សិក្ខាសាលាស្តីពីការវាយតម្លៃយុទ្ធសាស្ត្រ និងគម្រោង/កម្មវិធី
ភ្នំពេញ ថ្ងៃពុធ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ៈ ការិយាល័យវាយតម្លៃឯករាជ្យនៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម(IFAD) បានចំណាយរយៈពេលមួយឆ្នាំដើម្បីធ្វើការអង្កេតនិងវាយតម្លៃទៅលើដំណើរការអនុវត្តសកម្មភាពការងារនៃគម្រោងក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានទទួលការគាំទ្រឧបត្ថម្ភពីIFADចាប់តាំងពីឆ្នាំ១៩៩៦មក។
ការវាយតម្លៃពីក្រុមការងារឯករាជ្យខាងលើនេះ គឺបានធ្វើឡើងដោយពិនិត្យលើលទ្ធផលនិងកិច្ចដំណើរការគម្រោងហិរញ្ញប្បទានដោយIFAD និងផ្តល់ជាអនុសាសន៍សម្រាប់បន្តភាពជាដៃគូរវាងIFAD និងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រនៅទីជនបទ។
បើទោះបីជាIFADមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ហើយបានធ្វើការគាំទ្រថវិកានាឆ្នាំ១៩៩៦ក៏ដោយ ក៏ការវាយតម្លៃពីក្រុមវាយតម្លៃនេះគឺគ្របដណ្តប់ទៅលើរយៈពេលនៃការអនុវត្តរបស់IFAD នៅកម្ពុជាក្នុងចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០១៦តែប៉ុណ្ណោះ។
ការវាយតម្លៃនៅចន្លោះពេលនេះ គឺIFADបានអនុម័តទៅលើគម្រោងអភិវឌ្ឍន៍នៅជនបទចំនួន៧ដែលមានទំហំទឹកប្រាក់សរុបចំនួនប្រមាណ១៦៦លានដុល្លាអាមេរិកហើយបើគិតចាប់ពីឆ្នាំ១៩៩៦ តំលៃផលប័ត្រសរុបមានចំនួន៣៥៣,៩លានដុល្លាអាមេរិកដោយក្នុងនោះគឺហិរញ្ញប្បទានពីIFAD ដែលជាកម្ចីឥណទានចំនួន១៧៩,៦លានដុល្លាអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណជា៤៩,៩លានដុលា្លអាមេរិក។
នៅក្នុងកម្មវិធីនៃសិក្ខាសាលាស្តីពីការវាយតម្លៃយុទ្ធសាស្ត្រនិងគម្រោង/កម្មវិធី នាថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ បណ្ឌិតមាស ពិសិដ្ឋ នាយក កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIRE មានប្រសាសន៍ថា ការវាយតម្លៃពីរបស់ក្រុមវាយតម្លៃឯករាជ្យរបស់IFAD នៅពេលនេះ បើទោះបីជាមានទាំងចំណុចវិជ្ជមានខ្លះនិងចំណុចអវិជ្ជមានខ្លះដែលមិនជាទីគាប់ចិត្តក៏ដោយ ក៏យើងតោងយកនូវចំណុចទាំងនោះធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងនិងអាចឲ្យយើងដឹងដែរអំពីការដែលអ្នកដែលមិននៅផ្ទាល់ជាមួយយើងអាចមើលឃើញនូវ បញ្ហាផ្សេងៗរបស់យើង។
