អត្ថបទ៖​ លោក​ សាន់​ ប៉ុន​​​
កែសំរួល​ដោយ៖ លោក​ ជឹម លីនណា

លោក ​រឿត ជឹង មាន​អាយុ​ ៣៨​ឆ្នាំ​ ជា​កសិករ​ធ្វើចំការបង្ហាញដំណាំសាលាដ​​ នៅ​ក្នុង​ភូមិពព្រែកស្នោ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ​ ខេត្តបាត់​ដំបង។​ លោករឿត ជឹង ​រស់​នៅ​ជា​មួយ​នឹង​សមាជិកគ្រួសារ​ចំនួន៧នាក់ហើយ​ពួកគាត់​គឺ​ពឹង​ផ្អែក​លើ​របរ​ធ្វើ​ស្រែ​និង​ការដំាបន្លែ​នេះជា​ប្រភពចំណូល​សម្រាប់ជា​ការ​​ចិញ្ចឹម​ជីវិត​​ស្ទើរ​តែ​ទាំង​ស្រុង​តែ​ម្តង​។​

ក្នុ​ង​កំឡុង​ពេលកន្លងមក និង​មុន​ពេល​ចូល​រួម​ជា​មួយ​កម្មវិធី​ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែល​ធន់ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ(ASPIRE) លោករឿត ជឹង បាន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ដំាបន្លែដូចជា ត្រសក់ផ្អរ សណ្តែកកួរ ខាត់ណាផ្កា ស្ពៃថៃស៊ីម និងសាលាដ ប៉ុន្តែការដាំបន្លែរបស់គាត់គឺធ្វើឡើងតាមទំលាប់ដោយ​ចេះតៗគ្នានិង មិនធា្លប់រៀនពី ស្ថាប័នឬ អង្គការណាមួយនោះទេហើយទិន្នផលវិញ​ក៏​មិនជាទីគាប់ប្រសើរ​ផងដែរ។

លោក​ រឿត ជឹងបាន​មាន​ប្រសាសន៍​ថា​«សម្រាប់ដំណាំសាលាដគឺជាញញឹកញាប់ទទួល​រង​ការ​ខូច​ខាត​ដោយសារ​តែមានជំងឺផ្សិតមក​យាយី​ហើយ​សម្រាប់ការ​ដាំណាំផ្សេងៗទៀត​ក៏​មិនបានផលច្រើនដែរ។ ហើយសម្រាប់ទិន្នផលវិញ គឺធ្លាក់ចុះ រហូត ម្យ៉ាងទៀត គឺធ្វើការចំណាយ​ច្រើន​ទៅលើជី គីមី និងថ្នាំកសិកម្ម ដែលធ្វើឲ្យខាតកាន់តែច្រើនឡើង ។​»

លោក​រឿត ជឹង បាន​មាន​ប្រសាសន៍​បន្ថែមថា​«កាដាំបន្លែ នា​ពេល​នោះ​គឺ​ធ្វើ​ឡើងតាមរយៈការចេះតៗគ្នាតែប៉ុណ្ណោះ ទិន្នផលក៏ទាប ប្រាក់​ចំណូល​ក៏ទាប ជួបការលំបាកក៏ខ្លាំង ប៉ះពាល់សុខភាពក៏មាន​ ហើយ ពេលខ្លះខាតច្រើននាំឲ្យអស់ទឹកចិត្តនឹងធ្វើបន្តទៀត។​»​

