«មួយខែអាចរកចំណូលមិនតិចជាង៥០០ដុល្លាតែចំនូនផលិតនៅតិចជាងឆ្ងាយណាស់ពីចំនួនតម្រូវការទីផ្សារ» | ASPIRE CAMBODIA

កសិករគំរូរបស់កម្មវិធីASPIRE លោក មៀជ សុះម៉ាត់ នៅភូមិច្រេស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានរៀបរាប់រឿងរ៉ាវខ្លះរបស់គាត់ ថារូបគាត់បានទទួលការជួយគាំទ្រ ពីកម្មវិធី ASPIRE ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧មក។

រូបគាត់បានបញ្ជាក់ដែរថាមុនពេលចូលរួមជាមួយកម្មវិធីគឺការចឹញ្ចឹមមាន់របស់គាត់មិនបានជោគជ័យទេដោយមានមាន់តិចតួចហើយការចិញ្ចឹមគឺប្រលែងពាសវាលពាសកាលដែលធ្វើឲ្យចំនួនមាន់កាន់តែមានការថយចុះហើយកំរៃក៏មិនគ្រប់សំរាប់ផ្គត់ផ្គង់ដល់ការចំណាយក្នុងគ្រួសារផងដែរ។

អ្វីដែលគួរឲ្យកត់សំគាល់នូវភាពជោគជ័យរបស់លោក មៀច សុះម៉ាត់គឺជាការពុះពារស្វែងរកនូវការពង្រឹងខ្លួនលើចំណេះ ជំនាញនិងព្យាយាមសិក្សានូវបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតបទៅនឹងការងារឬរបរចិញ្ចឹមជីវិតរបស់ខ្លួន។

កសិករគំរូរូបនេះបានឲ្យដឹងដែរថាកម្មវិធីASPIRE បានចូលមកបំពាក់បំប៉ននូវចំណេះដឹងជាច្រើនទាក់ទិនទៅ នឹងការចិញ្ចឹមមាន់ក្នុងមានទាំងរបៀបនៃការផលិតចំណី ការរៀបចំទ្រង់ ការចាក់វ៉ាក់សាំង ហើយក៏មានទាំងការដឹកនាំកសិករទៅទស្សនកិច្ចកន្លែងកសិដ្ឋានចិញ្ចឹមមាន់ជោគជ័យនៅខេត្តកំពង់ចាមផងដែរ។

ការទៅទស្សនកិច្ចសិក្សានៅខេត្តកំពង់ចាមមួយពេលគឺមិនអាចធ្វើអោយរូបលោកជោគជ័យនោះទេប៉ុន្តែដំណើរទស្សនកិច្ចនោះគឺអាចរាប់បានថាជាកំលាំងចលករមួយជួយជំរុញនូវសន្ទុះចិត្តរបស់លោកអោយកាន់តែចាប់អារម្មណ៍នូវរបរចិញ្ចឹមមាន់កាន់តែខ្លាំងនិងចិញ្ចឹមចិត្តទៅខេត្តកំពង់ចាមម្តងទៀតដើម្បីរៀនសូត្របន្ថែមរួចក៏ប្រើប្រាស់នូវវិធីសាស្ត្រថ្មីៗដែលគាត់បានឃើញនិងបានរៀនយកមកអនុវត្តបន្តក្នុងកសិដ្ឋានរបស់គាត់តែម្តង។

ពីកសិករចិញ្ចឹមតាមយថាកម្ម លោកសុះម៉ាត់ក៏បានប្រែក្លាយកសិដ្ឋានរបស់គាត់ទៅជាការចិញ្ចឹមមាន់បែបទំនើប មានទ្រង់ត្រឹមត្រូវ មានទូភ្ញាស់ និងប្រើប្រាស់វិធីសាស្រ្តបង្កាត់មាន់ដោយដាក់ស្ពែមផងដែរ។

សព្វថ្ងៃនេះ កសិដ្ឋានរបស់លោកមៀជ សុះម៉ាត់ គឺមានមេមាន់ចំនួន៦០ក្បាល ឈ្មោលចំនួន១៨ក្បាល ទ្រង់ទំហំ ៤គុណ១២ម៉ែត្រ និងទូភ្ញាស់មួយដែលមានលទ្ធភាពផ្ទុកស៊ុតចំនួន៧០០គ្រាប់។ របរជាសំខាន់របស់គាត់គឺការលក់កូនមាន់ដែលគាត់អាចលក់បានចំនួនពី៤០០ទៅ៥០០កូនក្នុងមួយខែដោយកូនមួយមានតំលៃ៥០០០៛បន្ទាប់ពីចាក់វ៉ាក់សាំងរួច។

លោកមៀជ សុះម៉ាត់ ក៏បានប្រាប់ពីគម្រោងផែនការនាថ្ងៃខាងមុខដើម្បីធ្វើយ៉ាងណាឲ្យបរិមាណនៃការផលិតកូនមាន់របស់គាត់អាចបំពេញគ្រប់នូវតម្រូវការទីផ្សារដែលពេលនេះអ្នកទទួលទិញកូនមាន់គឺមកពីច្រើនខេត្តហើយមានចំនួនជាង១០០នាក់ឯណោះ។

រូបគាត់បានបញ្ជាក់ថានៅថ្ងៃខាងមុខគាត់ចង់បន្ថែមមេមាន់ចំនួន២៤០ក្បាល ទ្រង់មាន់ចំនួន០២ដែលមួយទ្រង់អាចផ្ទុកមាន់ចំនួន១២០ក្បាល និងទូភ្ញាស់ដែលមានលទ្ធភាពផ្ទុកស៊ុតចំនួន១៥០០គ្រាប់ផងដែរ៕

Copy link
Powered by Social Snap