អាជីវកម្មតូចតែ​កំរៃ​ច្រើន | ASPIRE CAMBODIA

លោក​ស្រី​ អ៊ំ ផល្លី ​មាន​អាយុ​៣៤​ឆ្នាំ​ និង ស្វាមី​លោក​ អ៊ំ គីមអេង មាន​​អាយុ៣៧ឆ្នាំ មាន​កូន​ក្នុង​បន្ទុក​ចំនួន​៤​នាក់​ ដោយ​កូ​ន​ច្បង មាន​អាយុ​១៦​ឆ្នាំ​ និង​កូន​ពៅ​មាន​អាយុ​ ២ឆ្នាំ​កន្លះ​។
​ក្រុម​គ្រួសារ​ពួកគាត់​គឺ​រស់​នៅ​ក្នុង​ភូមិ​សណ្តាន់​ ឃុំ​សណ្តាន់​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​។​​
លោក​ស្រី​ផល្លី​ ក៏​ជា​សមាជិក​ក្រុមកសិករ​សិក្សា​ខា្នតតូច ​​​​ដែល​បាន​បង្កើត​ឡើង​ នៅ​ក្នុង​ឆ្នាំ​២០១៦ដោយ​​កម្មវិធី​ផ្សព្វផ្សាយ ​បច្ចេកទេស​កសិកម្មថ្មី​ ដែល​ធន់​ទៅ​នឹង ការ​ប្រែប្រួល​អាកាស​ធាតុ ហើយរូបគាត់​ក៏​ទទួល​បាន​ ការ​គាំទ្រ​ពី​សំណាក់​អនុកម្មវិធី​ខេត្ត​ក្រចេះ ផងដែរ​។​​

ក្រុម​គ្រួសាររបស់​លោក​ស្រី​ផល្លី​​គឺ​កាន់​បណ្ណ ក្រី​ក្រ​​​ប្រភេទ ២​។​

​លោក​ស្រី​មានចំណាប់អារម្មណ៍ក្នុងការអនុវត្តបច្ចេកទេសថ្មី ម្យ៉ាងទៀតគ្រួសារលោកស្រីមានលក្ខណៈវិនិច្ឆ័យជាកសិករក្រីក្រីត្រូវ​បានកម្មវិធី​ធ្វើ​ការ​ជ្រើសរើសជា​កសិករ​បង្ហាញ​​ហើយ​ កម្មវិធី​ ASPIRE ក៏​បាន​គាំ​ទ្រ​ដោយ​ផ្តល់​ជូន​នូវ​មាន់ញី​ចំនួន​២១​ក្បាល ​មាន់​ឈ្មោល​ចំនួន​ ៤​ក្បាល​​និង​សម្ភារៈ​ចាំបាច់​សម្រាប់​ជួយ​សំរួល​ដល់​ការ​ចិញ្ចឹម​មួយ​ចំនួន​ថែម​ទៀត​ផង​។​

មុន​ពេល​ចូល​ក្នុង​កម្មវីធី​ASPIRE ​លោក​ស្រី​មាន​មាន់​សម្រាប់​ចិញ្ចឹម​តែ២​ទៅ៣​ក្បាល​ប៉ុណ្ណោះ​​ហើយ​ការ​ចិញ្ចឹម​របស់​លោក​ស្រី​ក៏​មិន​មាន​ទ្រុង​សមរម្យ​នោះ​ដែរ។​

លោក​ស្រី​បាន​បញ្ជាក់​ថា​«ពី​ដំបូង​គ្រួសារ​នាង​ខ្ញុំ​មិនមាន​មាន់​ច្រើន​ចិញ្ចឹម​ទេ​ហើយ​មិនមាន​ទ្រុងនិង​បច្ចេកទេស​​ចិញ្ចឹម​សម្យរម្យឡើយការចិញ្ចឹម​គឺ​ធ្វើ​ឡើង​តាម​យថាកម្ម​តែប៉ុណ្ណោះ។​»

ចាប់តាំងពី​ខែ​កញ្ញា​​ ឆ្នាំ​២០១៦​បន្ទាប់​ពី ​លោកស្រី​បាន​ចូល​រួម​ជា​មួយ​នឹង​កម្ម​វិធី​ASPIRE លោក​ស្រី​ក៏​បាន​ចាប់​ផ្តើ​មធ្វើ​ការ​ចិញ្ចឹម​មាន់​ទៅ​តាម​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​មន្រ្តីគាំទ្របច្ចេកទេស​ថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ​​។​ ហើយ​ក្នុង​រយៈពេល​១០​ខែ​លោកស្រី​អាច​រក​ប្រាក់​ចំណូល​បាន​​ប្រមាណ​៥លានរៀល​តាម​រយៈ​ការ​លក់​មាន់​ចំនួន​​៩​ដង​​​។​

