របរភ្ញាស់កូន​មាន់​លក់អាច​រក​កំរៃ​បាន​ជាង​១ពាន់​ដុល្លា​ជា​ប្រចាំ!​ | ASPIRE CAMBODIA

លោក នុត សុវណ្ណា​ ជាកសិករប្រកបរបរភ្ញាស់កូនមាន់ និងបានចូលរួមជាមួយ​កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់​ទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ​ហៅកាត់ថាASPIREតាំងពីខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នៅភូមិរាជាមង្គល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

លោក​ នុត សុវណ្ណា បានប្រើនូវចំណេះដឹងនិងចំណេះធ្វើ ដែលលោកបានទទួល​ពីវគ្គបណ្តុះបណ្តាលនិងបទពិសោធន៍ជាច្រើនពីកម្មវិធី ASPIRE ក្នុងការអនុវត្តន៍​សកម្មភាព​ភ្ញាស់កូនមាន់ ហើយជាមួយគ្នានោះដែរ លោកបានទិញទូរភ្ញាស់ចំនួនពីរ ពូជមាន់ និង​សម្ភារសម្រាប់ភ្ញាស់​មាន់មួយចំនួនផ្សេងទៀតដើម្បីអោយសមស្របទៅតាមវិធីសាស្រ្ត​បច្ចេកទេស។

តាមរយៈការខិតខំប្រឹងប្រែងទាំងអស់នេះ លោក នុត សុវណ្ណា បង្កើតប្រាក់ចំណូល​បាន​ប្រមាណជាជាង ៥លាន​រៀលក្នុងរយៈពេលជិត​មួយខែ ពីការលក់កូនមាន់ចំនួន១៥០០ក្បាល​ ដែលក្នុងមួយក្បាល លក់ក្នុងតម្លៃ៣៥០០រៀល។​

អតិថិជនភាគច្រើនដែលមកទិញកូនមាន់ គឺមកពីស្រុកថាឡាបរិវ៉ាត់និងស្រុកសៀមបូក ហើយ​អ្នកទិញទាំងនោះ យកទៅចិញ្ចឹមបន្ត និងអ្នកខ្លះទៀតក៏យកទៅដើម្បីចែកជូនបន្តទៅកសិករ​និងក្រុមកសិករ​ដើម្បីចិញ្ចឹមផងដែរ។

ប្រាក់ចំណូលដែលរកបានពីការលក់កូនមាន់ លោក នុត សុវណ្ណា បានយកប្រាក់មួយ​ចំនួន​ទៅ​ប្រើប្រាស់​​ដើម្បីពង្រីកកសិដ្ឋានភ្ញាស់កូនមាន់ និងមួយចំនួនទៀតសំរាប់ការ​ចំណាយ​លើម្ហូបអាហារ ការផ្កត់ផ្គង់សម្ភារសិក្សាដល់ចៅប្រុសស្រីក៏ដូចជាគ្រួសាររបស់គាត់ទាំងមូល​ដែល​មាន​សមាជិក០៦នាក់។

លោក ប្រាក់ ចាន់ថន ដែលជាអតិថិជនម្នាក់របស់លោក នុត សុវណ្ណា បាននិយាយ​អោយដឹងថា​ “កូនមាន់ដែលគាត់បានទិញពីកសិដ្ឋានរបស់លោក នុត សុវណ្ណា គឺមានសុខភាពល្អ ហើយធននឹងអាកាសធាតុ មិនរើសចំណី”។

ជាមួយគ្នានោះ លោក នុត សុវណ្ណា បាននិយាយទាំងសប្បាយចិត្តថា​ “លោកសប្បាយចិត្តខ្លាំងណាស់ ហើយក៏​សូមអរគុណ​ចំពោះកម្មវិធី ASPIRE និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទខេត្តស្ទឹងត្រែង ដែលបានលះបង់និងរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញអោយកសិដ្ឋានភ្ញាស់កូនមាន់របស់លោក បានលេចចេញជារូបរាងឡើងនិងទទួលបានលទ្ធផលជាផ្លែផ្កាដូចបច្ចុប្បន្ននេះ ហើយ​លោកប្តេជ្ញាថា លោកនឹងយកមុខរបរនេះជាអាជីព​សំរាប់ក្រុមគ្រួសារ​និងជំនាន់ក្រោយ​របស់លោកផងដែរ”៕

 

Copy link
Powered by Social Snap