅវិញ​ក្តីរំពឹង​គឺ​មិន​ដូចអ្វី​ដែល​ជួប​ផ្ទាល់​នោះ​ទេ​។​

អ្នកស្រី​  ជា​ គឹម​សួ​ មាន​អាយុ​៣៥​ឆ្នាំ​ រស់​នៅ​ភូមិជារៅ​ ឃុំរលាប្អៀរ ស្រុក​ រលាប្អៀរខេត្ត​កំពង់ឆ្នាំ​ង​ហើយ​ក៏ជា​សមាជិក ​បណ្តុំអាជីវកម្មមាន់របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា​ASPIRE​ចាប់តាំងពី​ខែ​កញ្ញា​ ឆ្នាំ​២០១៨មក​។​មុន​ពេល​ចូល​កម្ម​វិធី​ASPIRE អ្នក​ស្រី​ គឹម​សួ​ បាន​រៀប​រាប់ពី​ផល​លំបា​ក​របស់​ខ្លួន​ថា​៖

«ដោយសារតែ​ជីវភាព​លំបាក​គឺត្រូវ​អោយ​បី្ត​ធ្វើ​ចំណាកស្រុកទៅ​ប្រទេស​ថៃ​ប៉ុន្តែនៅទី​ហ្នឹង​រក​កំរៃ​អត់​សូវ​បាន​ទេ​ហើយ​ខ្ញុំ​នៅទីនេះ​កូនតូច​ក៏​រក​អត់​សូវ​បាន​ដែរ។​​តែ​ដោយ​មានការ​ជួយ​ពី​កម្ម​វិធី​ASPIRE ជួយបណ្តុះ​បណ្តាល​និង​ធ្វើទ្រង់មាន់​២០% ហើយនេះអាច​ជា​ការលើក​ចិត្ត​ខ្ញុំ​ហើយ​ក៏​ពិចារណាទៅ​ថា​ការ​អញ្ចឹម​មាន់​គឺ​លើ​កស្ទួយជីវភាពគ្រួសារខ្ញុំ​ហើយ​ម្យ៉ាងទៀត​ខ្ញុំ​អាច​នៅជុំគ្នា​ ប្តីខ្ញុំ​ប្រពន្ធ​ខ្ញុំ​ក្រុមគ្រួសារខ្ញុំ​នៅ​ជុំ​គ្នា​។​អត់​បាច់ចំណាកស្រុកទៅធ្វើការ​នៅ​ប្រទេស​ក្រៅដែរ។​»​

គ្រួសារ​របស់​អ្នក​ស្រី​គឹម​សួ ​ក្រៅ​ពី​ការ​ចិញ្ចឹម​មាន់​លក្ខណៈគ្រួសារ​តិចតួចពួកគាត់​ក៏​មាន​ទាំង​ដាំ​បន្លែ​និង​ធ្វើស្រែ​ផង​ដែរ​។​ប៉ុន្តែ​ដោយ​សារ​តែ​ការ​ដាំ​ដុះ​និង​ការ​ចិញ្ចឹម​គ្មាន​បច្ចេកទេស​ត្រឹម​ត្រូវ​ ធ្វើ​អោយ​ផល​ដែល​ទទួល​បាន​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​បង្កើន​កំរៃ​ជួយ​ដល់​ជីវភាពគ្រួសារ​ទាំង​មូល​បាន​នោះទេ។​

រូបគាត់​បាន​បញ្ជាក់​យ៉ាងដូច​នេះ​ថា​«ខ្ញុំ​ចិញ្ចឹម​មាន់​និយាយ​ទៅ​គឺ​យូរ​ហើយ​គ្រាន់តែជាលក្ខណៈគ្រួសារ។កាលហ្នឹង​មាន​មេ​៤ទៅ​១០​ក្បាល​នោះទេ​ហើយ​អាច​ផលិត​កូន​បាន​តែ​១០០​ក្បាលទេ​។​អញ្ចឹង​១០០​ក្បាល​លក់​មួយ​តំលៃ​បាន​តែ​១ដុល្លា​ស្មើ​១០០ដុល្លា​ក្នុង​១ខែ​តែ​គ្រួសារ​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ច្រើន​អញ្ចឹង​១០០​ដុល្លា​មិ​ន​អាចចំណាយ​គ្រប់គ្រាន់​នោះទេ។»​

ដោយសារ​តែ​ចំណូល​បាន​តិច​តួចពី​ការ​ចិញ្ចឹម​​មាន់​ ដាំ​បន្លែនិង​ធ្វើស្រែ​​សម្រាប់តែ​ហូប​ក្នុងគ្រួសារទើបធ្វើឲ្យគ្រួសារ​របស់​អ្នកស្រី​គឹមសួ​នៅ​តែមិន​មាន​ពេល​គ្រប់​គ្រាន់​​រស់​នៅ​ជុំ​គ្នា​ព្រោះ​ទាំ​ង​ប្តី​ទាំង​ប្រពន្ឋ​គឺ​ត្រូវ​ខិតខំធ្វើ​ការ​ច្រើនទៀត​ដើម្បី​អាច​រកចំណូល​បាន​បន្ថែម​សម្រាប់​ដោះ​ស្រាយជីវភាពដែល​ត្រូវ​ការ​ការ​ចំណាយ​ជា​ប្រចាំនោះ​។​

