កិច្ចប្រជុំគណៈកម្មការដឹកនាំកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) | ASPIRE CAMBODIA

កិច្ច​ប្រជុំ​គណៈកម្មការ​ដឹកនាំ​កម្មវិធីផ្សព្វផ្សាយ​បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹង​ការ​ប្រែប្រួលអាកាសធាតុ​(​ASPIRE) ដើម្បីពិនិត្យ​ និងអនុម័តផែនការសកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨

នៅថ្ងៃអង្គារ​ ៨រោច​ ខែបុស្ស ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី៩​ខែ​មករា​ឆ្នាំ​២០១៨​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានរៀបចំកិច្ច​ប្រជុំ​គណៈកម្មការ​ដឹកនាំ​កម្មវិធីផ្សព្វផ្សាយ​បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹង​ការ​ប្រែប្រួលអាកាសធាតុ​(​ASPIRE) ដើម្បីពិនិត្យ​ និងអនុម័តផែនការសកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨។​

ក្រោម​សហអធិបតីភាព​នៃ​កិច្ច​ប្រជុំ​ពី​សំណាក់​ឯកឧត្តម​ ទី សុគន្ធ​ រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់និងនេសាទនិងជាសហប្រធាននៃគណៈកម្មការដឹកនាំកម្មវិធី​ASPIRE  ​ និងឯកឧត្តម​ ហែម វណ្ណឌី​ អនុរដ្ឋលេខាធិការ​នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ កិច្ច​ប្រជុំជាលើកទី៤​នេះ​គឺ​ស្ថិត​ក្នុងគោ​ល​បំណង​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ទៅលើ​របៀបវារៈមួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. វឌ្ឍនភាពនៃការអនុវត្ត​កម្មវិធី​ASPIRE ក្នុងឆ្នាំ២០១៧

២. ការពិនិត្យ​និងអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨

៣. បញ្ហាផ្សេងៗ

កិច្ច​ប្រជុំ​នេះគឺបាន​ប្រព្រឹត្តឡើងមួយព្រឹកពេញ​ស្ថិត​នៅ​អាគារ​«គ»នៃ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​ហើយ​ក៏មាន​វត្ត​មាន​ចូល​រួម​ពី​សំណាក់​អគ្គនាយក​ អគ្គនាយករង ប្រធាន អនុប្រធានមន្ទី​ នាយក​កម្មវិធី​និង​បុគ្គលិក​បំរើការ​ងារ​លើ​ការ​អនុវត្ត​កម្មវិធី ASPIRE ​ជា​ដើម​ ដែល​មាន​វត្ត​មាន​សរុប​ចំនួន​៤៧នាក់។​

ថ្លែង​បើ​ក​នៃ​កម្មវិធី​កិច្ច​ប្រជុំ​ ឯកឧត្តម​ ហែម​ វណ្ណឌី អនុលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​តាំងនាម​ឲ្យ​ឯកឧត្តម វង្សី វិស្សុតរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និងជា​សហ​ប្រធាន​នៃគណៈកម្មការដឹកនាំកម្មវិធី​ASPIRE ឯកឧត្តម​សូម​ថ្លែង​អំណរគុណ​ទៅ​ដល់​វត្ត​មាន​ឯកឧត្តម​ លោកជំទាវ​ អស់​លោក​ លោក​ស្រី​ដែល​បាន​ចូល​រួម​នៅក្នុង​កិច្ច​ប្រជុំ​នេះ​ហើយ​ឯកឧត្តម​ក៏​បាន​អំណរ​គុណទៅដល់​​មូលនិធិអន្តរជាតិ​សម្រាប់ការ​អភិវឌ្ឍកសិកម្មដែល​ហៅ​កាត់ថា​IFAD ដែល​បាន​ផ្តល់ជា​ហិរញ្ញប្បទាន​ដល់​កម្ម​វិធី​ASPIREក៏​ដូចជា​សកម្មភាព​ការ​ងារ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​មក​ដល់​ពេល​នេះ​ប្រមាណជា​១៩០លាន​ដុល្លា​និង​ជួយ​ដល់​ប្រជាជន​បាន​ប្រមាណជា​១,៣លាន​នាក់។​

ឯកឧត្តម​បានបន្ថែម​ទៀត​ថា​ចាប់​តាំងពីការ​ចាប់ផ្តើម​នៃ​កម្មវិធី​ASPIRE កាលពី​ឆ្នាំ​២០១៥​មក​ហើយ​រហូត​មក​ដល់​ពេ​ល​នេះ​គឺ​កម្មវិធី​បាន​ចាប់​ផ្តើម​ជិតដល់​ពាក់​កណ្តាល​អណត្តិ​របស់​ខ្លួន​ហើយ​ ហេតុដូច​នេះ​សម្រាប់​កិច្ច​ប្រជុំ​លើកទី៤​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​មាន​ភាព​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​ទាំង​បី​លើក​កន្លង​មក​ហើយ​ភាព​ដោយ​ឡែក​នោះ​គឺ​មាន​ន័យ​ថា​មិន​ត្រឹម​តែ​ពិនិត្យ​មើល​លើវឌ្ឍនភាព​និង​សមិទ្ធិផល​ដែល​សម្រេច​បានឆ្នាំ​២០១៧​និង​ផែន​ការ​បន្ទាប់​នៅ​ឆ្នាំ​២០១៨​​ប៉ុណ្ណោះទេ​ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ការ​ពិនិត្យ​និង​វាយ​តំលៃ​ឲ្យ​មាន​វិសាលភាព​ទូលំទូលាយជាងនេះពោលគឺ​ពិនិត្យបន្ថែម​លើ​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​ការអនុវត្ត​ជិត​បី​ឆ្នាំ​មក​នេះផងដែរ​។​

