ការ​ចងជាបណ្តុំអាជីវកម្ម​បង្កភាពងាយស្រួលទាំង​អ្នក​លក់​និង​ទាំង​អ្នកដើរ​ប្រមូលទិញ | ASPIRE CAMBODIA

កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មីដែលធន់ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ(ASPIRE)​បាន​រៀប​ចំ​ពិធី​ចែក​កូន​មាន់​ដែ​ល​ធ្វើ​ឡើង​ពី​សំណាក់​កសិករបង្ហាញ​(Demo Farmer)របស់​កម្មវិធី​ ជូនទៅ​ដល់​កសិករ​ជា​សមាជិក​នៃ​បណ្តុំ​អាជីវកម្ម​មាន់​ស្រែ​ឃុំ​កំពង់ហ្លួង​នាព្រឹក​ថ្ងៃសុក្រទី១៣រោច​ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០  ​។​

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់​លោកអនុប្រធានការិយាល័យកសិកម្ម ធន់ធាន ធម្មជាតិ និងបរិស្ថានស្រុក បុគ្គលិកតំណាងអង្គការពន្លឺកុមារ(PK)  មេភូមិ កសិករបង្ហាញ រួមជាមួយកសិករក្នុងក្រុមបណ្ដុំ និងភ្នាក់ងារផ្សព្វផ្សាយឃុំ​ដែ​ល​មាន​ចំនួន​អ្នកចូលរួមសរុប ២៥ នាក់។

ពិធីចែកកូនមាន់ចំនួន​២០០ក្បាលគឺបាន​ប្រគល់ជូន​ទៅ​ដល់​សមាជិកបណ្តុំ​ចំនួន​១០គ្រួសារ​សិនក្នុងចំណោម​សមាជិកសរុបចំនួន៣០គ្រួសារ។​ ពិធីនេះបាន​ប្រព្រឹត្តិឡើងនៅក្នុង​ភូមិពាមល្វែក ឃុំ​កំពង់​ហ្លួង​ ស្រុកពញាឮ ខេត្ត​កណ្តាល​ហើយ​កូន​មាន់​នីមួយៗមានអាយុកាល​២១​ថ្ងៃ​ដោយធ្វើ​វ៉ាក់​សាំងគ្រប់មុខ​រួចរាល់។​​

បើយោង​តាម​ការ​បញ្ជាក់ពី​បុគ្គលិក​ជំនាញទីផ្សារ​របស់​កម្ម​វិធី​ASPIRE លោក​ វ៉ាន់ ម៉ូនីកា​ បាន​ឲ្យ​ដឹង​ថា​កម្មវិធី​ASPIRE បាន​រៀប​ចំបង្កើត​ឲ្យ​មាន​នូវ​បណ្តុំ​អាជីវកម្ម​មាន់ស្រែនេះ​ឡើង​គឺដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យកសិករចេះសហការគ្នាក្នុងការប្រកបអាជីវកម្មរួមគ្នា​ផ្តល់ការ​បណ្តុះបណ្តាល​និងជំរុញបន្ថែម​ឲ្យកសិករចេះធ្វើការតាមដានដំណើរការចិញ្ចឹមមាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារ លើសពីនេះធ្វើ​យ៉ាងណាឲ្យពួកគាត់ចេះ​ អង្កេតមើលសុខភាពមាន់​ជាប្រចាំ​ដើម្បីឲ្យ​ដឹង​ថា​មាន់មានសុខភាពល្អ ឬឈឺនិងអាចទប់ស្កាត់បានទាន់ពេលវេលា។​

រូបគាត់​ក៏​បានបន្ថែមទៀត​ថា​កម្មវិធីASPIRE ក៏​បាន​ជួយ​ទៅ​ដល់​កសិករ​ឲ្យ​ចេះ​រៀប​ចំការ​ធ្វើ​ផែន​ការ​ដោយ​មាន​ទាំង​ការ​កត់​ត្រាតាមដាន​ជា​ប្រចាំ​លើវដ្តនៃ​ការ​ចិញ្ចឹម​មាន់​ផងដែរ។​ហើយ​បន្ថែមពីលើនេះ​កសិករ​ក៏​ទទួល​បាន​ចំណេះដឹង​ពី​សារៈ​សំខាន់ក៏​ដូចជា​ការ​រៀប​ចំ​កិច្ច​សន្យា​​រវាងអ្នកផ្គត់ផ្គង់​ធាតុចូល និងកិច្ចសន្យារវាងអ្នកប្រមូលផ្តុំទិញមាន់ ដោយសំណូមពរឲ្យ​ពួកគាត់​ត្រូវ​​ធ្វើការ​ទិញឬលក់ទៅតាមកិច្ចសន្យា ជាជាង ការទិញលក់តែរៀងៗ​ខ្លួន​តាមទម្លាប់ចាស់ពីមុនដែលធ្វើ​ឲ្យ​ងាយប្រឈមទៅ​នឹង​ការប្រែប្រួលទាំង​តំលៃ​និង​ទាំងបរិមាណទិញលក់នោះ។

 

Copy link
Powered by Social Snap