សិក្ខាសាលាស្តីពីការកសាងផែនការយុទ្ធសាស្ត្រសម្រាប់ផែនការការងារថ្នាក់ខេត្តឆ្នាំ២០១៩ | ASPIRE CAMBODIA

ថ្ងៃអង្គារ ១១កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៨ លេខាធិការដ្ឋាននៃកម្មវិធីASPIRE និងនាយកដ្ឋានផែនការនិងស្ថិតិបានសហការរៀបចំសិក្ខាសាលាស្តីពីការកសាងផែនការយុទ្ធសាស្ត្រសម្រាប់ផែនការការងារថ្នាក់ខេត្តឆ្នាំ២០១៩ដោយប្រើប្រាស់ហិរញ្ញប្បទានឥតសំណងសម្រាប់ធ្វើសេវាកម្មផ្សព្វផ្សាយកសិកម្មជូនកសិករដែលមានដីតិច(GESS)។

ក្រោមអធិបតីភាពពីសំណាក់បណ្ឌិតមាស ពិសិដ្ឋ នាយកនៃកម្មវិធីASPIRE លោកឡាយ ពិសិដ្ឋ ប្រធានមន្ទីកសិកម្មខេត្តពោធិសាត់ និងលោក ហុក គឹមធួន ប្រធានគ្រប់គ្រងក្រុមគ្រាំទ្រលេខាធិការដ្ឋានកម្មវិធីASPIRE អង្គសិក្ខាសាលាក៏មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ-ថ្នាក់ខេត្តនិងទីប្រឹក្សាទាំងថ្នាក់ជាតិនិងថ្នាក់ខេត្តប្រមាណជា៧០នាក់មកពីខេត្តគោលដៅសរុបទាំង១១របស់កម្មវិធីASPIREនិងគម្រោងPADEE។

អង្គសិក្ខាសាលាដែលប្រព្រឹត្តឡើងរយៈពេលបីថ្ងៃពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែមីនាឆ្នាំ ២០១៨នាទីរួមខេត្តពោធិសាត់ គឺស្ថិតក្នុងគោលបំណងចំនួន៣ដូចខាងក្រោម៖
១. ពន្យល់អំពីគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ថវិកាGESS សម្រាប់ឆ្នាំ២០១៩
២. ពន្យល់អំពីទស្សនទានគន្លិះស្តីពីវេទិកាអ្នកពាក់ព័ន្ធចម្រុះ
៣. សម្របសម្រួលឲ្យមានការពិភាក្សាអំពីបញ្ហា និងឧបសគ្គដែលឧស្សាហ៍កើតមានក្នុងការកំណត់តំបន់នៅក្នុងខេត្ត និងការគូសកំណត់អ្នកពាក់ព័ន្ធសម្រាប់ឆ្នាំ២០១៩ ព្រមទាំងការកំណត់អំពីឧបករណ៍ ឬមធ្យោបាយរបស់ថវិកាGESS ដែលមានភាពសមស្របបំផុតសម្រាប់ការអនុវត្ត។

នៅក្នុងអង្គសិក្ខាសាលាបណ្ឌិតមាស ពិសិដ្ឋបានមានប្រសាសន៍ថាវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជានៅប្រឈមនឹងបញ្ហាមួយចំនួននៅឡើយដែលមានទាំងកត្តាទិន្នផល កត្តាទីផ្សារ កត្តាតំលៃ កតា្តអាកាសធាតុ រួមទាំងកត្តាគុណភាពផងដែរ ហេតុដូចនេះអ្នកគ្រប់គ្នាដែលមានវត្តមាននៅក្នុងសិក្ខាសាលានេះដែលក្នុងនាមជាអ្នកបច្ចេកទេសគឺសុទ្ធតែមានទំនួលខុសត្រូវដើម្បីស្វែងរកនូវដំណោះស្រាយចំពោះរាល់បញ្ហាទាំងអស់នោះ។

បណ្ឌិតនាយកកម្មវិធីASPIRE បានបន្ថែមទៀតថាកម្មវិធីASPIRE គឺជាកម្មវិធីរបស់កម្ពុជាហើយធ្វើឡើងដើម្បីកម្ពុជាហេតុដូចនេះរាល់ឯកសារផ្សេងៗក៏គួរធ្វើឡើងដោយមានភាសាជារបស់ជាតិផងដែរ។ បណ្ឌិតនាយកបានបញ្ជាក់ទៀតថា ការអនុវត្តកម្មវិធីគឺត្រូវធានានូវនិរន្តរភាព ទាំងផ្នែកគំនិត ផ្នែកសម្ភារ និងបច្ចេកទេសហើយធានាថាខ្មែរត្រូវតែទទួលបានចំណេះ ចេះឲ្យដូចគ្នា យល់ឲ្យដូចគ្នាហើយអាចធ្វើបាននិងធ្វើឲ្យបានល្អផងដែរ។

បណ្ឌិតនាយកក៏បានធ្វើការសំណូមពរដល់អ្នកចូលរួមទាំងអស់សូមធ្វើការរួមគ្នាដើម្បីពិនិត្យការបកប្រែឯកសាហើយធ្វើការកែតម្រូវនូវចំណុចខ្វះខាតដើម្បីយកមកធ្វើជាប្រយោជន៍និងខ្លឹមសារឲ្យមានការយល់ដូចគ្នាក្នុងការប្រើប្រាស់ជាយូរអង្វែង។ ហើយសូមអ្នកចូលរួមទាំងអស់កុំធ្វើការរាយការណ៍តែ ចំនួនវត្តមានឬវគ្គដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះសិក្ខាសាលានោះក៏ប៉ុន្តែត្រូវធានាថាបានចំណេះអ្វីខ្លះនិងយកទៅអនុវត្តជាប្រយោជន៍អ្វីខ្លះ។

ថ្លែងនៅក្នុងអង្គសិក្ខាសាលា លោកហុក គឹមធួនប្រធានគ្រប់គ្រងក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធីASPIRE បានសង្ខេបបញ្ជាក់ទៅដល់អ្នកចូលរួមអង្គសិក្ខាសាលាទាំងមូលដែរថាកិច្ចប្រជុំដែលរៀបចំឡើងរយៈពេលបីថ្ងៃនេះក៏នឹងជជែកពិភាក្សាទៅលើការកសាងផែនការការងារឆ្នាំ២០១៩និងយល់ឲ្យកាន់តែច្បាស់ពីការរៀបចំការពន្យល់នៃផែនការការងារឆ្នាំ២០១៩និងយល់ពីការពិភាជន៍ថវិកាឆ្នាំ២០១៩ជាដើម។

អង្គសិក្ខាសាលាក៏បានប្រព្រឹត្តឡើងដោយមានការធ្វើបទបង្ហាញ ការដេញដោល និងមានទាំងសំណួរនិងចំលើយភ្លាមៗផងដែរ៕

ចុចត្រង់នេះដើម្បីពិនិត្យ​មើល​រូបភាពបន្ថែមដែលបានបង្ហោះលើ​បណ្តាញផ្សព្វផ្សាយសង្គម

       
Copy link
Powered by Social Snap