កិច្ចប្រជុំផ្តើមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍវិស័យកសិកម្មដើម្បីមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធីASPIRE គម្រោងAIMS និងគម្រោងS-RET | ASPIRE CAMBODIA

ឯកឧត្តម​ វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទបាន​ផ្តល់កិត្តិយស​ធ្វើជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​ស្វាគមន៍ក្រុមការងារ​បេសកម្ម​របស់​មូល​និធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍ​វិស័យកសិកម្ម​​(IFAD)នៅ​ក្នុង​សាលប្រជុំ​នាយកដ្ឋាន​សហប្រតិបត្តិការណ៍​អន្តរជាតិនៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៥កើត​​ ខែអស្សុជ ឆ្នាំ​កុរ​ ឯកស័ក ព.ស២៥៦៣​ត្រូ​វ​នឹង​ថ្ងៃ​ទី​០៣ខែ​តុលា​ឆ្នាំ​២០១៩​នេះ​។​   

គោល​បំណង​របស់​ក្រុម​បេសកម្ម​IFAD នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​មើល​ថែ​ និងតម្រង់ទិស​ការ​អនុវត្ត​កម្ម​វិធី​ ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) គម្រោង​ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និង​គម្រោងការកសាងសមត្ថភាពបន្ស៊ាំ​តាមរយៈការ ពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា (S-RET)  ហើយ​បេសកកម្ម​នេះ​គឺ​នឹង​ធ្វើ​ឡើង​ដោយ​មាន​ទាំងការ​ជួប​ប្រជុំជា​មួយ​ដៃ​គូ​ពាក់​ព័ន្ធ​ ការ​ចុះទៅ​ពិនិត្យ​មើល​ផ្ទាល់​ដល់​មូល​ដ្ឋាន​ និង​ការ​សាក​សួរ​ដេញដោលពិនិត្យ​មើល​រក​ចំណុចខ្វះ​ខាត​ក៏​ដូច​ជា​ចំណុចជោគជ័យ​ក្នុង​ការ​អនុវត្ត​កម្មវិធី​និងគម្រោងជាដើម។​

ថ្លែង​មតិ​ស្វាគមន៍​ក្នុង​កិច្ច​ប្រជុំ​ ឯកឧត្តម​ មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ នៃ​ក្រសួងកសិកម្ម​ ​រុក្ខា​ប្រមាញ់​និង​នេសាទ​និងជានាយក កម្មវិធីASPIRE ហើយក៏ជានាយកនៃ​គម្រោងS-Ret បានសំដែង​អំណគុណ​និង​ការ​គោរព​ដល់​វត្ត​មាន​ជា​កិត្តិយស​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ហើយ​ក៏​ឆ្លៀត​ជា​ឱកាស​ដើម្បី​បង្ហាញអង្គប្រជុំទាំង​មូល​នូ​វ​សាវតា​ត្រួស​ៗ​នៃ​កម្ម​វិធី​ASPIRE ក៏​ដូជា​ជា​គម្រោង​S-Ret ផង​ដែរ។​

ឯកឧត្តម​មាសពិសិដ្ឋ​បាន​ថ្លែង​យ៉ាង​ដូចនេះ​ថា«ខ្ញុំ​សូម​ជំរាបជូន​ដល់​អង្គពិធី​ទាំងមូលដែរថា​ក្រុម​ការ​ងារ​របស់​យើងជា​រួម​បាន​ឯកភាពគ្នា​ធ្វើឲ្យ​មាន​ភាពជា​ម្ចាស់​ មានន័យ​ថា​យើង​ចាត់​ទុកគម្រោងកម្ម​វិធីរបស់​យើង​ជា​របស់​យើង​ទាំង​អស់​គ្នា​ហើយ​និង​ប្រឹង​ប្រែង​អោយ​អស់​លទ្ធ​ភាព​ទាំងប្រជា្ញនិងទាំងកំលាំង​កាយ​ចិត្ត​»

