ចំណេះ​ជំនាញ​ច្បាស់​បង្កើត​ក្តីសង្ឃឹម​និងលំនឹង​នៃជីវិត | ASPIRE CAMBODIA

ក្រឡេក​មើល​​ទៅ​កាន់​​​រង​បន្លែ​​ខាត់ណា​ជាមួយនឹង​ទឹក​មុខ​​ស្រស់ស្រាយ លោកស្រី តាន់​ សេងលី អាយុ៤៥ឆ្នាំ​គឺ​ជា​​កសិករបង្ហាញ​មួយ​រូប​​របស់​​កម្មវិធី​​​​​​ ASPIRE​ ហើយ​គាត់​ដាំបន្លែ​ខាត់ណា​លើ​ផ្ទៃដី​​៣០០​ម៉ែត្រ​​ក្រឡា​​ស្ថិត​​ក្នុង​​ភូមិ​​ស្រឡុង ​ឃុំ​ស្វាយលើ​​ ស្រុក​​កណ្តៀង​នៃ​​​​ខេត្ត​​ពោធិសាត់​។​

ទំហំ​ផ្ទៃដី​ប៉ុណ្ណេះ​​​​ លោកស្រី​គឺអាច​​ប្រមូល​ផល​បន្លែ​​បាន​​​​ ប្រមាណ​​ពី​​៥០០គីឡូក្រាម​​​​​ទៅ​៥៥០គីឡូក្រាម​​ជារៀងរាល់​ខែ​​ហើយសម្រា​ប់​បន្លែ​​​របស់​លោក​ស្រី​ក៏​អាច​លក់ ​ក្នុងទីផ្សារ​ ដោយ​បាន​​ប្រាក់​កំរៃ​ប្រមាណជា​១០ម៉ឺន​រៀលឬ​ប្រមាណជា​២៥​ដុល្លារ​ក្នុង​១​ថ្ងៃ​។​

 

លោកស្រី​សេងលី​បាន​​​​មាន​​​​​ប្រសាសន៍​ថា  ​​​«​បើគ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពីក្រុម​ហ៊ុនមិត្ត​កសិករ​ចំណានដែល​ជា​ដៃ​គូសហការ​ជា​មួយ​កម្ម​វិធី ​ASPIRE ទេ​ នោះខ្ញុំ​ក៏​ប្រហែ​លជា​មិន​អាច​មាន​ដូច​ថ្ងៃនេះ​ដែរ។​ពី​មុន​ការ​ដាំ​បន្លែ​របស់​ខ្ញុំ​គឺ​លូតលាស់​មិន​បាន​ល្អ​នោះទេ​ហើយ​ខ្ញុំ​អស់​សង្ឃឹម​និងស្ទើរ​ តែ​ឈប់​បន្ត​ការ​ដាំដុះ​ថែមទៀត​ផង។​​»​

មិត្ត​កសិករ​ចំណាន​គឺ​ជា​ក្រុម​ហ៊ុន​ដៃគូដោយមានចុះកិច្ច​សន្យា​ជាមួយ​មន្ទីរកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទខេត្ត​ពោធិសាត់​ហើយក្នុងនោះក្រុមហ៊ុនអាចទទួលបាន​ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន​៥០%ពីកម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្មថ្មីដែលធន់ទៅ​នឹ​ង​ការ​ប្រែប្រួលអាកាសធាតុ​ហៅកាត់​ថា​ASPIRE ។​ ក្រុម​ហ៊ុន​នេះ​ក៏​នឹង​ចាប់ផ្តើម​ធ្វើ​លើ​កិច្ច​ការ​ងារ​សេវា​ផ្សព្វផ្សាយ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ជីសរីរាង្គ​តាម​រយៈកា​រ​អនុវត្ត​នូវ​ប្រព័ន្ធ​ជីវអេកូឡូជី  ធម្មជាតិ​ផងដែរ។​

ដោយ​ឆ្លងកាត់​តាម​រយៈការ​ជ្រើសរើសនូ​វ​កសិករដែល​មាន​ចំណាប់អារម្មណ៍​ចេញពីកសិករ​ជា​សមាជិកនៃ​កម្មវិធីASPIRE ក្រុមហ៊ុន​ក៏​បាន​ចាប់​ផ្តើមធ្វើ​ការ​អនុវត្ត​ជាមួយកសិករទៅ​លើ​ដី​ចំនួន​៨​ឡូដិ៍សម្រាប់​ជាការ​បង្ហាញ​ ការ​អនុវត្ត​ផ្ទាល់​និង​ការ​សិក្សា​រៀន​សូត្រ​ក្នុង​ការ​ដាំដុះ​បន្លែ​ផ្សេងៗ​ដែល​អាចនាំឲ្យទទួលបាន​ផលល្អ។​ ក្នុងដី១ឡូដិ៍ដែលមានទទឺង​១៥ម៉ែត្រ​និង​បណ្តោយ​២៥​ម៉ែត្រ​គឺ​ត្រូវ​មាន​ការ​ចូលរួមពី​កសិករចំនួន​២៥​នាក់​។​ដូចនេះ​ដី​៨ឡូដិ៍គឺមាន​ន័យថា​ត្រូវ​មាន​កសិករចូលរួម​ចំនួន​២០០    នាក់។​

អ្នក​ស្រី​តាន់ សេងលី​បាន​បញ្ជាក់​បន្ថែម​ថា​ «មុន​ពេល​ខ្ញុំ​បាន​ចូល​រួម​ជា​មួយ​កម្ម​វិធី​ASPIRE ​ផល​ដំណាំ​បន្លែរបស់​ខ្ញុំ​គឺ​អាច​ត្រឹម​តែបំពេញ​តម្រូវ​ការ​គ្រួសារប៉ុណ្ណោះ។​ហើយនៅ​ពេល​ដែល​ខ្ញុំ​បាន​ក្លាយជា​សមាជិក​នៃ​កម្ម​វិធី​ASPIRE ក្នុង​ឆ្នាំ​២០១៦​និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពី​ក្រុមហ៊ុនមិត្ត​កសិករចំណាន​ ​ពេ​ល​នេះ​ផល​ដំណាំ​របស់​ខ្ញុំ​អាច​ថែមទាំង​យក​ទៅ​លក់​ដល់​ទី​ផ្សារទៀត​ផង។​»

ការ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ហ៊ុនគឺ​កសិករ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ស្តីពីវិធី សាស្ត្រ​នៃ​ការ​រៀបចំដី​ វិធីសាស្ត្រជ្រើសរើសពូជ ​ការ​ប្រើ​ប្រាស់​ជីសរីរាង្គឲ្យបាន​សមរម្យ​ វិធីសាស្ត្រ​នៃ​ការ​បាញ់ថ្នាំសំលាប់សត្វ​ល្អិតចង្រៃ​ និងវិធីសាស្ត្រ​នៃ​ការ​ដាំ​ដុះជា​ដើម​។​ ក្រុម​ហ៊ុន​ក៏​មាន​ការ​រៀបចំកិច្ច​ប្រជុំជា​ទៀងទាត់​ជា​មួយ​នឹង​កសិករ​ទាំង​អស់​នៅ​ក្នុងភូមិ​ដើម្បីជាការ​ចែករំលែក​នូវ​ចំណេះដឹង​និង​ព័ត៌មាន​ស្តីពី​បច្ចេកវិទ្យាថ្មី​ ស្តីពីរបៀប​នៃ​ការ​ប្រើ​ប្រាស់​ជីសរីរាង្គក៏​ដូច​ជា​ផ្តល់​ដំណឹងជូនពួកគាត់​ស្តីពី​ឱកាសនៃ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ពួកគាត់​ផងដែរ។​

អ្នកស្រី​សេងលី​បាន​មាន​ប្រសាសន៍ទៀត​ថា​បន្ទាប់ពីទទួល​ការ​បណ្តុះ​បណ្តាល​ពីការ​ប្រើប្រាស់​ជីសរី  រាង្គ​ពីក្រុមហ៊ុន​និង​យ​ក​ចំណេះដឹង​ទាំងនោះទៅ​  អនុវត្ត​ គាត់​មើលឃើញ​ថា​ដំណាំរបស់​គាត់​គឺ​អាច​ទទួល​បាន​ផល​បី​ដង​លើស​ដើម។​

លោកស្រីបាន​សង្កត់​ធ្ងន់ថា​«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​រក​ចំណូល​បាន​ជារៀង​រាល់​ព្រឹកដូចនេះ។​»​

កម្មវិធី​ASPIRE បាន​ផ្សាភ្ជាប់កិច្ច​សហការ​ជា​មួយ​ក្រុម​ហ៊ុន​មិត្ត​កសិករ​ចំណាន​ដោយ​ចូល​រួម​ផ្តល់ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ឆ្លើយ​តបទៅ​នឹង​គម្រោងផែន​ការ​នៃ​កញ្ចប់ថវិកាចំណាយដែល​មាន​ស្រាប់​របស់​ខ្លួន​។​ហើយ​សម្រាប់​ក្រុ​ម​ហ៊ុន​គឺ​ត្រូវ​ដើរតួរ​ជា​អ្នក​សម្របសម្រួល​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​នៃ​ផលិតកម្ម​បន្លែ​ឈានទៅដល់​ផ្នែក​ទីផ្សារថែមទៀតផង។​ លើ​សពីនេះក្រុម​ហ៊ុន​ក៏​បំពាក់បំប៉ន​សមត្ថ-ភាព​ដល់​ក្រុម​កសិករ​និង​ផ្សារភ្ជាប់ដោយនាំ​យក​អ្នក​ប្រមូល​ទិញ​និង​អ្នក​លក់​នៅ​ទីផ្សា​មក​ដល់​កសិដ្ឋាន​របស់​ពូកគេ​ផងដែរ៕

Copy link
Powered by Social Snap