លោកបណ្ឌិតបានបន្ថែមទៀតថា ជាមួយនឹងការជួយគាំទ្ររបស់IFAD គឺយើងមានឱកាសមាសពីរគឺការគាំទ្រផ្នែកបច្ចេកទេសនិងការគាំទ្រផ្នែកហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលានោះដែរ ឯកឧត្តម ប៉ែន ធីរុង្គ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាការវាយតម្លៃនេះគឺជាការវាយតម្លៃដំណាក់កាលចុងក្រោយនៃការវាយតម្លៃទៅលើគម្រោងនិងកម្មវិធីដែលទទួលបានហិរញ្ញប្បទានពីIFAD ។ ហើយឯកឧត្តមបានសង្កត់បញ្ជាក់ថាIFAD គឺមិនមែននាំមកតែហិរញ្ញប្បទានទេ ប៉ុន្តែIFADក៏បាននាំយកចំណេះដឹក បច្ចេកទេសនិងកៀងគរដៃគូផ្សេងទៀតមកជួយជាច្រើនផងដែរ។ហើយបើទោះបីជាកម្មវិធីនិងគម្រោងបានទទួលហិរញ្ញប្បទានពីIFADក៏ដោយ ប៉ុន្តែកម្ពុជាគឺជាម្ចាស់ក្នុងការអនុវត្តនិងរៀបចំដំណើរផងដែរ។
ឯកឧត្តមបានបន្ថែមទៀតថាយុទ្ធសាស្រ្តលើវិស័យកសិកម្មគឺជាគន្លិះដ៏សំខាន់ក្នុងការជួយទៅដល់កសិករនិងសេដ្ឋកិច្ចកម្ពុជាហើយនាពេលនេះយុទ្ធសាស្ត្រកសិកម្មគឺមិនត្រឹមតែគិតគូរតែលើបញ្ហាសន្តិសុខស្បៀងនោះទេប៉ុន្តែគឺត្រូវតែគិតគូរសម្រាប់ការនាំចេញនិងគិតគូរសម្រាប់ការប្រកួតប្រជែងផងដែរ។
លោកស្រី Khalida Bouzar នាយករបស់IFAD ដែលបានចូលរួមនៅក្នុងសិក្ខាសាលាជាតំណាងឲ្យលោកអនុប្រធានIFAD និងជាប្រធាននាយកដ្ឋានគ្រប់គ្រងកម្មវិធីមានប្រសាសន៍ថា គម្រោងរបស់IFAD នៅមូលដ្ឋានបានផ្តល់កិច្ចគាំទ្រលើវិស័យកសិកម្ម លទ្ធភាពក្នុងការទទួលបាននូវហិញ្ញវត្ថុ និងហេត្ថារចនាសម្ព័ន្ធ។ហើយគម្រោងទាំងនោះបានរួមចំណែកក្នុងការបង្កើនផលិតភាពនិងផលិតកម្មកសិកម្ម។
បើយោងតាមរបាយការណ៍នៃគម្រោងហិរញ្ញប្បទានដោយIFAD ដែលបានបញ្ចប់រួចរាល់មួយបានឲ្យដឹងថាជាមធ្យមអ្នកទទួលផលរបស់គម្រោងបានទទួលទិន្នផលស្រូវ១៧%ខ្ពស់ជាងគ្រួសារដែលមិនស្ថិតក្នុងគម្រោង។
យោងតាមលទ្ធផលនៃរបាយការណ៍វាយតម្លៃដែលធ្វើឡើងដោយការិយាល័យវាយតម្លៃឯករាជ្យនិងបានបង្ហាញក្នុងអង្គសិក្ខាសាលាផងនោះគឺបានឲ្យដឹងថាការវាយតម្លៃនេះគឺបានរកឃើញទាំងចំណុចខ្លាំងនិងចំណុចត្រូវកែលំអមួយចំនួនហើយក្នុងរបាយការណ៍ក៏មានជាចំនុចនៃការផ្តល់ជាអនុសាសន៍ផងដែរ។
