Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលស្តីពី ការប្រើប្រាស់សម្ភារ (Testing Kits) និងការវិភាគគុណភាព បន្លែ ផ្លែឈើ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល

វគ្គបណ្ដុះបណ្ដាលស្តីពី ការប្រើប្រាស់សម្ភារ (Testing Kits) និងការវិភាគគុណភាព បន្លែ ផ្លែឈើ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល

កម្មវិធី ASPIRE ខេត្តកណ្តាល
កិច្ចដំណើរការវគ្គបណ្ដុះបណ្ដាលស្តីពី ការប្រើប្រាស់សម្ភារ (Testing Kits) និងការវិភាគគុណភាព បន្លែ ផ្លែឈើ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល
នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់សម្ភារ (Testing Kits) និងការវិភាគគុណភាពលើបន្លែ និងផ្លែឈើ ដល់សិក្ខាកាមចំនួន២៤នាក់ មកពីខេត្តគោលដៅនៃកម្មវិធីASPIRE ចំនួន៨ខេត្តគឺ ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ។
វគ្គបណ្ដុះបណ្ដាលនេះ ដំណើរការទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជានាយកកម្មវិធីASPIRE និងមានការអញ្ជើញចូលរួមពី លោក ស៊ន វិចិត្រ ប្រធានក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE និងសហការី លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធី ASPIRE ប្រចាំខេត្តកណ្ដាល, លោក ផា ឋាម អនុប្រធានមន្ទីរកសិកម្ម និងជាប្រធានមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាពខេត្ត រួមនឹង អនុប្រធានមណ្ឌល, គ្រូសម្របសម្រួលមកពីអគ្គនាយកដ្ឋានកសិកម្ម និងគ្រូសម្របសម្រួលមកពីក្រុមហ៊ុន Medicom ព្រមទាំងសិក្ខាកាមមកពីខេត្តចំនួន៨ សរុបចំនួន៤០នាក់/ស្រី១០នាក់ ។ តាមរបៀបវារៈដែលបានរៀបចំ វគ្គនេះមានរយៈពេល៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដែលមានការសិក្សាទ្រឹស្ដី និងការអនុវត្តនៅមជ្ឈមណ្ឌលផ្ទាល់ ។
ក្រោយពីប្រកាសហេតុ និងប្រកាសគណអធិបតីរួច លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធីASPIRE ប្រចាំខេត្តកណ្ដាល បានមានតិស្វាគមន៍ចំពោះ ឯកឧត្តមនាយកកម្មវិធី ដែលជាគណៈអធិបតី, លោកប្រធានក្រុមការងារ, សិក្ខាកាម និងអ្នកដែលបានចូលរួមក្នុងកម្មវិធីទាំងអស់ ដោយលើកបង្ហាញអំពីសម្មិទ្ធិផលការងារដែលទទួលបានតាមរយៈកម្មវិធីASPIRE ដែលបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលតាមរយៈការបង្កើត និងចងក្រងបណ្ដុះអាជីវកម្ម ការស្វែងរកទីផ្សារកសិផលជូនកសិករ ដែលរហូតមកដល់ពេលនេះខេត្តកណ្ដាលមានបណ្ដុំអាជីវកម្មចំនួន ១៦៦ បណ្ដុំ, សហគមន៍កសិកម្មចំនួន ៧០ និងសហភាពសហគមន៍កសិកម្មចំនួន០១ ផងដែរ ។ រីឯក្រុមហ៊ុនដែលបានមកធ្វើការទំនាក់ទំនងប្រមូលទិញកសិផលពីតាមបណ្ដុំអាជីវកម្មមានច្រើនជាង២០ក្រុមហ៊ុន ទាំងដែលបានចុះកិច្ចសន្យា និងប្រមូលទិញដោយមិនមានកិច្ចសន្យា ព្រមទាំងកសិផលមានការកើនឡើងជាលំដាប់ ពី១ឆ្នាំទៅ១ឆ្នាំ។
