ពីអ្នក​លក់​ចេកចៀន​មកជា​កសិករ​ដាំ​បន្លែបាន​ប្រាក់​ចំណូល​រាប់ពាន់ដុល្លា | ASPIRE CAMBODIA

អ្នកស្រីជឹម ចាន់ថេន អាយុ៤១ឆ្នាំជាសមាជិកក្រុមកសិករសិក្សាខ្នាតតូចនិងជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ​រស់នៅភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោល​ ខេត្តបាត់ដំបង។​​ អ្នកស្រីរស់នៅជាមួយសមាជិកគ្រួសារ៤នាក់​ហើយមុខរបរ​និង​ប្រាក់ចំណូល​របស់គាត់គឺបានពីការធ្វើស្រែនិងដាំបន្លែ។

មុនពេល​ចូលរួម​ជាសមាជិកក្រុម​កសិករ​សិក្សាខ្នាតតូច​របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា​ASPIREនៅ​ឆ្នាំ​២០១៦។ អ្នក​ស្រី​បាន​រៀប​ពី​ជីវិត​ដែល​ជួប​ការ​លំបាក​របស់​គាត់យ៉ាង​ដូច្នេះ​ថា​​​«គ្រួសារខ្ញុំ​មាន​ការលំបាក​ណាស់​ដោយ​ប្តី​គាត់​ធ្វើ​ជា​កម្ម​ករ​សំណង់​ហើយ​ខ្ញុំ​ជាអ្នក​លក់​ចេកចៀន​។​ហើយពួកយើង​រកចំណូលបាន​តិច​តូចប្រហែល​តែ​ពី២០០០០ទៅ​៣០០០០​រៀល​ប៉ុណ្ណឹងទេ​។​»​

ក្រៅពី​មុខរបរ​លក់​ចេកចៀន​និង​ធ្វើជា​កម្មករ​សំណង់​ គ្រួសារ​របស់អ្នក​ស្រី​ក៏​បាន​ធ្វើ​ស្រែ​ជា​ប្រចាំ​ផងដែរ​ប៉ុន្តែ​ផល​ពី​ការ​ធ្វើ​ស្រែ​នេះ​គឹ​មិន​គ្រប់​គ្រាន់​បើ​ប្រៀប​ធៀ​បទៅ​នឹង​ការ​ចំណាយ​​លើ​ជី​កសិកម្ម និង​កំលាំង​ពលកម្ម។

នៅ​ក្នុ​ង​កំឡុងឆ្នាំ​២០១៥​ លើ​ផ្ទៃ​ដី១​រ៉ៃ​កន្លះ ​ឬប្រមាណ​ជា​២៤០០​​ម៉ែត្រការ៉េ​​ អ្នក​ស្រីចាន់​ថេន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ផល​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ស្រែ​លើ​ផ្ទៃដី​ទំហំប៉ុណ្ណេះ​គឺ​គ្រួសារគាត់​បាន​ត្រឹម​តែ​ប្រមាណ​ជា៥ការ៉ុង​តែប៉ុណ្ណោះ​។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា​«​ការ​ធ្វើ​ស្រែ​គឺ​១ឆ្នាំ​គ្រួសារ​ខ្ញុំ​ធ្វើ​បាន​តែម្តង​នោះ​ទេ​ហើយ​ផល​វិញ​គឺ​មិន​ទៀងទាត់​ហើយ​បាន​ចំនួន​ពេលខ្លះ​៥ការ៉ុង​ ពេលខ្លះទៀត​ក៏​តិចឬ​ច្រើនជាងហ្នឹង​តិចតួច។​»​

ដោយសារស្ថាន​ភាព​ចំណូល​មិន​គ្រប់​ល្ម​ម​នឹង​កា​រចំណាយ​ជា​ប្រចាំ​ក្នុងគ្រួសារ​របស់​អ្នក​ស្រីទាំង​មូល​ អ្នក​ស្រី​ក៏​បាន​ជជែក​ពិភាក្សា​ជា​មួយ​ប្តី​ដើម្បី​ធ្វើ​ចំណាក​ស្រុក​ស្វែង​រក​ការ​ងារ​នៅ​ឯប្រទេស​ថៃ​។​

អ្នក​ស្រី​បាន​បញ្ជាក់​យ៉ាង​ដូចនេះ​ទៀតថា​«​ចំណូលហ្នឹងគឺ​បាន​តិចតួចណាស់​ហើយ​មិន​អាច​ផ្គត់​ផ្គង់​គ្រួសារ​បាន​ទេ​ហើយ​យើង​គ្មាន​​ចំណេះជំនាញអីផង​ក៏មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ក៏​នាំ​គ្នា​សំរេចចិត្ត​ថា​នឹងធ្វើ​ចំណាកស្រុក​តែម្តង។​»​

