លើ​ផ្ទៃដីជាង​កន្លះ​ហិតា​ គ្រូសារ​អ្នក​ស្រី​ សឹង្ហ រ៉ង​​ អាយុ៥៩​ឆ្នាំ​និង​ស្វាមីអ្នក​ស្រី​ លោក​ ហ៊ឹម វន​ អាយុ​៥៨​​ឆ្នាំ​អាច​រក​បាន​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​ជាង​១២​លាន​ទៅ​១៣លាន​រៀល​ជារៀង​រាល់ប្រមាណពីរខែម្តង​តាម​រយៈ​ការ​ប្រកប​រ​បរ​ចិញ្ចឹម​កូន​ត្រីប្រា​និង​ការភ្ញាស់​កង្កែបលក់​។​

គ្រួសារ​របស់​អ្នក​ស្រី​ដែល​មាន​កូន​ក្នុង​បន្ទុក​ចំនួន​២​នាក់​គឺ​រស់​នៅ​ក្នុង​ភូមិ​រមេញ​ ឃុំ​រមេញ​ ស្រុក​កោះ​អណ្តែត​ ខេត្ត​តាកែវ​ ហើយ​ក្រៅពី​របរសំខាន់​ទាំង​ពីរខាង​លើ​ គ្រួសារអ្នក​ស្រីក៏​មាន​ចឹញ្ចឹម​មាន់​ ធ្វើ​ស្រែ​ និង​ដាំ​បន្លែផងដែរ។​

អ្នក​ស្រី​ សឹង្ហ រ៉ង​ បាន​បញ្ជាក់​ថា​​ពី​ដំបូងគ្រួសារ​គាត់​ប្រកប​របរ​កាប់​ជ្រូ​កលក់​នៅ​ផ្សារ​កោះ​អណ្តែត​​តែ​ក្រោយពី​កូន​ស្រីៗ​មាន​គ្រួសារ​រាង​ខ្លួន​មក​គាត់​ក៏​ផ្ទេរ​របរ​នេះ​ទៅ​អោយពួកគេ​តែ​ម្តង​ទៅហើយពួកគាត់ពីរនាក់​ប្តី​ប្រពន្ធ​ក៏​សម្រេច​ប្តូរ​របរ​ងាក​មក​ចិញ្ចឹម​កូនត្រីប្រា​និង​កង្កែបវិញ​។​

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ​«​ខ្ញុំ​លក់​ដូរនៅ​ទីផ្សារ​ស្រាប់​តាំងពីឆ្នាំ២០១១​មក ​ហើយ​ខ្ញុំ​អង្កេត​ឃើញ​ថា​ទី​ផ្សា​រត្រី​ប្រា ​និង​កង្កែប​គឺ​ត្រូវ​ប៉ាន់​ព្រោះ​តម្រូវ​ការច្រើន ​ដូច​នេះ​ខ្ញុំ​ក៏​ចាប់​ផ្តើម​រក​របរ​នេះ​»។​

ដោយ​មើល​ឃើញ​ភាព​ឧស្សាហ៍ព្យាមរបស់​ក្រុម​គ្រួសារ​អ្នក​ស្រី​រ៉ង មន្ទី​រ​កសិកម្ម​​ រុក្ខា​ប្រមាញ់ ​និ​ង​នេសាទ​ខេត្ត​តាកែវ​ ក៏​បាន​ជ្រើស​គ្រួសារ​អ្នក​ស្រី​អោយ​បាន​ចូលរួ​ម​ទទូល​បាន​ការ​បណ្តុះ​​បណ្តាល​​ពី​បច្ចេកទេស​ផ្សេង​ៗ​ដូចជាស្តី​ពី​ការ​ចិញ្ចឹម​នឹង​ការ​ដាំ​ដុះ​បណ្តុះ​បន្លែ​បង្កា​ហើយ​ក្នុង​កំឡុង​ឆ្នាំ​២០១៤​ និង​២០១៥ ​ក៏​បាន​ជ្រើសរើស​ក្លាយជា​កសិករ​គំរូ​ និង​ចូល​រួម​ប្រលងស្តី​ពី​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ និង​ចំណាត់​ថ្នាក់​លេខ២​ថែម​ទៀត​ផង​។​

រហូត​ដល់​ឆ្នាំ​២០១៨ ​នៅ​ពេ​ល​ដែល​កម្ម​វិធី​ASPIRE បាន​ពង្រីកខេត្ត​គោល​ដៅ​របស់​ខ្លួន​ដល់​ខេត្ត​តាកែវគ្រួសារ​អ្នក​ស្រី​ សឹង្ហរ៉ង​ ​ក៏​ត្រូវ​បាន​ជ្រើ​សរើស​អោយ​ចូលជា​សមាជិកបណ្តុំធុរកិច្ចនៃប្រព័ន្ធកសិកម្មចម្រុះរបស់​កម្ម​វិធីASPIRE​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៩​ផងដែរ។​ កម្មវិធី ASPIRE ថែមទាំងបានផ្តល់ការគាំទ្រផ្នែកសម្ភារៈកសិកម្មលើប្រព័ន្ធកសិកម្មចម្រុះ មានជាអាទិ៍ កូនមាន់ពូជ ទ្រុងបំបែកកូនមាន់ និងគ្រាប់ពូជបន្លែមួយចំនួនផងដែរ។