អ្នក​ស្រី​ គឹម​ សួ​ បាន​រៀប​រាប់​បន្ថែមពី​ជីវិត​របស់គាត់​ថា«កាលពីខ្ញុំ​មិន​ទាន់​បាន​ចូល​កម្ម​វិធី​ASPIREមក​ គ្រួសារខ្ញុំ​រវល់ច្រើន​ប្តី​គាត់​រវល់​ច្រើន​ ងា​ក​ទៅ​រក​ការ​ងារ​ខាង​ក្រៅ​ធ្វើ​ ដូច​ជា​ត្រូវ​ធ្វើ​សំណង់ជាដើម។តែ​ដល់ពេលបាន​ការជួយពីកម្មវិធី​មក​ប្តីរបស់​ខ្ញុំ​មិន​បាច់​ទៅ​ណាហើយ​មុខ​របរ​ប៉ុណ្ណឹងគឺ​អាច​ផ្គត់ផ្គង់គ្រួសា​ខ្ញុំ​បាន​។​ហូបហ្នឹង​ចាយ​ហ្នឹង​កូន​រៀនក៏​ហ្នឹង​។​»​

សព្វថ្ងៃនេះ​ការ​ចិញ្ចឹមមាន់​​របស់​គ្រួសារ​អ្នក​ស្រី​ជា​ គឹមសួ​មាន​ការរីកចំរើន​គួរ​ឲ្យ​កត់​សម្គាល់​​ ដោយ​លើ​ផ្ទៃ​ដី​ប្រមាណជា​២៥០០ម៉ែត្រ​ការ៉េ​ ចំនួន​មាន់​ដែល​ធ្លាប់​តែមាន​ត្រឹមតែ​៤ទៅ​១០​ក្បាល​គឺ​បាន​កើន​ឡើង​រហូត​ដល់​ទៅ​២០០​ក្បាល​ហើយ​ចំណួល​វិញ​ក៏​កើន​ឡើង​លើស​មុនៗ​ចំនួន​៥ទៅ​៧​ដង​ឯណោះ។​

«មានការ​ផ្លាស់​ប្តូរ​គឺ​មួយ​ខែ​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ​៧០០​ដុល្លា​ដោយកាលពី​មុន​ក្នុង​១​ថ្ងៃ​ពេលខ្លះ​មិន​អា​ច​រក​បាន​សូម្បីតែមួយ​រយរៀល​ហើយ​មួយ​ខែ​បាន​១០០​ដុល្លា​មិន​ទាំង​អាចទូទាត់​ការ​ចាយវាយ​គ្រប់​ផង។​៧០០ដុល្លា​ហ្នឹង​ខ្ញុំ​ផាត់​ចំណាយ​តែ​២៥០​លើចំណី​ លើ​វ៉ាក់​សាំង​ក្រៅពីហ្នឹងគឺ​ចំណេញ​តែ​ម្តងដែល​អាច​ជួយ​ផ្គត់ផ្គង់គ្រួសារ​បាន​មួយចំណែកធំ។»​

ការ​ចូល​រួម​ជា​មួយ​កម្មវិធីផ្សព្វផ្សាយ​បច្ចេកទេសកសិកម្ម​​ថ្មី​ដែលធន់ទៅ​នឹងការ​ប្រែប្រួលអាកាសធាតុ​ហៅកាត់ថា​ASPIRE អ្ន​ក​ស្រី​ ជា​ គឹមសួ​ បាន​ទទួល​ការ​បណ្តុះបណ្តាល​​​លើ​បច្ចេកទេស​នៃ​ការ​ចិញ្ចឹមមាន់​ជា​ច្រើន​ផ្នែក​ដែល​រួម​មានទាំង​ការ​ផ្សំចំណី​ ការចាក់វ៉ាក់សាំង​ការ​រៀបចំទ្រង់​និង​ការ​មើលថែផ្សេងៗ​ដែល​អាច​ជួយ​អោយ​មាន់​របស់គាត់​ធន់​នឹងជំងឺ​ក៏ដូចជា​​ការ​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។​

តាម​សំដី​របស់​អ្នក​ស្រី​គឹម​ សួ​ បាន​ឲ្យ​ដឹង​ពី​ការ​ជួយរបស់​កម្មវិធីថា​«កម្មវិធីបានជួយ២០%លើទ្រង់ហើយ​សល់​ខ្លះ​បានលើ​សំណាញ់​និង​យកទៅ​ទិញ​មាន់​បន្ថែម​។ពីហ្នឹងមកទៀតគឺ​គាត់​ជួយរកទីផ្សារអោយខ្ញុំ​និង​បង្ហាត់ពី​ការ​ធ្វើចំណី​និង​ប្រើ​ប្រាស់​ចំណី​។»

