លោក​ស្រី​ហេង​ ឡៅ មាន​អាយុ​ ៥៧​ឆ្នាំ​ ជាកសិករ​ធ្វើ​ស្រែ និង​ចិញ្ចឹម​មាន់​​ នៅ​ក្នុង​ ភូមិ​  ព្រៃលាវ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ ខេត្ត បាត់​ដំបង។​ លោក​ស្រី​រស់​នៅ​ជា​មួយ​នឹង​សមាជិកគ្រួសារ​ចំនួន​៥នាក់ហើយ​ពួកគាត់​គឺ​ពឹង​ផ្អែក​លើ​របរ​ធ្វើ​ស្រែ​និង​ការ​ចិញ្ចឹម​មាន់​នេះជា​ប្រភពចំណូល​សម្រាប់ជា​ការ​​ចិញ្ចឹម​ជីវិត​​ស្ទើរ​តែ​ទាំង​ស្រុង​តែ​ម្តង​។​

មុន​ពេល​ ចូល​រួម​ជា​មួយ​ កម្មវិធី​ASPIRE    លោក​ស្រី​ ហេង​ ឡៅ បាន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ចិញ្ចឹម​មាន់​ប៉ុន្តែ​មុខ​របរ​របស់​លោក​ស្រី​នាពេល​នោះ​គឺមិន​ទទួល​បាន​ជោគជ័យ​ទេ​ពី​ព្រោះ​ថា​ការ​ចិញ្ចឹម​របស់​គាត់​គឺ​ធ្វើ​ឡើង​ទៅ​តាម​បែ​បធម្មជាតិ​ដោយ​គ្មាន​បច្ចេកទេស​ក្នុង​ការចិញ្ចឹម​គ្រប់គ្រាន់​ឡើយ​។​

លោក​ស្រី​ហេង​ ឡៅ បាន​មាន​ប្រសាសន៍​ថា​«ការ​ចិញ្ចឹម​មាន់នា​ពេល​នោះ​គឺ​ធ្វើ​ឡើង​សម្រាប់​តែ​យក​មក​​ធ្វើ​ជា​ម្ហូប​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ប្រចាំ​ថ្ងៃ​។​ប៉ុន្តែ​មាន់ទាំង​នោះ​វា​ចេះ​តែ​ងាប់​ដែល​ធ្វើ​ឲ្យ​លទ្ធ​ផល​ចេញពី​ការ​ចិញ្ចឹម​គឺ​គ្មាន​ភាព​ប្រសើរ​សោះ។​»​

នៅ​ក្នុងខែ​សីហា​ឆ្នាំ​២០១៦​ កម្មវិធី​ASPIREបាន​ចាប់​ផ្តើ​ម​ធ្វើ​ការ​បណ្តុះ​បណ្តាល​នៅ​សាលារៀ​ន​ស្រែក​សិករ​នៅ​ក្នុង​ភូមិព្រៃ​លាវ​ស្រុក​ថ្មគោលខេត្ត​បាត់ដំបង​ ហើយ​ពេល​​នោះគឺ​មាន​កសិករ​ចំនួន​៣០នាក់បាន​ចូល​រួម។​ ក្នុង​ចំណោម​កសិករ​ទាំង​អស់​ក៏​មាន​វត្ត​មាន​លោក​ស្រី​ហេង​ ឡៅ បាន​ចូល​រួម​ម្នាក់​ផង​ដែរ។​

បន្ទាប់ពី​សិក្សា​ទៅ​លើ​តម្រូវ​ការ​កសិករ​នៅ​ឯភូមិព្រៃលាវ​មក​ កម្មវិធី​ASPIRE ​ក៏​បាន​បើ​ក​ការ​បណ្តុះ​បណ្តាល​ទៅ​លើ​​ប្រធានបទ​ចំនួន​ពីរ​គឺ​ការ​សិក្សា​ពី​ការ​ធ្វើ​ស្រែ​ និង​ការ​សិក្សា​ពី​ការ​ចិញ្ចឹម​មាន់​ហើយ​ប្រធានបទទាំង​នេះ​គឺ​ហាក់​ដូច​ជា​ត្រូវ​ទៅ​នឹង​អ្វី​ដែល​លោក​ស្រី ​ហេង​ ឡៅ​កំពុង​តែអនុវត្ត​ឡើង​ជា​ប្រចាំ​តែ​ម្តង​។​​

ជា​មួយ​នឹង​បទ​ពិសោធន៏​ក្នុងការ​អនុវត្ត​និង​ការ​បង្ហាញ​ឲ្យ​ឃើ​ញ​ពី​ឆន្ទះ​របស់​លោក​ស្រី​ លោកស្រី​ហេង​ ឡៅ ក៏ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​រ កសិករ​ដទៃ​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​ក្រុម​សិក្សាហើយ​រូបគាត់​​ក៏​ត្រូវ​បាន​​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​កសិករធ្វើ​ស្រែ​បង្ហាញ​ប្រចាំ​ភូមិ​ព្រៃ​លាវ​ ក្នុង​ឃុំ​បន្ទាយ​ស្រី​នៃ​ខេត្ត​បាត់​ដំបង។​