​ឯកឧត្តម ទី សុគន្ធ​ រដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​បាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​នេះ​ឲ្យ​បាន​ដំណើរ​ការ​តាម​ការ​គ្រោង​ទុក​ ហើយ​ឯកឧត្ត​ម​ក៏​សូម​អរ​គុណ​ផង​ដែរដល់​វត្ត​មានដ៏មាន​តំលៃ​​របស់​អ្នក​ចូល​រួម​ទាំង​អស់​នៅ​ក្នុង​កិច្ច​ប្រជុំ​លើ​ក​ទី៤​នេះ​។​

ឯកឧត្តមបាន​បន្ថែម​ថា​​គិត​មក​ត្រឹម​បំណាច់​នៃ​ឆ្នាំ​២០១៧​​ចូល​ឆ្នាំ​២០១៨​នេះ​កម្មវិធី​ASPIRE គឺ​បាន​ធ្វើ​ដំណើរ​ដល់​ជិត​បាន​ពាក់​កណ្តាល​អណត្តិ​របស់​ខ្លួន​ ហើយ​កម្មវិធី​នេះ​ក៏​ឃើញ​មាន​ការ​រីក​ចំរើន​ហើយ​ក៏​មាន​ភាព​យឺ​ត​យ៉ាវ​ខ្លះ​ដែរ​តាម​ដែល​អ្វី​ដែល​ក្រុម​វាយ​តំលៃពាក់កណ្តាលអណត្តិដែលជា​ក្រុម​​ឯករាជ​របស់​​IFAD​បាន​រក​ឃើញ​កន្លង​មក​។ហើយឯកឧត្តម​​ ក៏បាន​សង្កត់​ធ្ងន់​ដែរថា​ប្រសិន​បើ​ការ​អនុវត្ត​កម្មវិធី​មាន​ការ​ចំណាយ​ថវិកា​អស់​តិច​ហើយ​បាន​ស្តែង​ចេញ​ជា​លទ្ធផល​បាន​ច្រើន ​នោះ​មាន​ន័យ​ថា​ការ​អនុវត្ត​បាន​បែប​នេះ​គឺ​ជា​សញ្ញា​មួយ​ដ៏​ល្អ​។​

បន្ទាប់ពី​ថែ្លង​បើ​ក​កិច្ច​ប្រជុំ​ជា​ផ្លូវ​ការ​ពី​សំណាក់​ឯកឧត្តម​សហ​អធិបតីមក​ កម្មវិធី​បន្ទាប់គឺ​ជា​ការ​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​លោក​ ហុក គឹមធួន​ ប្រធាន​ក្រុមគាំទ្រលេខាធិការដ្ឋាន​នៃ​កម្មវិធី​ASPIRE ស្តីពី​វឌ្ឍនភាព​និង​ការ​សម្រេច​បាន​ក្នុង​ការ​អនុវត្ត​កម្មវិធី​ASPIRE កន្លង​មក​។​

ហើយ​លោក​បណ្ឌិត​ មាស ពិសិដ្ឋ ជានាយក​នៃ​កម្មវិធី​ASPIRE ក៏​បាន​ធ្វើបទបង្ហាញ​ដោយពន្យល់​លំអិត​ទៅ​លើ​របាយការណ៍​ដែល​រកឃើញ​ដោយ​ក្រុម​វាយ​តំលៃ​ពាក់​កណ្តា​ល​អណត្តិ​ដែលជា​ក្រុម​ឯករាជ​របស់​IFADនោះ។

លោក​ ម៉េង សក្តិភូសិត ជាមន្ត្រី​តំណាង​IFAD ប្រចាំនៅ​កម្ពុជា​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពីលទ្ធផលនៃ​ការ​វាយ​តំលៃ​ពាក់កណ្តាល​អណត្តិ​និង​អនុសាសន៍​សម្រាប់ទិសដៅ​បន្ត​ឆ្នាំ​២០១៨​-២០២១។​

ហើយការ​ដេញ​ដោល​និង​សំណួរ​ចំលើយគឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​នៃ​ការ​ធ្វើ​បទ​បង្ហា​ញ​នី​មួយ​ៗ​នៅ​ក្នុង​អង្គប្រជុំ​នេះផងដែរ។​

Copy link
Powered by Social Snap