នៅ​ដើមខែមករាឆ្នាំ២០១៧កម្មវិធីផ្សព្វផ្សាយ​បច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) បានពង្រីកតំបន់គោលដៅទៅស្រុកឯកភ្នំ​បន្ថែមលើស្រុកចាស់​ដែល​មាន​ស្រាប់ចំនួន៨ក្នុងខេត្ត​បាត់ដំបង។ កម្មវិធីក៏បានជ្រើរើសក្រុមកសិករសិក្សាខ្នាតតូចដើម្បីចូលរួម​ការបណ្តុះបណ្តាលនៅ​សាលារៀន​ស្រែកសិករ​នៅក្នុង​ភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង​ ដែលបាន​ចាប់​ផ្តើ​ម​ធ្វើ​ការ​បណ្តុះ​បណ្តាលរយៈពេលជិត៥ខែចាប់ពីខែ​សីហាឆ្នាំ​២០១៧។ ការបណ្តុះបណ្តាលគឺធ្វើឡើង​បន្ទាប់ពីមាន​​ការ​សិក្សា​ទៅ​លើ​តម្រូវ​ការ​របស់កសិករ​នៅ​ឯភូមិព្រែកស្នោ​ហើយ​ប្រធានបទចំនួន​ពីរ​ក៏​ត្រូវ​បាន​ជ្រើសរើស​ឡើង​ក្នុងនោះ គឺមានស្តីពី​​ការ​សិក្សា​ពី​ការ​ធ្វើ​ស្រែ​បង្ហាញហើយនិង​ការ​ដំាដំណាំបន្លែ​។​​សម្រាប់ប្រធានបទទាំង​នេះ​គឺ​ហាក់​ដូច​ជា​ត្រូវ​ទៅ​នឹង​​អ្វី​ដែល​លោក​រឿត ជឹងកំពុង​តែជួបបញ្ហាប្រឈម និងកំពុងអនុវត្ត​ឡើង​ជា​ប្រចាំ​តែ​ម្តង​។​​

កម្មវិធី​សាលារៀន​ស្រែ​កសិករ​នេះ​គឺ​មាន​កសិករ​ចំនួន​២៥គ្រួសារបាន​ចូល​រួមទទួល​ការ​បណ្តុះ​បណ្តាល​ហើយ​ក្នុង​ចំណោម​កសិករ​ទាំង​អស់​នោះក៏​មាន​វត្ត​មាន​លោក​រឿត ជឹង បាន​ចូល​រួម​ម្នាក់​ផង​ដែរ។​

ជា​មួយ​នឹង​បទ​ពិសោធន៏​ក្នុងការ​អនុវត្ត​និង​ការ​បង្ហាញ​ឲ្យ​ឃើ​ញ​ពី​ឆន្ទះ​របស់​លោក​រឿត ជឹង ហើយទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​រកសិករ​ដទៃ​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​ក្រុមកសិករ​សិក្សាខ្នាតតូចហើយ​រូបគាត់​​ក៏​ត្រូវ​បាន​​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​កសិករ​ដំាដំណាំបង្ហាញក្នុងនោះមានដំណាំសាលាដ និងខាត់ណាផ្កា(ស្ពៃផ្កា) ​ប្រចាំ​ភូមិព្រែកស្នោ ​ ក្នុង​ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ក្នុង​ខេត្ត​បាត់​ដំបង។​

លោករឿត ជឹង​ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​វគ្គសិក្សា​នៃ​សាលារៀន​ស្រែក​សិករ​ទៅ​លើ​ប្រធានបទដែល​ជា​ចំណង់​​    ចំ​ណូល​ចិត្ត​របស់​គាត់​គឺ​កាដាំដំណាំបន្លែ។​ ឆ្លងកាត់​ការ​បណ្តុះ​បណ្តាល​ពី​បច្ចេកទេស​នៃ​ការដំាដំណាំបន្លែ​អស់​រយៈពេល​១៨​​សប្តាហ៍គាត់​ក៏​យក​ទៅ​អនុវត្ត​នៅ​ចំការ ​របស់​គាត់​ហើយ​ក៏​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​។​ លោករឿត ជឹង បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ទេរចំណេះដឹង ជំនាញ បទពិសោធន៍​ល្អៗ​សម្រាប់កសិករ ជាពិសេសគឺជា មេរៀនដែលដាំដំណាំបន្លែសុវត្ថិភាព ដូចជាការធ្វើជីកំប៉ុស្តិ៍គោក ជីកំប៉ុស្តិ៍ទឹក ថ្នាំកំចាត់ សត្វល្អិតផ្សំដោយធម្មជាតិ(ថ្នាំពុលធម្មជាតិ) ជីទឹកម្នាស់ និងថ្នាំធម្មជាតិជាច្រើនមុខទៀត។ ការអនុវត្តបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនេះ អាចធ្វើឲ្យរូបគាត់ និងក្រុមគ្រួសារ មានជីវភាពរីកចំរើន​ និងមានសុខភាពល្អតាមរយៈការទទួលទាន​បន្លែដែលដាំខ្លួនឯង​និងប្រកបដោយសុវត្តិភាព។​