លោកស្រី​ ហេង ឡៅ បាន​ទទួល​ការ​            បណ្តុះ​បណ្តាល ​ពី​វគ្គសិក្សា​នៃ​សាលារៀន​ស្រែក​សិករ​ទៅ​លើ​ប្រធានបទដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​គឺ​ការ​ចិញ្ចឹម​មាន់។​

ឆ្លងកាត់ ​ការ​បណ្តុះ​បណ្តាល​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​មាន់​អស់​រយៈពេល​១៦​សប្តាហ៍គាត់​ក៏​យក​ទៅ​អនុវត្ត​នៅ​ឯរោង​ចិញ្ចឹម​មាន់​របស់​គាត់​ហើយ​ក៏​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​។​

ការ​វិវឌ្ឍចេញ​ពី​របរ​ចិញ្ចឹម​មាន់​ត្រឹម​តែ​សម្រាប់​ផ្គត់​ផ្គង់​ប្រចាំ​គ្រួសារ​ហើយ​​ពេ​ល​នេះ​របរ​នេះ​ក៏​បាន​ក្លាយ​ទៅ​ជា​កម្រិត​អាជីវកម្ម​ដែល​អាច​ជួយ​ទំនុក​បំរុង​ដល់​ជីវភាព​គ្រួសារ​របស់​គាត់​កាន់​តែ​ប្រសើ​រឡើង​​។​

មាន់​ដែលគាត់​ចិញ្ចឹម​បាន​គឺ​មិន​ត្រឹម​តែ​អាចលក់​​ឲ្យ​កសិករ​ដទៃ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​គាត់​អា​ច​យក​ទៅលក់​​ដល់​    ទី​ផ្សា​រក្នុង​ភូមិ​ស្រុក​របស់​គាត់​ថែម​ទៀត​ផង​។​

លោក​ស្រី​ហេង​ ឡៅបាន​បញ្ជាក់​ថា​ «កាល​មុន​ខ្ញុំ​រក​ចំណូល​បាន​តិច​តួច​សម្រាប់​តែ​ការ​ចំណាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​អាច​សន្សំ​ទុកថែម​ទៀត។​»​​គាត់​បាន​បន្ថែម​ថា ​«​ក្នុង​រយៈពេល​១០​ខែ​មក​នេះ​ចេញពី​ការលក់​មាន់​ខ្ញុំ​អាច​រក​កំរៃ​បាន​២៥០ដុល្លា។»​

លោកស្រី​ហេង​ ឡៅ បាន​មាន​ប្រសាសន៍​ថា​លោក​ស្រី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងនៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹ​ម​ដោ​យ​ក្នុង​នោះ​មាន​ទាំង​ការ​គ្រប់គ្រង​មាន់​និង​វិធី​សាស្ត្រ​នៃ​ការ​បង្កា​និង​ព្យាបាល​ជំងឺ​ជា​ដើម។

​ទាក់ទិនទៅនឹង ភាព​ជោគជ័យ​នៃ​របរ​ចិញ្ចឹម​មាន់​នេះ​ លោក​ស្រី​ក៏បានចែក​រំលែកថា​       ការ​ចិញ្ចឹម​មាន់​របស់​គាត់​គឺ​ គាត់​ធ្វើ​ការ​បំបែក​កូន​មាន់​និង​មេមាន់​ដាច់​ដោយឡែកពី​គ្នា​ហើយ​មាន់ទាំ​ង​នោះគឺ​រក្សា​នៅ​កន្លែង​សមរម្យ​និង​ស្អាត​បាត​។​ ជា​ពិសេស​បំផុត​គឺ​ការ​ផ្តល់​ចំណី​មាន់​ឲ្យ​បាន​គ្រប់​គ្រាន់​និង​មាន​គុណភាព​។​

គួរ​បញ្ជាក់​ថា​ក្រោម​ការ​បណ្តុះ​បណ្តាល​របស់​កម្មវិធី​ASPIREនៅ​ក្នុង​កម្មវិធី​សាលារៀន​ស្រែក​សិករ​គឺ​កសិករ​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​ដែលមាន​ទាំង​​​បទបង្ហាញយ៉ាងច្បាស់​ពី​គោលគំនិត​នៃ  ​ការ​បណ្តុះ​បណ្តាល​         គោល​បំណង​​ នៃ​ការ​បណ្តុះ​បណ្តាល​ សកម្មភាព​នៃ​គម្រោង​ និង​បចេ្ចកទេសនៃ​    ការ​ដាំដុះ​ក៏​ដូចជា​ការ​ចិញ្ចឹម​មាន់ជា​ដើម៕