ជា​មធ្យម​លោក​ស្រី​អាច​លក់​មាន់​បានពីរដង​ក្នុង​១ខែ​ដោយ​មួយ​ខែ​គឺ​គាត់​អាច​លក់​មាន់​បាន​ប្រមាណ​ជា​២៣​ក្បាល​។ ក្រៅពី​ការ​ចិញ្ចឹម​មាន់​គ្រួសារ​របស់​លោក​ស្រី​ផល្លី​ក៏​អាច​ទទួល​បាន​ចំណូល​មួយ​ផ្នែក​ពី​ការ​លក់​ស្រូវ​និង​លក់​ត្រី​ផងដែរ។​

ដោយ​សារ​ឃើញ​នូវ​ភាព​ជោគជ័យ​របស់​ក្រុម​គ្រួសារ​លោក​ស្រី​ផល្លី​ កសិករ​នៅ​ក្នុង​ភូមិ​ចំនួ​ន​៤គ្រួសារ​បានយក​វិធី​សាស្រ្ត​និង​បច្ចេកទេស​ពី​លោក​ស្រី​យក​ទៅ​អនុវត្ត​តាម​​​។ ​ហើយ​ក្រៅពី​នេះ​មាន​កសិករ​ចំនួន​១០​គ្រួសារ​ផ្សេង​ទៀត​ជាញឹក​ញាប់​បានមក​កាន់​ផ្ទះរបស់​គាត់​ដើម្បី​ ពិនិត្យ​មើល​ជា​គំរូ​និង​សុំ​ការ​ពិគ្រោះ​យោបល់​ពី​រូបគាត់​ជា​ដើម​។​
លោក​ស្រី​ផល្លី​បាន​មាន​ប្រសាសន៍​ថា​«​មាន​កសិករ​ដូច​គ្នា​ជា​ច្រើន​ចេះ​តែមក​សាកសួរ​ពី​ បច្ចេក​ទេស​នៃ​ការ​ចិញ្ចឹម​របស់​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​មិន​មាន​ការ​លាក់​បាំ​ងអ្វីដែរ​សម្រាប់​ការ​ចែក​រំលែក​ទៅ​កាន់​ពួកគេវិញ​។»​
ទាក់ទិនទៅ​នឹង​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ដែល​នាំ​ឲ្យ​គាត់​អាចទទួល​បានកំរៃ​ច្រើន​ដូច​នេះ​គាត់​បាន​រៀប​រាប់​ថា​«​ការ​ចិញ្ចឹម​របស់​ខ្ញុំ​គឺ​​ប្រើប្រាស់ចំណី​​ចំរុះ​បញ្ចូលគ្នា​ដែល​ទិញ​មក​ពី​ផ្សារ​រួម​មួយ​​ចំណី​ដែល​ខ្ញុំ​ផ្សំខ្លួន​ឯង​។»
រូបគាត់​បាន​បន្ថែម​ទៀត​ថា​​ការ​ទិញ​ចំណី​ពី​ទី​ផ្សារគឺ​ត្រូវ​ចំណាយ​៧ម៉ឺន​រៀល​សម្រាប់​ចំណី​៥០គីឡូក្រាម​។ហើយ​ចំណី​ដែល​គាត់​ផ្សុំ​ខ្លួន​ឯង​គឺ​ធ្វើ​ឡើង​ដោយ​​ប្រមែប្រមូល​នូវ​ចុង​អង្ក​រ កន្ទក់​ រុក្ខជាតិ​ទឹកនិង​ធាតុ​ផ្សុំ​មួយ​ចំនួន​ផ្សេងទៀត​​ហើយ​ការ​ផ្តល់​ចំណី​គឺ​ធ្វើ​ឡើង​បី​ពេល​ក្នុង​១​ថ្ងៃ​។ សម្រាប់​ទ្រុង​វិញ​គឺ​គាត់​តែ​ង​តែ​សំអាត​ជា​ប្រចាំ​ដោយ​មាន​ដាក់​ទឹក​គ្រប់​គ្រាន់​សំរាប់​ឲ្យ​មាន់​ផឹកផងដែរ​។​​

គិត​តាំង​ពី​ចូល​គម្រោង​នា​ឆ្នាំ​២០១៦​មក​ដល់​ពេល​នេះ​ លោកស្រី​ផល្លី​និង​គ្រួសារ​របស់​គាត់​គឺ​មាន​មាន់​កើន​ឡើង​បាន​ជាង​៩០​ក្បាល​ហើយ​គាត់​ក៏​គ្មាន​ប្រឈម​នឹង​បញ្ហា​ណា​មួយ​ដែល​រួម​ទាំង​បច្ចេក​ទេស​នៃ​ការ​ចិញ្ចឹម​និង​ការ​រក​ទីផ្សារ​សំរាប់​លក់មាន់​របស់​គាត់​នោះទេ៕

Copy link
Powered by Social Snap