ហើយសម្រាប់​មេរៀន​ដែល​ទាក់ទិននឹងការ​ប្រែប្រួលអាកាស​ធាតុ​ អ្នក​ស្រី​បាន​អះអាង​ថា​​«​អានេះអឹ​ ការ​ប្រ​ប្រួល​អាកាសធាតុ​ហ្នឹង​ ផ្ទះខ្ញុំ​រាងទំនាប​បន្តិច​ ពេលរដូវ​វស្សា​មាន​ទឹក​ហូរ​កាត់​គឺ​ត្រូវ​ដឹក​ដី​ដាក់​និង​បាញ់​ថ្នាំ​សំលាប់មេរោគហើយ​ដល់​ពេល​មេឃក្តៅគឺ​ត្រូវ​ប្រើថ្នាំ​ត្រជាក់​អីចឹង​ហ្នឹងណា។​»​

កញ្ញា​ ហេង គឹមស្រៀង​អនុប្រធានមន្ទីរកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់បន្ថែមពី​ការ​បណ្តុះ​បណ្តាល​និងភាពជោគជ័យនៃអាជីវកម្ម​មាន់នៅក្នុង​ខេត្តកំពង់ឆ្នាំ​ង​យ៉ាង​ដួច​នេះ​ថា​៖ «កម្មវិធី​ASPIRE គឺ​បាន​ជួយ​ដល់​ប្រជាជន​ដោយទី​១​ផ្តល់សេវាផ្សព្វផ្សាយ​បច្ចេកទេសកសិកម្មថី្ម​ធន់ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ​ ហើយ​នឹង​ការ​ធ្វើ​បង្ហាញ​ទៅលើ​កសិករ​។​បន្ទាប់ពី​បានផ្សព្វផ្សា​យហើយ​បង្រៀន​ហើយ​គឺ​យើង​ធ្វើ​ការ​ប្រមូលផ្តុំ​ក្រុម​ផលិត​ដើម្បី​ឈ្ពោះទៅ​រកទីផ្សារ​តែ​ម្តង។»​ គាត់​បាន​បន្ថែមទៀត​ថា​«គឺយើង​បាន​បង្រៀនខាង​បណ្តុំ​អាជីវកម្ម​ទី១ឲ្យគាត់​ចេះធ្វើ​ផែនការ​សិន។ចំណុចទី២គឺ​ឲ្យគាត់រកអាជីវករ​ដើម្បីជួបគ្នា​ហើយ​ចរចារ​។​អញ្ចឹងយើងមាន​ការ​ប្រជុំ​ជួបគ្នា​រវាង​អាជីវករ​អ្នក​ផលិត​និង​អ្នក​ទិញ​។​អ្នក​លក់​អ្នក​ទិញ​អោយជួបគ្នា​យ៉ាង​ហោចណាស់​បីដង​ហើយ​ធ្វើ​កិច្ច​សន្យាជាមួយ​គ្នា​ដែរ។​»​

ខេត្ត​កំពង់​ឆ្នាំ​ង​ដែល​មាន​ចំងាយ​ ​៩១គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​គឺ​មាន​ប្រជាជន​ប្រមាណជា​ជាង៥២ម៉ឺននាក់​ហើយប្រមាណ​៧៧%​គឺ​ប្រកបរបរកសិកម្ម។​

កម្មវិធី​ASPIRE ធ្វើ​ការ​លើ​ស្រុក​ចំនួន៧ដោយមានឃុំចំនួន​៦៦ក្នុង​ខេត្ត​កំពង់ឆ្នាំង​ហើយគិត​ពីឆ្នាំ​២០១៦រហូត​មក​ដល់​ឆ្នាំ២០១៩​នេះ​កម្មវិធីគឺ​បាន​​​ជ្រើសរើស​កសិករ   ​អោយចូល​រួម​ជា​មួយ​​បានចំនួន​ជាង១ម៉ឺន​នាក់ហើយ​​ពួកគាត់ក៏ជាសមាជិកសហគមន៏កសិកម្មផងដែរ។ នៅ​ក្នុងខេត្ត​កំពង់ឆ្នាំងនេះ​កម្មវិធី​SPIRE បាន​ផ្តល់សេវា​ផ្សព្វ​ផ្សាយ​និងបណ្តុះបណ្តាល​ទៅដល់​កសិករ​នូវ​បច្ចេកទេសកសិកម្មថ្មី​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួលអាកាស​ធាតុ​​ ការ​ធ្វើ​បង្ហាញតាម​រយៈការ​អនុវត្ត​ផ្ទាល់​​​ផ្នែក​កសិកម្ម​ដល់​កសិក​រ​ ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​កសិកម្មជាដែលមានទាំង​ការ​ចិញ្ចឹម​សត្វ​ ការ​ដាំ​បន្លែ​និង​ការ​ធ្វើស្រែ​ហើយនឹងមាន​ការ​ចង​ក្រង​ក្រុម​ផលិត​ដើម្បី​ឈ្ពោះទៅ​រក​ទី​ផ្សារ​ជាដើម។​

 

 

 

 

 

Copy link
Powered by Social Snap
Aspire Cambodia

FREE
VIEW