ចំនុចខ្លាំងដែលបានរកឃើញនៅក្នុងរបាយការណ៍គឺមានមានដូចជាការផ្តល់វិភាគទានដើម្បីបង្កើនផលិតភាពកសិកម្មនិងពិពិធភាព តួរយ៉ាងនៅក្នុងរបាយការណ៍រកឃើញថាគ្រួសារក្នុងគម្រោងលើកកំពស់ជីវភាពរស់នៅតាមជនបទ(RULIP) ទទួលបានទិន្នផលស្រូវខ្ពស់ជាងគ្រួសារដែលមិនស្ថិតក្នុងគម្រោងរហូតដល់ទៅ ១៧%។ហើយគ្រួសារក្នុងគម្រោងអភិវឌ្ឃន៍កសិកម្មនិងជំរុញកំណើនសេដ្ឋកិច្ច(PADEE)ទទួលបានកំណើនទិន្នផលស្រូវចំនួន៩%បើប្រើប្រៀបធៀបនឹងទិន្នន័យដើមគ្រា។ចំនុចទីពីរគឺជាការគាំទ្រទៅដល់ការតភ្ជាប់ទំនាក់ទំនងទីផ្សារនិងសកម្មភាពដែលមិនមានមូលដ្ឋានផ្អែកលើដីហើយចំនុចបន្ទាប់គឺសំដៅទៅលើយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្តី្រ។ ហើយក្នុងរបាយការណ៍វាយតម្លៃនេះក៏រកឃើញ នូវចំនុចខ្លាំងដោយសំដៅទៅលើកិច្ចគាំទ្រប្រកបដោយប្រសិទ្ធភាពចំពោះគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលតាមរយៈគម្រោងមួយចំនួនផងដែរ។
សម្រាប់បញ្ហាប្រឈមមួយចំនួនក៏ដូចចំណុចត្រូវកែលំអ គឺក្រុមវាយតម្លៃបានរកឃើញថាមានភាពយឺតយ៉ាវក្នុងការកែសម្រួលយុទ្ធសាស្ត្រនិងការរចនាគម្រោងដើម្បីឲ្យស្របទៅនឹងបរិបទប្រទេសនិងបរិបទជនបទដែលកំពុងមានការប្រែប្រួល។ សញ្ញាណខ្វះកំលាំងពលកម្មនិងកំណើនការងារមិនមែនកសិកម្មនិងខ្វះភាពច្បាស់លាស់អំពីគោលបំណងចម្បងនៃក្រុមអ្នកទទួលផលជាដើម។
ជាអនុសាសន៍ ក្រុមវាយតម្លៃបានផ្តល់ចេញជាប្រាំចំនុចដោយចំនុចទីមួយគឺអភិវឌ្ឍន៍និងរៀបចំឲ្យមានប្រតិបត្តិការនូវយុទ្ធសាស្ត្រទ្វេវិធានមួយដែលគាំទ្រទៅដល់ការធ្វើពាណិជ្ជកម្មវិស័យកសិកម្ម ដែលផ្តោតគោលដៅលើកសិករខ្នាតតូចនិងយុទ្ធសាស្ត្រសម្របខ្លួនរបស់គ្រួសារក្រីក្រ។ចំនុចទីពីរគឺថ្លឹងថ្លែងអំពីការវិនិយោគទៅលើមូលធនមនុស្សនិងអង្គការជនបទដែលអាចឲ្យអ្នកទទួលផលយកជំនាញនិងចំណេះដែលពួកគេទទួលបានយកមកអនុវត្តបាន។អនុសាសន៍ទីបីគឺជាតម្រូវការនៃការរៀបចំផែនយុទ្ធសាស្ត្រ និងការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនិងហិរញ្ញប្បទានសម្រាប់ការវិនិយោគបន្ថែមទៀតដើម្បីធ្វើឲ្យភាពជាដៃគូជាមួយអង្គការ/សមាគមកសិករកាន់តែមានភាពស៊ីជម្រៅ។ ចំនុចទីបួនគឺជាការពិនិត្យស្វែងរកជំរើសសម្រាប់គាំទ្រដល់សេវាផ្នែកច្បាប់នៅក្នុងវិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្មឲ្យកាន់តែប្រសើរជាងមុននិងមាននិរន្តរភាព។ហើយសម្រាប់អនុសាសន៍ទីប្រាំនៅក្នុងរបាយការណ៍វាយតម្លៃបានបញ្ជាក់ដែរថាIFADនិងរដ្ឋាភិបាលកម្ពុជាត្រូវរៀបចំយុទ្ធសាស្ត្រ និងសម្របសម្រួលដល់ការកៀងគរដៃគូដទៃទៀតដើម្បីវិនិយោគទៅលើកសិកម្មខ្នាតតូច៕
ចុចត្រង់នេះដើម្បីពិនិត្យមើលរូបភាពបន្ថែមដែលបានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |