ដំណើរទស្សនកិច្ច​ឯកឧត្តមរដ្ឋមន្ត្រីទៅកាន់ខេត្ត​គោលដៅ​កម្មវិធីASPIRE | ASPIRE CAMBODIA

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អបដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀតធ្វើទស្សនកិច្ចនៅ កសិដ្ឋានកសិកម្មចម្រុះនិងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុរបស់កសិករឈ្មោះគង់ ឃីនិងបណ្តុំកសិករដាំដុះបន្លែស្ថិតនៅភូមិឬស្សីដួច ឃុំបន្ទាលព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទត្រូវនឹងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩នេះ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់គឺធ្វើឡើងដើម្បីពិនិត្យមើលដោយផ្ទាល់នូវសមិទ្ធិផលសំខាន់ៗនៃការងារកសិកម្មនៅខេត្តកំពង់ឆ្នាំងដែលជាខេត្តគោលដៅមួយរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា(ASPIRE) [Agriculture Services Programme for Innovation, Resilience &Extension] និងគម្រោងកសាង សមត្ថភាពបន្ស៊ាំតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទក្នុងប្រទេសកម្ពុជាហៅកាត់ថា(S‐RET) [Building Adaptive Capacity through the Scaling‐Up of Renewable Energy Technologies in Rural Cambodia]។

សកម្មភាពជាចំបងៗនៃដំណើរទស្សនកិច្ចក៏មានការពិនិត្យមើលនូវការបង្កើនការអនុវត្តបច្ចេកវិទ្យា កសិកម្មដែលធន់នឹងអាកាសធាតុ ដូចជាការត្រងនិងការប្រមូលទឹកទុក ការពិនិត្យទៅលើប្រព័ន្ធផលិតកម្មកសិកម្មចម្រុះដូចជាដំណាំចម្រុះ ការចិញ្ចឹមត្រី ការចិញ្ចឹមបង្កងនិងការចិញ្ចឹមមាន់ ហើយក៏មានការពិនិត្យទៅលើបច្ចេកវិទ្យាថាមពលកកើតឡើងវិញមានដូចជាម៉ាស៊ីនបូមទឹក ម៉ាស៊ីនសម្ងួត ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ និងម៉ាស៊ីនកិនចំណីសត្វជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក៏ចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងសមាជិក៤៣នាក់នៃបណ្តុំកសិករដាំបន្លែ មានដូចជាស្ពៃ ខ្ទឹមស ត្រសក់ សណ្តែកកួរនិងដំណាំជាច្រើនមុខផ្សេងទៀតដែលពួកគាត់គឺមានផែនការដាំដុះច្បាស់លាស់ទៅតាមរដូវកាល ហើយបណ្តុំនេះត្រូវបានសម្របសម្រូលអនុវត្តដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំងដែលមានចំងាយ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញគឺមានប្រជាជនចំនួន៥២៥.៩៣២នាក់ហើយប្រមាណ៧៧%គឺប្រកបរបរកសិកម្ម។ ក្នុងចំណោមស្រុកចំនួន៧និងក្រុង១ក្នុងខេត្តកំពង់ឆ្នាំងកម្មវិធីASPIRE ធ្វើការលើស្រុកទាំង៧ដែលមានឃុំចំនួន៦៦ ហើយគិតពីឆ្នាំ២០១៦រហូតមកដល់ឆ្នាំ២០១៩នេះកម្មវិធីគឺមានការចូលរួមពីកសិករបានចំនួនជាង១ម៉ឺននាក់ហើយពួកគាត់ក៏ជាសមាជិកសហគមន៏កសិកម្មផងដែរ។ នៅក្នុងខេត្តកំពង់ឆ្នាំងនេះកម្មវិធីSPIRE បានផ្តល់សេវាផ្សព្វផ្សាយនិងបណ្តុះបណ្តាលទៅដល់កសិករនូវបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបង្ហាញតាមរយៈការអនុវត្តផ្ទាល់ផ្នែកកសិកម្មដល់កសិករ ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដែលមានទាំងការចិញ្ចឹមសត្វ ការដាំបន្លែនិងការធ្វើស្រែហើយនិងការចងក្រងក្រុមផលិតដើម្បីឈ្ពោះទៅរកទីផ្សារជាដើម។

Copy link
Powered by Social Snap