លោក​​ Kaushik  Barua  ប្រធានក្រុម​បេសកម្ម​របស់​IFAD ក៏​បាន​ថ្លែង​នូវចំណាប់​អារម្មណ៍ដោយ​លើកឡើង​​ថា​នៅ​ដំណាក់​កាល​នេះ​គឺ​កម្ម​វិធី​និង​គម្រោង​មាន​នូវ​ការ​អនុវត្ត​សកម្មភាព​បាន​ល្អ​ដែ​លមានទាំង​ភាព​ជា​ដៃគូ​ និងមាន​នូវ​ដំណើ​រការ​នៃ​កិច្ច​សហការ​ល្អ​ហើយ​អ្វី​ដែល​IFAD ចង់​ឃើញ​នូវ​ពេល​ខាង​មុខ​ទៀត​នោះ​គឺ​ជា​ការ​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុវត្ត​ក្នុង​ភាព​ជា​ដៃ​គូ​នេះ​ដោយ​មាន​ទាំង​ការ​វាស់​វែង​ប្រៀប​ធៀ​ប​សម្រាប់​វិធី​សាស្ត្រទាំង​ឡាយ​ដែល​យក​មក​អនុវត្ត​ក្នុង​ដំណើរ​ការ​នៃ​កម្មវិធី​និង​គម្រោង​ដើម្បី​ឈាន​ដល់​សម្រេច​នូវ​គោលដៅ​ដែល​បានដាក់ចេញ​មកផងដែរ។

នៅ​ក្នុ​ង​កិច្ច​ប្រជុំ​ដែល​មាន​វត្ត​មាន​អ្នក​ចូល​រួម​ជា​ង​៦​០​នាក់​ ឯកឧត្ត​ម​រដ្ឋ​មន្ត្រី​ក៏​បាន​សំដែង​នូវ​អារម្មណ៍​សាទរ​នូ​វសមិទ្ធផល​ដែល​កម្ម​វិធីនិង​គម្រោង​ទាំង​អស់​ធ្វើ​សម្រេច​បាន​ហើយ​ឯកឧត្តម​ក៏​ចង់​ឲ្យ​គម្រោង​និង​កម្ម​វិធី​បន្ត​កិច្ច​សហ​ការ​គ្នា​វិញ​ជា​ធ្លុង​មួយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​បង្កើន​នូ​វ​ចំណូល​ដល់​កសិករដែល​ធ្វើរបរ​កសិកម្ម​ហើយពិសេស​គឺ​ត្រូវ​ចៀសវាង​បំផុត​ពី​ការ​ចំណាយ​លុយទាំង​ឡាយ​ណា​ដែល​មិន​បាន​ផល​ដោយ​ឯកឧត្ត​ម​រដ្ឋ​មន្ត្រី​បញ្ជាក់​បន្ថែមបែបប្រៀបធៀប​ថា​កម្ម​វិធី​ឬគម្រោ​ង​គឺ​គួរតែផ្តល់​ដង​សន្ទូច​ដល់​កសិករ​ជាជាង​ការ​ផ្តល់​ត្រី​ទៅ​អោយ​គាត់​តែ ម្តង​នោះ។​

ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​បន្ថែមទៀត​ថា​«យើង​ត្រូវ​រួមគ្នា​គិត​ រួមគ្នា​ធ្វើ​និង​រួមគ្នាដោះស្រាយ​ដើម្បី​ឈាន​សម្រេចនូវគោល​ដៅ​របស់​យើង​នា​ពេល​ខ្លីខាង​មុខ​នេះ»​

ក្រុម​ការ​ងារ​បេសកម្ម​IFADសម្រាប់​មើ​ល​ថែ​ និង​តម្រង់​ទិ​ការ​ងារ​អនុវត្ត​កម្ម​វិធី​ASPIRE គម្រោងAIMS  និង​គម្រោងS-RET គឺ​ចាប់​ផ្តើមឡើង​ពី​ថ្ងៃ​ទី​៣ខែ​តុលា​ដល់​ថ្ងៃ​ទី​២១​ខែ​តុលា​ឆ្នាំ​២០១៩​នេះ។​

 

 

Copy link
Powered by Social Snap