ជាភព្វ​សំណាងក្នុងឆ្នាំ​២០១៦​​​កម្មវិធីASPIRE បានចុះមកជ្រើសរើសកសិករនិងបង្កើតក្រុមកសិករសិក្សាខ្នាតតូចមក​ដល់​ឃុំ​អូរតាគី​ស្រុក​ថ្មគោលខេត្ត​បាត់ដំបង​ ហើយអ្នក​​ស្រីក៏បាន​​ចូលរួម​​​និង​ទទួល​បានការ​បណ្តុះ​បណ្តាលបច្ចេកទេសដំណាំបន្លែ​និង​ស្រូវតាមរយៈ​សាលារៀន​ស្រែ​កសិករហើយ​អ្នកស្រីក៏​ត្រូវ​បាន​ជ្រើសរើស​ ជា​អ្នក​ធ្វើបង្ហាញ​សម្រាប់​ផលិតកម្ម​ដំណាំ​ស្រូវ​    ​ផង​ដែរ​។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា«​ខាង​កសិកម្ម​បាន​ចុះ​មកនៅឆ្នាំ២០១៦​ហើយ​ខ្ញុំ​ក៏​ចូល​រួម​ជាមួយគេ​ដើម្បី​រៀន​សូត្រព្រោះអីខ្ញុំ​ក៏​ស្រលាញ់​និងចូលចិត្ត​ការ​ដាំ​ដុះផ្អែកខាង​​កសិកម្ម​​ហ្នឹង​ដែរ​។​»

ក្នុង​កំឡុងពេល​បណ្តុះ​បណ្តាល​អ្នក​ស្រី​ចាន់ថេន​ ហាក់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​ដាំ​បន្លែ​ហើយ​គាត់ក៏​ជួបជជែក​ពិភាក្សា​ជាមួយ​មន្ត្រី​បច្ចេកទេស​ដើម្បី​ទទួល​ការ​ណែ​នាំ​បន្ថែម​នឹង​អាចឲ្យច្បាស់ក្នុងចិត្ត​​ថា​ការ​ងាក​ពី​របរ​កសិកម្ម​ធ្វើ​ស្រូវ​ជា​ធំមក​ផ្តោត​លើ​ការ​ដាំ​បន្លែ​ជាធំ​វិញនោះគឺនឹង​មិនឲ្យ​ទទួល​រង​ភាព​បរាជ័យ​នោះ​ទេ។​

លោក​ អ៊ិន​ សុវណ្ណមុន្នី​ អនុប្រធានមន្ទីរកសិកម្ម​រុក្ខា​ប្រម៉ាញ់​និង​នេសាទ​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍​ថាជាទូទៅ​ការ​ជំរុញ​ឲ្យ​កសិករ​ចាប់​យក​របរ​ណាមួយ​​គឺ​ខាងមន្ទីរ​មើល​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​របស់​ពួកគាត់​ប្រសិន​បើ​តំបន់​នោះ​គឺ​កប​នឹង​ការ​ចិញ្ចឹម​សត្វនោះនឹងធ្វើការ​ជំរុញ​ឲ្យ​កសិករ​ធ្វើការ​ចិញ្ចឹម​សត្វ​ជា​ចម្បង​ តែ​បើ​ខាង​ស្រូវ​គឺ​​ក៏​នឹងជួយ​ជំរុញ​បន្ថែម​អោយ​ងាក​មក​ធ្វើ​ខាង​​ស្រូវ​វិញ​ផង​ដែរ។

លោក​ សុវណ្ណមុន្នី​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច​ឆ្នេះថា«តំបន់ណា​ដែល​យើងធ្វើរឿង​ស្រូវ​​យើង​ផ្តល់​​ស្រូវ​ តំបន់​ណា​ដែល​មាន​សក្តានុពល​ដំណាំបន្លែ​គឺ​យើង​​​រុញ​សក្តានុពល​ដំណាំបន្លែ​ជូន​ដល់ពួក​គាត់​​ហើយ​ធ្វើ​ម៉េច​គឺ​យើង​ភ្ជាប់​នូវ​បច្ចេកទេស​និង​ទីផ្សារ​មក​ដល់​ស្រុក​របស់​គាត់​ហ្នឹង។»

ក្រោយពីបានទទួលការណែនាំហើយអ្នកស្រី និងគ្រួសារសម្រេចចិត្ត កែប្រែពីដីស្រែមកដីចម្ការវិញ ដោយចំណាយ​ថវិកាអស់១៥០០ដុល្លាសម្រាប់ថ្លៃចាក់ដី។នៅឆ្នាំ២០១៧ខាងកសិកម្មស្រុកថ្មគោលនៃកម្មវិធីASPIRE​បានសម្រេច​ជ្រើស​រើស​ ​​​គ្រួសារគាត់ឲ្យធ្វើបង្ហាញសម្រាប់​​ផលិតកម្មបន្លែត្រសក់ផ្អ​រដោយ​ដាំ​លើ​ផ្ទៃដី​២៤០០ម៉ែត្រ​ការ៉េ​។​

អ្វី​ដែល​ជា​ការ​ភ្ញាក់​ផ្អើល​និង​ធ្វើ​អោយ​គ្រួសារ​របស់​អ្នក​ស្រី​ចាន់​ថេន​ មាន​ភាព​សប្បាយ​រីក​រាយ​បំផុត​នា​ពេល​នោះ​គឺ​ជា​ការ​ទទួល​បាន​ផល​ខ្ពស់​កើត​ចេញ​ពី​ការ​ដាំ​ដំណាំ​ត្រ​សក់​នេះ​ឯង​។​ លើ​ផ្ទៃដី​ជាង​២០០០​ម៉ែត្រ​ការ៉េ​​ ការ​ដាំ​ដំណាំ​ត្រសក់​របស់​អ្នក​ស្រី​គឺ​ទទួល​បាន​ផល​រហូត​ដល់​ទៅ​១២​តោន​ក្នុង​រយៈពេលត្រឹម​តែ​ប្រមាណជាបីខែហើយ​​គាត់​អាច​លក់​បាន​ប្រាក់​រហូត​ដល់ទៅ​​៣៥០០ដុល្លា​។​

នៅឆ្នាំ២០១៨កម្មវិធីASPIREបានប្រែក្លាយក្រុមកសិករសិក្សាខ្នាតតូចទៅជាក្រុមបណ្តុំអាជីវកម្មបន្លែនិងបានធ្វើផ្ទះ​សំណាញ់​​ទំហំ៣៥០ម៉ែត្រការ៉េដែលមានទទឹង៧ម៉ែត្រនិងបណ្តោយ៥០ម៉ែត្រជូន​ទៅ​ដល់​គ្រួសារ​អ្នក​ស្រីជឹម​ ​ចាន់ថេន។

ហើយតាម​រយៈផ្ទះសំណាញ់​នេះ​គ្រួសារ​របស់​អ្នកស្រី​ក៏​បាន​ពង្រីកការដាំដុះ ដោយ មានដាំជាបន្លែ សុវត្តិភាព​ក្នុងផ្ទះសំណាញ់មានដូចខាត់ណាដើមសណ្តែកកួរត្រសក់ស្ពៃសក្រញាញ់​ស្ពៃថៃស៊ីមនិងស្ពៃ​ហាង​ថែម​ទៀតផង។

ជីវិតជា​អ្នក​លក់​ចេកចៀន​ កម្ម​ករ​សំណង់​និង​ជីវិត​បំរុង​នឹងចំណាក​ស្រុក​ត្រូវ​បាន​បញ្ចប់ហើយ​ជំនួស​មក​វិញ​គឺ​ការ​ប្រក​ប​របរ​ដាំ​បន្លែ​ដែលអាច​ផ្តល់​ចំណូលច្រើន​និង​​បាន​ជួយ​សម្រួល​ជីវភាព​ទាំង​ស្រុង​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ចាន់ថេន​​។​ ក្នុង​នោះ​គ្រួសារ​របស់​អ្នក​ស្រី​អាច​មាន​លទ្ធ​ភាព​សងបំណុល​ដែល​ជំពាក់​គេ​ពី​មុន​ និង​បាន​​បញ្ជូនកូន​ៗ​អោយ​ចូល​សាលា​រៀន​ ហើយ​ពិសេស​​បំផុត​ការ​ព្យួរាស់​ដោយ​កំលាំងសត្វ​ពាហនៈ​បាន​ប្រែមក​ការ​ប្រើ​ប្រាស់កំលាំង​ម៉ាស៊ីនការ​រែក​ទឹក​ស្រោចដំណាំ​ ក៏​បាន​ប្រែ​មក​ប្រើ​ប្រាស់​ប្រព័ន្ធដំណក់​ទឹក​និង​ប្រព័ន្ធ​ស្រោយស្រពទឹកសាចវិញ ។