លោក​ ជា កុសល ទីប្រឹក្សាសម្របសម្រួលទី​ផ្សារ​របស់​កម្ម​វិធី​ASPIRE បាន​មាន​ប្រសាសន៍​ថា​ គ្រួសារ​របស់​កសិករ​សឹង្ហ​ រ៉ង​ គឺ​បាន​ទទួ​ល​ការ​ប្រឹក្សា​យោបល់ជាញឹកញ៉ាប់​ទៅ​លើ​របរ​ចិញ្ចឹម​កូនត្រី​ប្រា​និង​ភ្ញាស់​កង្កែប​របស់​គាត់​ហើយ​ពិសេសពួកគេ​គឺ​ចាប់​ផ្តើម​ចេះ​គិត​គូរ​ពីការ​ស្វែង​រកឱកាស​ពង្រីកទី​ផ្សា​រ​តាម​រយៈ​ការ​បង្កើ​ត​ទំព័រ​ហ្វេសប៊ុក​សម្រាប់​ផ្សព្វផ្សាយ​ ការ​ដាក់​ស្លាក​យីហោ​ ការ​ធ្វើ​នាម​ប័ណ្ណ​សម្រាប់​ចែក​ចាយជា​ដើម។​លោក​ ជា កុសលបាន​បន្ថែម​ថា​ នៅ​ពេល​នេះ​បន្ទាប់​ពី​ទទួល​បាន​ការ​ណែ​នាំ​ពី​ភ្នាក់ងារផ្សព្វផ្សាយឃុំ និងមន្ត្រីជំនាញនៃការិយាល័យកសិកម្មស្រុកនៃ​កម្ម​វិធី​ASPIRE អ្នក​ស្រី​ រ៉ង​ ក៏​ចេះ​រៀប​ចំ​ផែន​ការ​នៃ​ការ​ចិញ្ចឹម​និង​រៀប​ចំចង​ក្រង​បញ្ជីរ​ស្នាម​នៃ​ការ​ចំណាយ​និង​ចំណូល​រួមទាំង​លេខ​ទំនាក់​ទំនង​របស់​អតិថិជន​របស់​ពួកគាត់​ថែមទៀតផង។

ក្នុងផ្ទៃដីជាងកន្លះហិតា អ្នកស្រី​បានជីកស្តារស្រះសម្រាប់ចិញ្ចឹមកូនត្រីប្រាចំនួន៤ស្រះ ដែលមានស្រះធំៗចំនួន២ មានប្រវែងបណ្តោយ​ទំហំ៣២ និង៤០ម៉ែត្រ និងទទឹងប្រហែលជា១៥ និង ២២ម៉ែត្រជាមួយនឹងជម្រៅ២,៥ ម៉ែត្រ និងស្រះតូចៗចំនួន២ សម្រាប់ធ្វើជាស្រះជំនួយផងដែរ ហើយក្នុងរយៈពេល​១ខែ​និង២៤ថ្ងៃគាត់​អាច​កូន​ត្រី​​ប្រមាណ៨ម៉ឺន​ក្បាល​ដោយ​មួ​យ​ក្បាល​លក់​ចេញ​ក្នុង​តំលៃ​៨០រៀល​។

សម្រាប់​កង្កែបវិញគឺ​គ្រួសារគាត់​មាន​មេ​ចំនួន​៥០​ក្បាល​និង​ឈ្មោល​៥០​ក្បាល​និងបង្កើតជា​កូន​បា​ន​ប្រមាណ​ជា​៥ម៉ឺន​ក្បាល​​ក្នុង​រយៈពេល​ជាង​១​ខែ​ហើយ​គាត់​លក់​ចេញ​វិញគឺ​មួយ​ក្បាល​ចន្លោះ​ពី​១៨០​រៀល​ទៅ​៣០០​រៀល​ទៅ​តាម​ទំហំនៃ​កង្កែប​។​

អ្នក​ស្រី​ រ៉ង​ បាន​មាន​ប្រសាសន៍​ថា​ គាត់​លក់​តែ​កូន​ត្រី​និង​កូន​កង្កែប​ទេ ​ព្រោះ​ថា​ការលក់​កូន​បែប​នេះ​គឺ​គាត់​មិន​ចាប់​បាច់​ចំណាយ​ច្រើ​ន​លើ​ការ​បំប៉ន​ចំណី​និង​ប្រើ​ពេ​ល​វេលា​តិច ​ដើម្បី​លក់​ចេញ​ជាង​ការ​រង​ចាំ​ដល់​វា​ធំ​ទើប​លក់​នោះ។​

អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា​គ្រួសារ​គាត់​គ្រោង​នឹង​ពង្រី​ក​ទំហំ​ដី​ដើម្បី​ចិញ្ចឹម​ត្រី​និង​កង្កែប​បន្ថែម​ទៀត​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ដែល​ចេះ​តែកើន​ឡើង​ហើយ​ពេល​នេះប្រាក់​ដែល​ចំណេញ​ទាំង​ប៉ុន្មាន​​គឺ​គ្រួសារ​គាត់​បានយកទៅ​ទិញ​ដី​បាន​មួយ​ចំនួន​រួច​ហើយ។​​