គេចចេញពីជីវិត​ធ្វើ​ចំណាកស្រុក​ បែរ​មក​ចាប់​យក​របរ​ចិញ្ចឹម​មាន់ | ASPIRE CAMBODIA

លោកស្រី ឡេន គឹមអៀន ជាសមាជិកក្រុមកសិករផលិតមាន់ មកពីក្រុមទឹកក្រហម ស្ថិតនៅក្នុង​ភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សព្វថ្ងៃ​គ្រួសារ​របស់​លោកស្រី​មានសមាជិកសរុបចំនួន​៦នាក់​ដែល​មាន​ប្តី​ឈ្មោះ​សាំង​ ផល្លី​ អាយុ៥៧ឆ្នាំ​និង​កូន​ៗចំនួន​៤​នាក់​ផ្សេងទៀត​។​

ប្រភព​ចំណូលជា​ប្រចាំ​របស់​គ្រួសារ​លោក​ស្រី​គឺ​មាន​ការ​ចិញ្ចឹម​មាន់​ ការ​ធ្វើស្រែ ​និង​ការ​ធ្វើ​ចំការ​ប៉ុន្តែ​សម្រាប់​ចំណូលជា​ចំបង​និង​អាច​ជួយ​ដល់​កម្រិតជីវភាពគ្រួសារ​បាន​ល្អ​ប្រសើ​រ​នោះ​គឺ​ជា​ការ​ចិញ្ចឹម​មាន់​តែម្តង។​

លោកស្រី គឹមអៀន​ ក៏​បាន​រៀបរាប់​ត្រួស​ៗពី​ជីវិត​គ្រួសារ​របស់​គាត់​មុន​ឈាន​ដល់​មាន​ជីវភាព​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ​ថា​ដោយ​ជីវភាព​ខ្វះ​ខាត​ពួកគាត់​ទាំង​ប្តី​និង​ប្រពន្ធ​បាន​បង្ខំចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​​ធ្វើ​ការ​ស្រុក​ថៃ​ប៉ុន្តែជី​វិត​ចំណាក​ស្រុក​បែបនេះក៏នៅ​តែមិន​អាច​រក​កំរៃ​បាន​ ​សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ​ឲ្យមាន​ភាពគាប់​ប្រសើ​រជាងមុននោះទេ​ ។

នៅ​ឆ្នាំ​២០១៥គ្រួសារ​របស់​លោក​ស្រីគឹម​អៀន​បានសម្រេចចិត្ត​វិល​ត្រឡប់​មក​កាន់​ទឹក​ដីជា​ស្រុកកំណើត​របស់គាត់វិញ​ហើយក៏​ចាប់​ផ្តើមការ​រកស៊ី​ចិញ្ចឹម​ជីវិត​តាមរយៈ​ការធ្វើស្រែ​ ការធ្វើ​ចំការ​ និងមាន​ទាំង​ ចិញ្ចឹម​​​មាន់​​តិច​តួចផងដែរ។​ នៅពេលនោះ​ របរ​កសិកម្ម​របស់​គាត់ គឺ​បាន​ត្រឹម​តែ​សំរាប់​បំពេញ​តម្រូវ​ការ​ក្នុង​គ្រួសារ​​​​​​​ព្រោះថា​ទាំង​ការ​ដាំដុះ​និង​ការ​ចឹញ្ចឹម​មាន់គឺ​ធ្វើ​ឡើង​ទៅតាម​ទំលាប់​​ដោយ​គ្មាន​ចំណេះ​ជំនាញ​ច្បាស់​លាស់​ណាមួយ​ទេ។​

នៅចុងឆ្នាំ​ ២០១៦ បងស្រីបានសំរេចចិត្តចូលជាសមាជិកក្រុមកសិករសិក្សាខ្នាតតូច (SLG) របស់កម្មវិធី(ASPIRE)​​ហើយគាត់បានចូលរួមវគ្គបណ្តុះបណ្តាលសាលាស្រែកសិករចំនួន១៦សប្តាហ៍ដោយ​ សិក្សា​ស្តីពីបច្ចេកទេសដាំបន្លែនិងបច្ចេកទេសចិញ្ចឹមមាន់ស្រុកដែលធន់ទៅនឹងការប្រែប្រួល​អាកាសធាតុ។ ​រាល់​បណ្តា​សមាជិកក្រុម​គឺ​តែង​តែ​មាន​ការ​រៀប​ចំពេលវេលាជួប​ប្រជុំ​គ្នាជា​បន្ត​បន្ទាប់ ​ហើយរហូតដល់ ឆ្នាំ២០១៧ លោកស្រី គឹមអៀន​ ក៏បាន​ក្លាយជា​សមាជិក​នៅក្នុងក្រុមផលិតមាន់ស្រុកនៅក្នុងក្រុមទឹកក្រហម។​

មូលហេតុដែលនាំឲ្យបងស្រីចាប់អារម្មណ៍ និងស្ម័គ្រចិត្តចូលកម្មវិធី (ASPIRE) តាំងពីដំបូងនោះគឺគាត់ចង់ចេះ​ពីបច្ចេក​ទេសថ្មីៗលើការចិញ្ចឹមសត្វដើម្បីឲ្យទទួលបានផលដែលអាចបង្កើនប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារ​​របស់គាត់ផងដែរ។

បន្ទាប់ពីបានចូលជាសមាជិកក្រុមផលិតរួចមក លោកស្រី គឹមអៀន ត្រូវបានជ្រើសរើសជាកសិករបង្ហាញសម្រាប់ការចិញ្ចឹមមាន់ស្រុក ដោយគាត់បានទទួលការជួយគាំទ្រ​ពី​កម្មវិធី​ទាំង​បច្ចេកទេស​និង​សម្ភារមួយ​ចំនួន​​សម្រាប់​ដំណើរការ​នៃ​ការ​ចិញ្ចឹម​របស់​គាត់​ឲ្យ​កាន់​តែប្រសើរឡើងថែមទៀត។​ លោកស្រី  គឹមអៀន បានសាងសង់ទ្រុងមាន់ដែលមានទំហំ ទទឹង ៤ ម៉ែត្រ និង បណ្តោយ ១៦ ម៉ែត្រ ហើយនៅចុងឆ្នាំ ២០១៨កន្លងទៅនេះ គាត់បានដាក់មេមាន់ពូជចំនួន ២៥ ក្បាល និងមាន់គក​ ០៣ ក្បាលនិងមាន់ជំទង់០៩ក្បាលហើយកំណើនមាន់​ចេះ​តែ បន្ត​កើន​ឡើងជា​បន្ត​បន្ទាប់ទៀត​។

ក្រោយពីបានចូលរួមក្នុងកម្មវិធីរួចមលោកស្រីក៏បានផ្លាស់ប្តូរទំលាប់ពីការចិញ្ចឹមតាមបែបប្រពៃណីមកជាការចិញ្ចឹមតាម​បច្ចេកទេសថ្មី ដោយបានធ្វើវ៉ាក់សាំងឲ្យមាន់ជាប្រចាំ លាងសំអាតស្នូកទឹកស្នូកចំណី និងមានរបងជីវសុវត្ថិភាព​ការពារមាន់ផងដែរ។

ការចិញ្ចឹមដែល​ធ្វើ​ទៅ​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​បែប​នេះ​នាំ​ឲ្យ​មាន់​របស់គាត់ក៏លែងជួបបញ្ហា ឬផ្ទុះជំងឺដូចពេលមុននោះទេ។ ហើយសម្រាប់មាន់ដែលគាត់ចិញ្ចឹម​បានគឺ​គាត់បម្រុងទុកហូបចំនួន ១៥ក្បាលជាប្រចាំ ហើយចំណូលពីការលក់មាន់ជាប្រចាំផងដែរគឺបានប្រមាណជាង ១ លាន​រៀល ដោយក្នុង ១ គីឡូក្រាមលក់បានថ្លៃ១៥០០០រៀល។

ទៅថ្ងៃខាងមុខលោកស្រី ឡេន គឹមអៀន មានបំណងពង្រីកទ្រុងចិញ្ចឹមមាន់ និងបន្ថែមមេមាន់ឲ្យបានច្រើនជាងនេះថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឲ្យកាន់តែមានភាពប្រសើរនិងមិនខ្វល់ពីការធ្វើចំណាកស្រុកទៅធ្វើការនៅថៃទៀតទេ។ ម្យ៉ាងវិញទៀតមាន់ដែលគាត់ចិញ្ចឹមបានគឺគាត់​បានបញ្ជាក់ថាមានភាពងាយស្រួលក្នុងការលក់ចេញណាស់ដោយមានអ្នកប្រមូលទិញនៅក្នុងភូមិគាត់ទទួលទិញមាន់អស់ៗក្នុងតំលៃសមរម្យ។ ជាចុងក្រុងក្រោយលោកស្រីសូមថ្លែងអំណរគុណដល់កម្មវិធី ASPIRE និងម្ចាស់ជំនួយដែលបានធ្វើឲ្យគ្រួសារគាត់មានការផ្លាស់ប្តូរ និងក្លាយជាកសិករគំរូមួយនៅក្នុងក្រុម ហើយគាត់រីករាយនឹងការ ប្រឹក្សាបច្ចេកទេសចិញ្ចឹមមាន់ទៅដល់អ្នកជិតខាទាំងអស់ សមាជិកក្នុងក្រុមដទៃទៀតឬរាល់កសិករ​ណា​ដែល​ចាប់អារម្មណ៍​របរ​ដូច​គាត់​នេះ​ផងដែរ៕

Copy link
Powered by Social Snap