ជាក់ស្ដែងតាមការធ្វើអង្កេតរបស់មន្ទីរកសិកម្មផ្ទាល់រកឃើញថា ទិន្នផលបន្លែដែលខេត្តផលិតបានក្នុងឆ្នាំ២០១៨ មានចំនួន ១៤៥តោន/ថ្ងៃ, ឆ្នាំ២០១៩ មានចំនួន ១៩០តោន/ថ្ងៃ និងក្នុងឆ្នាំ២០២២ មានចំនួន ២៨៩តោន/ថ្ងៃ ។ ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តក្នុងការផលិតបន្លែ និងដើម្បីធានា បាននូវគុណភាព សុវត្ថិភាព ដល់អ្នកបរិភោគបន្លែ ទើបមន្ទីរបានដាក់សំណើរសុំទៅស្ថានទូតជប៉ុន ហើយទទួលបាននូវអគារមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាព នេះលេចជារូបរាងឡើង ជាមួយគ្នានេះ មន្ទីរមានផែនការយុទ្ធសាស្ត្រ ឈ្មោះថា “មាសបៃតង” សំដៅទៅលើការផលិតបន្លែសុវត្ថិភាព សម្រាប់នាំចេញពីខេត្តកណ្ដាលទៅកាន់រាជធានីភ្នំពេញ និងទូទាំងប្រទេស ហើយផែនការនេះបាននឹង កំពុងរៀបចំជាបណ្ដើរមកផងដែរ ។
បន្ទាប់ពីការមានមតិស្វាគមន៍ និងជម្រាបជូនគណអធិបតីអំពីសម្មិទ្ធិផលដែលទទួលបានរួចមក ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជានាយកកម្មវិធីASPIRE បានមានមតិស្វាគមន៍នឹងបើកវគ្គបណ្ដុះបណ្ដាល ដោយបានលើកអំពីការខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ រួមនឹងអ្នកពាក់ពន្ធ័ដែលបានខិតខំប្រឹងជំរុញឲ្យកម្មវិធីASPIRE ទាំងមូលទទួលបាន ជោគជ័យ នឹងទទួលបានការពេញចិត្តពីIFAD ព្រោះកម្មវិធីបានប្រើប្រាស់ថវិកាចំគោលដៅ បង្កើនសាមគ្គីភាពរវាងភាគីអ្នកពាក់ពន្ធ័ បានផ្តល់ទំនុកចិត្ដដល់ក្រុមហ៊ុន អ្នកប្រមូលទិញ និងកសិករអ្នកផលិត ជាងនេះទៅទៀត គឺទិន្នផលផលិតមានការកើនជាលំដាប់បើទោះជាមានវិបត្តិCOVID-19យ៉ាងណាក្ដី ទាំងនេះបានធ្វើឱ្យ IFAD សម្រេចបន្តកម្មវិធីASPIRE ដំណាក់កាលទី២ ដោយផ្តោតលើការនាំចេញ ផងដែរ ។
ឯកឧត្តមគណអធិបតីក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាលើទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងដើម្បីទទួលបានចំណេះដឹងយកត្រឡប់ទៅខេត្តរៀងៗវិញអាចធ្វើបាន និងអាចចែករំលែកចំណេះដឹងបន្តក្នុងខេត្តដល់អ្នក មិនបានមករៀននាពេលនេះ ។ ជាមួយគ្នានេះ ឯកឧត្តមនាយកក៏បាន កោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានអនុកម្មវិធីASPIRE ប្រចាំខេត្តកណ្ដាល និងសហការី ដែលបានខិតខំខ្នះខ្នែងរៀបចំផែនការដាក់ជូនស្ថានទូតជប៉ុន ដើម្បីទទួលបានអគារមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែសុវត្ថិភាពនេះ ដែលជាផ្នែកមួយ ក្នុងការជួយបញ្ជាក់អំពីសុវត្ថិភាព គុណភាពបន្លែ សម្រាប់ជាទំនុកចិត្តហើយក៏ គឺជាអំពើកុសល្យ ក្នុងការជួយដល់សុខភាព និងអាយុជីវិត របស់អ្នកបរិភោគផងដែរ ៕
Leave a Reply

Your email address will not be published.