កសិផលចំនួន ៦មុខនៅភូមិតាស៊ីទទួលបានការបញ្ជាទិញ តាមរយៈកសិកម្មតាមកិច្ចសន្យា | ASPIRE CAMBODIA

នៅថ្ងៃ​​អាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ឋសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០នៅក្នុងភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងស្តីពី« ផលិតកម្មកសិកម្ម តាមកិច្ចសន្យា » រវាងសហគមន៍កសិកម្មតាស៊ីសាមគ្គី និងក្រុម​ហ៊ុនREMIC ក្នុងការផ្តត់ផ្គង់បន្លែសុវត្ថិភាពចំនួន០៦មុខ ក្នុងតម្លៃថេរ រយៈពេល០១ឆ្នាំពេញ។ បន្លែទាំងនោះ រួមមាន ៖

  1. ស្ពៃក្តោបធំ ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
  2. ស្ពៃក្តោបតូច ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
  3. ស្បៃបូកគោ ក្រោម ១០០ គីឡូ តម្លៃ៤២០០ រៀល និងលើ១០០ គីឡូ តម្លៃ៤០០០ រៀល
  4. ខាន់ណាផ្កាស ក្រោម ១០០ គីឡូ តម្លៃ៤៥០០ រៀល និងលើ១០០ គីឡូ តម្លៃ៤៣០០ រៀល
  5. ខាត់ណាផ្កាខៀវ ក្រោម ១០០ គីឡូ តម្លៃ៤៥០០ រៀល និងលើ១០០ គីឡូ តម្លៃ៤៣០០ រៀល
  6. ខាត់ណាធម្មតាឬចិន(កំប៉ុង) ក្រោម ១០០ គីឡូ តម្លៃ៤០០០ រៀល និងលើ១០០គីឡូ តម្លៃ៣៨០០ រៀល ។

គណៈអធិបតីក្នុងពីធីចុះកិច្ចប្រមព្រៀងនេះ មាន ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង​ សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និងនេសាទ អមដោយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អភិបាលរងស្រុកថ្មគោល តំណាងធនាគារអភិវឌ្ឍន៍ជនបទ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ​សហគមន៍​​កសិកម្ម​កម្ពុជា អ្នកតំណាង​​ក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រ និងអ្នកតំណាងក្រុមហ៊ុន ម៉ាលីសាន គ្រុបផងដែរ។

សូមបញ្ជាក់ថាសហគមន៍កសិកម្មតាសីសាមគ្គី ជាអតីតក្លឹបកសិករIPM ចាប់តាំងពី២០០៧​រហូតដល់​ឆ្នាំ២០១៥។ នៅឆ្នាំ២០១៦មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួល​អាកាសធាតុ(ASPIRE)បានគាំទ្រលើការងារគ្រប់គ្រងកត្តាចង្រៃ​ទៅលើផលិតកម្មបន្លែសុវត្ថិភាព​ ហើយបានដាក់ឈ្មោះក្រុមនោះថា «បន្លែធម្ម​ជាតិ​សម្រស់តាសី » ដែលមានកសិករចូលរួម​ចំនួន​៤៨គ្រួសារ តាមរយៈវិធីសាស្ត្រ ផ្តល់កិច្ចសន្យាជួលអ្នកខាងក្រៅ ទៅឲ្យអង្គការពន្លឺកុមារ(PK)។

នៅឆ្នាំ២០១៧ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទខេត្តបាត់ដំបង បានបង្កើតក្រុម​នេះទៅ​​ជាសហគមន៍កសិកម្មតាសីសាមគ្គី ដែលបានបន្តគាំទ្រ​បច្ចេកទេស និងថវិកា​ដោយគំរោងជម្រុញ​ផលិតកម្មស្បៀង(Boosting Project) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយសារឃើញសហគមន៍កសិកម្មតាសីសាមគ្គីមានការរីកចម្រើនពីមួយថ្ងៃទីមួយថ្ងៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៃកម្មវិធីASPIRE បានផ្តល់ជួនផ្ទះសំណាញ់ស្តង់ដាអ៊ីស្រាអែលចំនួន២ខ្នង​តាម​តម្រូវការ ​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង តាមរយៈកម្មវិធីASPIREបានផ្តល់ផ្ទះសំណាញ់ស្តង់ដាអ៊ីស្រាអែលចំនួន២ខ្នង ដើម្បីជម្រុញការដំាដុះបន្លែសុវត្ថិភាព ជូន​សហគមន៍​កសិកម្មនេះ ។ ផ្ទះសំណាញ់នីមួយៗ​ទំហំទទឹង១០ម៉ែត្រ និងបណ្តាយ៣៦ម៉ែត្រ ដែលមាន​ផ្ទៃក្រឡា៣៦០ម៉ែត្រការ៉េ កំពុងដាំបន្លែ០៣មុខរួមមាន៖ ផ្កាខាត់ណា​ព័ណ៌ខៀវ (Broccoli) ស្ពៃបូកគោ និងស្ពៃក្តោបជប៉ុន។ បច្ចុប្បន្ន សហគមន៍កសិកម្មតាសីសាមគ្គីបានកើនឡើងសមាជិកដល់១៤៧នាក់ ដែលមានផ្ទៃដីដាំដុះបន្លែរហូតដល់៣៧ហិកតា នៅក្នុងឃុំចំនួន០៣នៃស្រុកថ្មគោល ហើយគ្រោងបង្កើតផ្ទះសំណាញ់បន្ថែមចំនួន១០០បន្ថែមទៀតក្នុងឆ្នាំ២០២០នេះ។

 

 

 

 

 

 

 

             ព័តមានលំអិតសូមចុចលើរបាយការណ៍ពីខេត្តបាត់ដំបងនេះ

Copy link
Powered by Social Snap