ឈ្នះទាំងអ្នកអនុវត្តកម្មវិធី ឈ្នះទាំងម្ចាស់ជំនួយនិងឈ្នះទាំងកសិករខ្មែរ | ASPIRE CAMBODIA

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រែអាកាសធាតុ(ASPIRE)បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តកម្មវិធីASPIRE ឆ្នាំ២០២០ដែលគ្រោងប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃពេញ។

កិច្ចប្រជុំដែលមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីASPIRE គឺត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជា នាយកនៃកម្មវិធីASPIRE និងគម្រោង S-RET និងលោកKaushik Barua ជាប្រធានកុ្រមបេសកកម្មនិងជានាយកកម្មវិធីប្រចាំប្រទេសនៃមូលនិធីIFAD។

នៅក្នុងកិច្ចប្រជុំក្រោមវត្តមានអ្នកចូលរួមជាង៨០នាក់ លោកKaushik Barua បានថ្លែងបង្ហាញនូវចំណាប់អារម្មណ៍ទៅដល់អង្គប្រជុំទាំងមូលថារូបលោកនិងក្រុមការងារសូមថ្លែងអំណរគុណទៅដល់គណៈគ្រប់គ្រងASPIRE ទៅដល់បុគ្គលិកអ្នកអនុវត្តកម្មវិធីទាំងអស់ ទៅដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទៅដល់គ្រប់អ្នកពាក់ព័ន្ធដែលបានបង្ហាញនូវឆន្ទៈពិតក្នុងការជំរុញឲ្យការអនុវត្តកម្មវិធីមានដំណើរឈ្ពោះទៅមុខ។

លោកKaushik Baruaបានបន្ថែមទៀតថាតាមរយៈរបាយការណ៍នៃការវាយតំលៃរបស់ក្រុមបេសកកម្មIFADពីថ្ងៃទី០៣ខែតុលាដល់ថ្ងៃទី២១ខែតុលាគឺបានបង្ហាញថាកម្មវិធីASPIREដើរលើផ្លូវត្រូវនិងស្ថិតក្នុងល្បឿននៃការរំកិលទៅមុខយ៉ាងល្អហើយក្នុងបរិបទនេះក្រុមការងារASPIREគឺគួរតែអាចសំរាកនិងមានអារម្មណ៍សុខស្រួលតែផ្ទុយទៅវិញក្រុមការងារនឹងនៅតែបន្តការងាររបស់ខ្លួនហើយកាន់តែខិតខំបំពេញការងារឲ្យកាន់តែខ្លាំងឡើងថែមទៀតផងដែរ។

នៅក្នុងអង្គប្រជុំទាំងមូល លោកKaushik Barua ក៏បានញ្ជាក់ដែរថាASPIRE គឺជាកម្មវិធីមួយដែលមានសារៈសំខាន់ណាស់ហើយក៏នឹងបង្កើតឲ្យមាននូវភាពជោគជ័យយ៉ាងសម្បើមតាមរយៈការបង្កើតនូវគោលនយោបាយ ការរៀបចំឲ្យមាននូវបណ្តុំគំនិតនិងគោលការណ៏ដើម្បីឲ្យសំរេចបានជាផលនិងជាពិសេសគឺជួយជំរុញដល់គោលនយោបាយជាតិក្នុងការបង្កើននូវប្រាក់ចំណូលរបស់ប្រជាកសិករឲ្យបានដល់​៤៥០០ដុល្លាក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៣០។

ថ្លែងបើកកិច្ចប្រជុំឯកឧត្តមបណ្ឌិតនាយក មាស ពិសិដ្ឋ បានបញ្ជាក់ថាភាពជោគជ័យនៃកម្មវិធីនិងគម្រោងគឺជាភាពជោគជ័យនៃអ្នកគ្រប់គ្នាហើយក៏ជាការទទួលបាននូវផលឈ្នះៗទាំងអស់គ្នាដែលរួមមានទាំងអ្នកអនុវត្តកម្មវិធី/គម្រោង ម្ចាស់ជំនួយនិងប្រជាកសិករខ្មែរផងដែរ។

ឯកឧត្តមបណ្ឌិតនាយកក៏បានជម្រាបជូនអង្គប្រជុំទាំងមូលដែរថាឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើទោះបីជាលោកមានការរវល់ខ្លាំងយ៉ាងណា ក៏ឯកឧត្តមរដ្ឋមន្ត្រីតែងតែសួរនាំពីការអនុវត្តកម្មវិធីASPIREនិងតម្រង់ទិសធ្វើយ៉ាងណាឲ្យកម្មវិធីASPIRE កាន់តែមានភាពប្រសើរខ្លាំងឡើងថែមទៀត។

មុនចាប់ផ្តើមនូវកិច្ចភិក្សាក្នុងអង្គប្រជុំស្តីពីកិច្ចការងារដែលត្រូវអនុវត្តដោយកម្មវិធីASPIREនៅឆ្នាំ២០២០ខាងមុខនេះ ឯកឧត្តមបណ្ឌិតនាយកបានបញ្ជាក់បន្ថែមទៅអង្គប្រជុំទាំងមូលជាការរំលឹកថាកម្មវិធីASPIRE គឺនឹងរៀបចំឲ្យមានជាគំរូនិងរបៀបនៃការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការធានានូវនិរន្តរភាពរបស់កម្មវិធីដែលអាចបន្តផ្តល់ផលច្រើនដល់កសិករបើទោះបីជាគ្មានការគាំទ្របន្តពីម្ចាស់ជំនួយ ការផ្តល់បច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនិងបន្ថែមពីលើនេះគឺការគិតគូរពីការសាយភាយដោយវិវត្តចេញពីការធ្វើកសិកម្មសម្រាប់ផ្គត់ផ្គង់គ្រួសារទៅជាការការធ្វើកសិកម្មដែលអាចយកលក់ទៅទីផ្សារនិងបង្កើនប្រាក់ចំណូលក្នុងគ្រូសារ។

ឯកឧត្តមបណ្ឌិតនាយកក៏បានសង្កត់ធ្ងន់ដែរថាសម្រាប់ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគឺត្រូវធ្វើឡើងដើម្បីធានាឲ្យប្រជាកសិករដោះស្រាយបានពីបញ្ហានៃការប្រែប្រួលអាកាសធាតុហើយសំណង់ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯងក៏ត្រូវសាងសង់ឡើងដោយធន់ទៅនឹងការប្រែប្រូលអាកាសធាតុផងដែរ។

គួរបញ្ជាក់ថាកិច្ចប្រជុំអំពីការអនុវត្តកម្មវិធីASPIRE ឆ្នាំ២០២០នេះគឺចាប់ផ្តើមឡើងនៅថ្ងៃទី២៤ខែតុលាហើយនឹងបញ្ចប់កិច្ចពិភាក្សានៅល្ងាចថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៩៕

Copy link
Powered by Social Snap