លោកពូ ប្រាក់ ហ៊ាប ជាកសិកររស់នៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ពីកសិករ ដែលមានដីស្រែតែ១០រ៉ៃ ដែលទទួលបានប្រាក់ចំណូលត្រឹមតែ ៣លានរៀលក្នុងមួយឆ្នាំ បច្ចុប្បន្ននេះ រូបគាត់ក្លាយជាកសិករចិញ្ចឹមមាន់ស្រែយកសាច់ និងភ្ញាស់កូនមាន់លក់តាមរយៈការផ្តល់នឹងការគាំទ្រមួយផ្នែក មានជាសម្ភារៈកសិកម្ម និងសេវាបច្ចេកទេស ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៃកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) កាលពីឆ្នាំ២០១៨។
លោកពូ ប្រាក់ ហ៊ាប ក៏ទទួលបានការបណ្តុះបណ្តាលពីកម្មវិធីASPIREលើបច្ចេកទេសចិញ្ចឹមមាន់និងភ្ញាស់កូនមាន់មានដូចជាការធ្វើចំណី ការធ្វើទ្រុង ការពិនិត្យមើលស៊ុត ការដាក់កម្រិតកំដៅនិងការចាក់វ៉ាក់សាំងជាដើម។
រូបគាត់បានបញ្ជាក់អោយដឹងដែរថាភាពជោគជ័យរបស់គាត់បានមកដល់ពេលនេះគឺកើតចេញពីការទទួលបានការបណ្តុះបណ្តាលដែលធ្វើអោយរូបគាត់មានជំនាញច្បាស់លាស់ហើយធ្វើអោយមាន់របស់គាត់មានភាពធន់ទៅនឹងជំងឺផ្សេងៗទាំងរដូវប្រាំងនិងរដូវភ្លៀង។
ក្រោយពីការផ្លាស់ប្តូររបរជាចំបងពីការធ្វើស្រែមកការចិញ្ចឹមមាន់និងភ្ញាស់កូនមាន់វិញនោះ លោកពូប្រាក់ ហ៊ាប អាចទទួលបានប្រាក់ចំណូល ពីការលក់មាន់យកសាច់ និងកូនមាន់របស់គាត់ រហូតដល់ទៅ៣០លានរៀលក្នុងមួយឆ្នាំដោយចំណូលទាំងនេះគឺរូបគាត់បានកាត់កងការចំណាយទាំងអស់រួមមានទាំងថ្លៃទិញចំណីមាន់ ទឹក ភ្លើងអគ្គីសនី ទិញពងមាន់ និងកំលាំងពលកម្មជាដើម។
សមិទ្ធិផលទាំងអស់នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ជម្រុញបន្ថែមលើវិស័យផលិតកម្មកសិកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន ប្រាក់ចំណូលដល់គ្រួសារកសិករ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។