ការដាំដុះដំណាំ សាលាដរបស់គាត់ដែលធ្លាប់តែទទួលបានផលតិចតួច​តែពេលនេះគាត់​ បានទទួលទិន្នផលរហូតដល់ទៅ១៧០០គីឡូក្រាមក្នុងរយៈពេល២ខែហើយលក់បាន៧៤៨ដុល្លារ កាលនោះ​តម្លៃជាមធ្យម​១៧៦០រៀល​ក្នុង​មួយ​គីឡូក្រាម។​ ការទទួល​បាន​ចំណូល​កើន​ឡើង​និង​ចំណូលជា​ប្រចាំបែប​នេះ​នាំ ឲ្យគ្រួសាររបស់លោកអាចទិញបានមេគោមួយក្បាលតម្លៃ៦០០ដុល្លាហើយ ពេលនេះមេគោនេះក៏មានផ្ទៃពោះ ៦ខែដែលនឹងអាចបង្កើត​កូន​មួយ​បន្ថែមទៀត។​

លោក​រឿត ជឹងបាន​បានថ្លែងថា គាត់នឹងក្រុមគ្រួសារពិតជាមានសេចក្តី​រីករាយ​សប្បាយចិត្តណាស់​ព្រោះថារកម្មវិធីASPIREបានជួយនិង ធ្វើឲ្យគាត់និងក្រុមគ្រួសារបានផ្លាស់ប្តូរ ស្ថានភាពគ្រួសារធូរធារនិងគ្រាន់បើ​ជាងមុនច្រើន​។

ការ​វិវឌ្ឍចេញ​ពី​របរ​ដំាបន្លែ​ចេះតៗគ្នា មកដំាបន្លែតាមបច្ចេកទេសពីគ្រូជំនាញនេះពិតជាមានភាពខុសគ្នាឆ្ងាយណាស់ ទំាងសុខភាព ទិន្នផល និងប្រាក់ចំណូល ពេលនេះគាត់កំពុងតែដំាខាត់ណាផ្កា(ស្ពៃផ្កា) ក្នុងផ្ទៃដីធំ ២០០០ម៉ែត្រការ៉េ​ដែល​អាច​ឲ្យ​គាត់​បាន​​ក្លាយ​ទៅ​ជាកសិករ​កម្រិត​អាជីវកម្ម​និង​អាច​ជួយ​ទំនុក​បំរុង​ដល់​ជីវភាព​គ្រួសារ​របស់​គាត់​កាន់​តែប្រសើរ​​ ​ ឡើង​នៅ​​ពេល​ខាងមុខមួយកំរឹតទៀត​​។​

លោក រឿត ជឹង បានបញ្ជាក់​ថា​ក្រោម​ការ​បណ្តុះ​បណ្តាល​របស់​កម្មវិធី​ASPIREនៅ​ក្នុង​កម្មវិធី​សាលារៀន​ស្រែក​សិករ​គឺ​កសិករ​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​ដែលមាន​ទាំង​​​បទបង្ហាញយ៉ាងច្បាស់​ពី​គោលគំនិត​នៃ​ការ​បណ្តុះ​បណ្តាល​ គោល​បំណង​នៃ​ការ​បណ្តុះ​បណ្តាល​ សកម្មភាព​នៃ​គម្រោង​ និង​បចេ្ចកទេសនៃ​ការ​ដាំដុះ​ដំណាំបន្លែហើយពិសេស​គឺជាការយកមកអនុវត្តផ្ទាល់​និង​ពិនិត្យ​តាមដាន​ផ្ទាល់​​លើ​ខ្សែសង្វាក់នៃ​ការ​ដាំដុះ​នៃ​តែ​ម្តង។