នៅថ្ងៃទី១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លេខាធិការដ្ឋាននៃកម្មវិធីASPIRE បានរៀបចំកិច្ចប្រជុំស្វាគមន៏ទៅដល់ក្រុមបេសកកម្មគាំទ្រ ការអនុវត្តមកពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្មហៅកាត់ថាIFADនៅក្នុងសាលប្រជុំនៃនាយកដ្ឋានផែនការនិងស្ថិតិនាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំសិ្ថតក្រោមអធិបតីភាពបណ្ឌិតមាស ពិសិដ្ឋ នាយកនៃកម្មវិធីASPIRE និងមានវត្តមានពីសំណាក់ក្រុមបេសកកម្មIFAD ចំនួន៤រូប ក្រុមការងារនៃកម្មវិធីASPIRE ក្រុមការងារនៃគម្រោងPADEE និងគម្រោងSRET ដែលគិតជាចំនួនសរុបប្រមាណជា៤០នាក់។
កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីបង្ហាញពីគោលបំណងរបស់ក្រុមបេសកកម្មIFAD ដែលត្រូវចុះមកពិនិត្យនិងវាយតំលៃសកម្មភាពអនុវត្តការងាររបស់កម្មវិធីASPIRE ក៏ដូចជាឱកាសនៃការជួបប្រជុំដើម្បីបង្ហាញពីលទ្ធផលសម្រេចបាននៃសកម្មភាពការងារកន្លងមករបស់កម្មវិធីASPIRE ហើយបន្ថែមលើនេះក្នុងកិច្ចប្រជុំក៏មានការស្នើ ការធ្វើបទបង្ហាញនិងការចោទជាសំណួរនិងចំលើយជាដើម។
នៅក្នុងកិច្ចប្រជុំបណ្ឌិតមាស ពិសិដ្ឋ បានមានប្រសាសន៍ថ្លែងអំណរគុណទៅដល់ក្រុមបេសកកម្ម ការងាររបស់IFAD ហើយលោកនាយកកម្មវិធីASPIRE ក៏បានកោតសសើរទៅដល់លោកKishi Masahiro អ្នកឯកទេសផ្នែកលទ្ធកម្មហើយក៍ជាសមាជិកនៃក្រុមបេសកកម្មរបស់IFAD ម្នាក់ក្នុងចំណោមសមាជិក៥នាក់ផ្សេងទៀតដោយ រូបគាត់បានផ្តល់ការបណ្តុះបណ្តាលផ្នែកលទ្ធកម្មប្រកបដោយវិជ្ជាជីវៈទៅដល់ក្រុមការងាររបស់កម្មវិធីASPIREកាលពីថ្ងៃទី២២ដល់២៣ខែកុម្ភៈកន្លងមក។
លោកនាយកក៏បានសង្កត់បញ្ជាក់ផងដែរថាកម្មវិធីASPIREគឺធ្វើឡើងសម្រាប់ខែ្មរ ដើម្បីខ្មែរហើយមិនមែនសម្រាប់IFAD នោះទេដូចនេះសូមឲ្យសកម្មភាពទាំងឡាយណាដែលមានទាំងការធ្វើបទបង្ហាញ បទដ្ឋានការងារ គោលនយោបាយ គោលការណ៍ណែនាំនិងការបណ្តុះបណ្តាលផ្សេងៗគឺធ្វើយ៉ាងណាឲ្យខ្មែរអាចយល់ ខ្មែរអាចចេះធ្វើនិងធ្វើបានល្អ។
លោកម៉េង សក្តិភូសិត មន្ត្រីកម្មវិធីរបស់IFAD ប្រចាំកម្ពុជាបានមានប្រសាសន៍ដែរថាបេសកកម្មរបស់ក្រុមការងារIFADជាធម្មតាគឺធ្វើឡើងពីរដងក្នុងមួយឆ្នាំហើយសកម្មភាពនៃបេសកកម្មបែបនេះគឺមិនមែនធ្វើឡើងសម្រាប់តែកម្មវិធីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែគឺធ្វើឡើងដូចគ្នានេះនៅបណ្តាកម្មវិធីផ្សេងទៀតនៅគ្រប់ប្រទេសទាំងអស់។
លោកPatrict Habamenshi អ្នកឯកទេសផ្នែកគោលនយោបាយនៃក្រុមបេសកកម្មគាំទ្រការអនុវត្តមកពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្មបានថ្លែងនៅក្នុងអង្គប្រជុំដែរថាក្រុមបេសកកម្មមិនត្រឹមតែធ្វើការពិនិត្យទៅលើគោលនយោបាយដែលរៀបចំឡើងសម្រាប់ការអនុវត្តកម្មវិធីប៉ុណ្ណោះទេប៉ុន្តែក្រុមការងារក៏នឹងមកសិក្សាថាតើគោលនយោបាយទាំងនោះយកទៅអនុវត្តបានសម្រេចយ៉ាងដូចម្តេចហើយលើសពីនេះក្រុមការងារក៏នឹងធ្វើការសិក្សាស្វែងយល់ដើម្បីរកពីវិធីនិងជំហានអាចឈានទៅដល់ការអនុវត្តក្នុងកម្មវិធីឲ្យកាន់តែមានដំណើរការល្អប្រសើរថែមទៀតផង។
គួរបញ្ជាក់ថាបេសកកម្មគាំទ្រការអនុវត្តគឺត្រូវប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃ១៦ខែកុម្ភៈដល់ថ្ងៃទី៩ខែមីនាឆ្នាំ២០១៨ដោយស្ថិតក្នុងគោលបំណងចំនួន១០ដូចខាងក្រោម៖
១. ពិនិត្យវឌ្ឍនភាព ប្រៀបធៀបអនុសាសន៍នៃបេសកកម្មពាក់កណ្តាលអាណត្តិគាំទ្រកម្មវិធីឲ្យផុតពីស្ថានការណ៍ហានិភ័យ
២. ពិនិត្យផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ ធៀបផ្លូវទៅមុខរបស់កម្មវិធីបន្ទាប់ពីបេសកកម្មពាក់កណ្តាលអាណត្តិហើយកំណត់ដំណោះស្រាយ សម្រាប់បញ្ហាក្នុងការអនុវត្ត
៣. ពិនិត្យបញ្ចូលសកម្មភាពគម្រោង SRET ទៅក្នុងតំបន់គោលដៅ
៤. វាយតម្លៃទំនុកចិត្តវាយតម្លៃទំនុកចិត្តក្នុងការគ្រប់គ្រងថវិកា និងអនុវត្តកិច្ចព្រមព្រៀងខ្ចី/ ទទួលប្រាក់
៥. វាយតំលៃដំណើរការ និងការប្រើប្រាស់ថវិកា ASAP និងGEF
៦. ផ្តល់ពិន្ទុដល់កម្មវិធីតាមប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការប្រតិបត្តិរបស់IFAD
៧. គាំទ្រASPIRE រៀបចំអង្គភាពសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងក្រសួងកសិកម្ម
៨. ពិនិត្យភាពដៃគូជាមួយIFC(នៃWorld Bank)
៩. ពិនិត្យដំណើរការអង្គភាពគោលនយោបាយផ្សព្វផ្សាយរួមទាំងTWGAW និង TWG-sub group សម្រាប់ការផ្សព្វផ្សាយ
១០. ធ្វើឲ្យសាមញ្ញជាងមុននូវឧបករណ៍/មធ្យោបាយធ្វើកិច្ចសន្យាជួលអ្នកខាងក្រៅ
ចុចត្រង់នេះដើម្បីពិនិត្យមើលរូបភាពបន្ថែមដែលបានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |